ពពួក​ត្រី​រៀល ត្រូវបាន​គេ​ចាត់ទុកថា​មាន​សារៈសំខាន់ សម្រាប់​ប្រជា​ជាន​រស់នៅក្នុង​តំបន់​
ពីនេះ ពីនោះ / មិនយល់...!
ពពួក​ត្រី​រៀល ត្រូវបាន​គេ​ចាត់ទុកថា​មាន​សារៈសំខាន់ សម្រាប់​ប្រជា​ជាន​រស់នៅក្នុង​តំបន់​
17, Jan 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ពពួក​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី ជា​ប្រភេទ​ត្រី​តូចៗ ពិសេស «​ត្រី​រៀល​» តាម​ការប៉ាន់ប្រមាណ ប្រហែល ៤០ ទៅ ៧០​ភាគរយ នៃ​ចំនួន​ត្រី ២,៥ លាន​តោន ដែលជា​ផល​ចាប់​ត្រី​សរុប​ប្រចាំឆ្នាំ ពី​អាង​ទន្លេមេគង្គ​។ ជា​រៀងរាល់ឆ្នាំ នៅ​គន្លង «​ដាយ​ត្រី​» ទាំង​១៥​គន្លង នៅតាម​បណ្តោយ​ដង​ទន្លេសាប ចាប់ពី​ភ្នំពេញ ដល់​ខេត្តកំពង់ឆ្នាំង ប្រជាជន​កម្ពុជា មកពី​គ្រប់ទិសទី បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​ត្រី​ប្រហុក ត្រីឆ្អើរ ផ្អក ឬ ម៉ាំ ទុក​សម្រាប់​រដូវ​ខ្សត់​ត្រី​។



ក្នុងនោះ ក៏មាន​ក្រុម​ឈ្មួញកណ្តាល ដែល​តែងតែ មកឈរ​ចាំ​ទិញ​ផ្ទា​ល់ពី​ទីតាំង​នេសាទ «​ដាយ​ត្រី​» នៅក្នុង​ទន្លេសាប​តែម្តង​។ ក្រុម​ឈ្មួញ​ទាំងនោះ នឹង​ដឹកជញ្ជូន​ត្រី​តាម​ទូក​យកទៅលក់​បន្ត​ឲ្យ​អ្នក​ដែល​មក​ធ្វើ​ត្រី​ប្រហុក​នៅ​មាត់ច្រាំង​ទន្លេសាប ឬក៏​យកទៅ​លក់រាយ​នៅ​ផ្សារ​ត្រី​។ ត្រី​រៀល​តុ​ប ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ (Gymnostomus siamensis) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Siamese mud carp ជា​ប្រភេទ​ត្រី​គោលដៅ ដែល​គេ​និយម​យក​ធ្វើ​ប្រហុក​។

ត្រី​ប្រភេទ​នេះ វា​បានធ្វើ​ចរាចរ​ផ្លាស់​ទី​ជាប្រចាំ​ឆ្នាំ ចេញពី​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប ចាប់ពី​ខែតុលា ដល់​ខែកុម្ភៈ ឆ្ពោះទៅ​ខ្សែទឹក​ខាងលើ​នៃ​ទន្លេមេគង្គ ល្បាក់ខោន​។ ពពួក​ត្រី​រៀល​ទាំងនេះ ត្រូវបាន​គេ​ចាត់ទុកថា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជា​ជាន​រស់នៅក្នុង​តំបន់​។ ការបំពុល​បរិស្ថាន ការបាត់បង់ និង​ការប្រែប្រួល​ទីជម្រក ដោយសារ​ការទន្ទ្រាន ការដុត​បំផ្លាញ​ព្រៃ​លិច​ទឹក​យក​ដី​ធ្វើជា​កម្ម​សិទ្ធ ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​នៅ​រដូវ​ទឹកសម្រក​ក្នុង​បឹង​ទន្លេសាប និង​ការសាងសង់​ទំ​បន់​វារិ​អគ្គិសនី ដែលជា​ផល​រំខាន​ដល់​វដ្ត​នៃ​រដូវប្រាំង​/​រដូវវស្សា នៃ​របប​ទឹក​ដែល​ចូលទៅ​បំពេញ​ផ្ទៃ​បឹង​ទន្លេសាប សុទ្ធតែជា​បញ្ហា​អវិជ្ជមាន ដែល​នឹង​ប៉ះពាល់​ដល់​ជីវិត​មច្ឆជាតិ​ជាខ្លាំង​។

(​អត្ថបទ និង​រូបភាព​ដោយ Chhut Chheana / USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com