អន្តរជាតិ
មហា​យក្ស​ចិន​បន្ត​ក្រសោប​អាហ្វ្រិក ខណៈដែល​លោក ត្រាំ ដៀល​ប្រទេស​អាហ្វ្រិក
18, Jan 2018 , 9:59 pm        
រូបភាព
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំណត់​តំបន់​អាហ្វ្រិក​ជា​គោលដៅ​សំខាន់​នៃ​គោលនយោបាយ​ការបរទេស​ខ្លួន​។ មហា​យក្ស​អាស៊ី​នេះ​ព្យាយាម​ឱបក្រសោប​បណ្តា​រដ្ឋ​អាហ្វ្រិក និង​ព្យាយាម​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​បន្ថែ​ម​ទៀតនៅ​អាហ្វ្រិក​។ ផ្ទុយទៅវិញ​អាមេរិក​ដែល​ធ្លាប់​តែមាន​ទំនាក់ទំនង​ល្អជា​មួយ អាហ្វ្រិក​នោះ កាន់តែ​បាត់បង់​ឥទ្ធិពល និង​ការជឿជាក់​ពី​សំណាក់​រដ្ឋ​អាហ្វ្រិក ចាប់ពី​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​មក​នោះ​។ សម្តី​ប្រមាថ​មើលងាយ​របស់​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​លើ​រដ្ឋ​អាហ្វ្រិក​កន្លងមក​នោះ ក៏​រឹតតែ​ជំរុញ​ឲ្យ​ប្រទេស​អាហ្វ្រិក​ងាក​ចេញពី​អាមេរិក និង​ទៅ​កាន់តែ​កៀក​ចិន​ថែមទៀត​។​



​ទំនាក់ទំនង​រវាង​អាមេរិក និង​អាហ្វ្រិក​ធ្លាប់​ល្អប្រសើរ​ក្រោម​រដ្ឋការ​អាមេរិក​មុនៗ ជាពិសេស​ជំនាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលមាន​ឪពុក​ជា​ជនជាតិ​កេ​ន​យ៉ា​ស្រាប់​នោះ​។ លោក អូ​បា​ម៉ា យកចិត្តទុកដាក់​ចំពោះ​តំបន់​អាហ្វ្រិក​ដោយ​កំណត់​យក​ការរីកចម្រើន និង​ស្ថិរភាព​នៅ​អាហ្វ្រិក​ជា​ស្នូល​នៃ​នយោបាយ​ការបរទេស​របស់លោក​ផង​។ ប៉ុន្តែ​ទំនាក់ទំនង​នេះ​កាន់តែ​ធ្លាក់ចុះ​ល្អក់កករ​ខ្លាំង​ក្នុង​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ ដែល​ត្រូវបាន​គេ​ចាត់ទុកជា​អ្នកនយោបាយ​រើសអើង​ពូជសាសន៍ និង​សាសនា​។

​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​នៅ​មិនទាន់មាន​គោលនយោបាយ​ការបរទេស​ជាក់ច្បាស់​សម្រាប់​ទ្វីបអាហ្វ្រិក​ឡើយ​។ គេ​លឺ​តែ​លោក ត្រាំ និយាយ​តែ​ពី​រឿង​កាត់​ផ្តាច់ជំនួយ ហើយ​អ្វីដែល​រឹតតែ​ធ្ងន់ធ្ងរ​ជាង​នោះ​លោក ត្រាំ ក៏បាន​ប្រមាថមើលងាយ​បណ្តា​រដ្ឋ​អាហ្វ្រិក​កន្លងទៅ​ទៀត​ពេល​និយាយ​ពី​បញ្ហា​អន្តោប្រវេសន៍​នោះ​។​

​សារព័ត៌មាន​អាមេរិក​ផ្សេង​ថា លោក ត្រាំ បាន​រិះគន់​បណ្តាជន​អន្តោប្រវេសន៍​ពី​រដ្ឋ​អាហ្វ្រិក និង​អាមេរិក​ឡាទីន និង​ចាត់ទុក​ប្រទេស​ទាំងនោះ​ថា ជា​ប្រទេស S**thole ដែល​មានន័យថា ប្រទេស​ក្រីក្រ​រហេមរហាម​ចាំតែ​ជញ្ជក់​ឈាម​គេ ឬ​ប្រទេស​សំរាម និង​អសន្តិសុខ​នោះ​។ ប៉ុន្តែ
​លោក ត្រាំ បដិសេធ ហើយ​អះអាង​លោក​មិនបាន​និយាយ​ពាក្យ​បែបនេះ​ឡើយ​។

​ទោះជា​បែបនេះ​ក្តី បណ្តា​រដ្ឋ​អាហ្វ្រិក​មិន​សប្បាយចិត្ត​ទាល់តែសោះ ហើយក៏​នាំគ្នា​ថ្កោលទោស​លោក ត្រាំ ដែរ​។ សហភាព​អាហ្វ្រិក​ដែលមាន​សមាជិក ៥៥ ប្រទេស​បានបង្ហាញ​ការខឹង​សម្បារ និង​លើកឡើងថា រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​មិន​យល់ច្បាស់​ពី​អាហ្វ្រិក និង​ប្រជាជន​អាហ្វ្រិក​ឡើយ​។​

​លើសពីនេះ ឥរិយាបថ​ជា​បងធំ គំរាម​ផ្តាច់ជំនួយ​ប្រទេស​ដទៃ ក្រោយ​ខ្លួន​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​កាលពីដើម​ខែធ្នូ​កន្លងទៅ ក៏​ជា​ផ្នែ​មួយ​ដែល​ធ្វើ​ឲ្យ អាមេរិក​បាត់បង់ កិត្តិនាម​និង​កេរ្តិ៍ឈ្មោះ​ដែរ​នៅ​អាហ្វ្រិក​។​

​គេ​អាច​និយាយបានថា ដែនដី​នៃ​សេរីភាព និង​ប្រជាធិបតេយ្យ «​អាមេរិក​»​ទំនង​លែង​ជា​គោលដៅ​សំខាន់​ដែល​ប្រជាជន​អាហ្វ្រិក​ជាពិសេស​ក្មេងៗ​ប្រាថ្នា​ចង់ទៅ​រស់នៅ និង​កសាង​ជីវិត​នៅ​ទីនោះ​ហើយ ក្នុង​កាលៈទេសៈ​ដែល​រដ្ឋបាល​បច្ចុប្បន្ន​នៅ​រក្សា​ឥរិយាបថ​បែបនេះ​។

​យ៉ាងណាក៏ដោយ ស្រប​ពេលដែល​ឥទ្ធិពល​អាមេរិក​បន្ត​ធ្លាក់ចុះ​នៅ​ទ្វីបអាហ្វ្រិក មហា​យក្ស​ចិន​មានឱកាស​កាន់តែច្រើន​ក្នុងការ​ពង្រឹង​ឥទ្ធិពល និង​តួនាទី​របស់ខ្លួន​នៅ​ទ្វីប​ដែល​សម្បូរ​ដោយ​ធនធាន​នេះ​។ ការណ៍​នេះ​មិន​ខុសពី​ជួយ​រុញច្រាន​រដ្ឋ​អាហ្វ្រិក​ឲ្យ​កៀក​ច​ជិត​ជាមួយ​ចិន​ឡើយ​។​

-​ទំនាក់ទំនង​អាហ្វ្រិក​-​ចិន​កាន់តែ​រឹងមាំ ពេល​ឥទ្ធិពល​អាមេរិក​ចុះខ្សោយ​

​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​អាហ្វ្រិក​កាន់តែ​រឹងមាំ ក្រោយ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង កាលពី​ឆ្នាំ ២០១៥​។ ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នោះបាន​បង្ហាញ​ឲ្យ​ឃើញថា អាហ្វ្រិក​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​គោលនយោបាយ​ការបរទេស​របស់​ក្រុង​ប៉េកាំង​ដែរ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ ប្រមុខរដ្ឋ​ចិន បាន​ធានា​ជួយ​ជំរុញ​ការអភិវឌ្ឍ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៅ​តំបន់​អាហ្វ្រិក​។​

​ក្រោម​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​មួយ​វិថី​មួយ​»​របស់​ប្រធានាធិបតី ស៊ី ជិន​ភីង ចិន​ផ្តោតលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ធានា​ផ្សាភ្ជាប់​ពី​អាស៊ី​ដល់​អឺរ៉ុប និង​ដល់​អាហ្វ្រិក ដើម្បី​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រួមគ្នា​។    សម្រាប់​តំបន់​អាហ្វ្រិក ចិន​បាន​វិនិយោគ​លើ​ការសាងសង់​ផ្លូវ កំពង់ផែ ផ្លូវ​រថ​ភ្លើ វា​រី​អគ្គីសនី និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្សេងទៀត​ជាច្រើន​នៅ​ទ្វីបអាហ្វ្រិក​។ គេ​ឃើញ​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ​អេ​ត្យូ​ពី និង​ផ្លូវ​ត​ភ្លា​ប់​ពី​អេ​ត្យូ​ពី​ទៅកាន់​កំពង​ផែ​សមុទ្រ​ក្រហម​នៅ​ប្រទេស​ជី​បូ​ទី ខណៈដែល​ចិន​ក៏​ដាក់ទុន​វិនិយោគ​ក្នុង​ទំហំ បួន​ពាន់​លាន​ដុល្លារ​លើផ្លូវ​រថភ្លើង​នៅ​កេ​ន​យ៉ា និង​នៅ​នី​ហ្សេ​រី​យ៉ា​ផងដែរ​។

​យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ស្ថាប័ន China-Africa Research Initiative ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ចិន និង​អាហ្វ្រិក​កើនឡើង​ដល់​ជាង ១០០ ពាន់​លាន​ដុល្លារ​ឯណោះ​នៅក្នុង​ឆ្នាំ ២០១៦​។ ចំណែក​ក្រុមហ៊ុន​ចិន​បន្តកន្ទុយ​គ្នា​ចូល​ដាក់ទុន​វិនិយោគ​ជាពិសេស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​ផងដែរ​។​

​ក្រៅពី​ដៃគូ​ពាណិជ្ជកម្ម និង​ជា​អ្នកផ្តល់ជំនួយ​ឲ្យ​បណ្តា​ប្រទេស​អាហ្វ្រិក មហា​យក្ស​ចិន​ក៏​ជួយ​បណ្តា​រដ្ឋ​អាហ្វ្រិក​ដោះស្រាយ​បញ្ហា​ប្រឈម​ដូចជា​បរិស្ថាន​រួមទាំង​ការប្រែប្រួល​អាកាសធាតុ និង​ដោះស្រាយ​បញ្ហា​សន្តិសុខ មាន​បទឧក្រិដ្ឋ​ឆ្លងដែន និង​ភេរវកម្ម​ជាដើម​ដែរ​។ ដូច​ឃើញស្រាប់ ចិន​ចាប់ផ្តើម​បញ្ជូន​កងទ័ព​ខ្លួន​ទៅ​ចូលរួម​ថែរក្សា​សន្តិភាព​នៅក្នុង​ជម្លោះ​អាហ្វ្រិក និង​បាន​បើក​មូលដ្ឋាន​ទ័ពជើងទឹក​របស់ខ្លួន​ដំបូង​គេ​នៅ​ប្រទេស​ជី​បូ​ទី កាលពី​ឆ្នាំមុន ហើយ​រដ្ឋាភិបាល​ចិន​បាន​អះអាងថា ការ​ដំណើរការ​មូលដ្ឋានទ័ព​នេះ​នឹង​ជួយ​ចិន និង​ភាគី​ពាក់ព័ន្ធ​ក្នុងការ​បង្ក្រាប​បទឧក្រិដ្ឋ​ឆ្លងដែន ជាពិសេស​ចោរ​សមុទ្រ​តែម្តង​។​

​និយាយ​ទៅ ឥទ្ធិពល​របស់​ចិន​មិន​ត្រឹមតែ​កើនឡើង​ក្នុង​បរិបទ​នយោបាយ​អាហ្វ្រិក​ប៉ុណ្ណោះ​ទេ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ក្រុង​ប៉េកាំង​ក៏​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការផ្សាភ្ជាប់​រវាង​ប្រជាជន និង​ផ្សព្វផ្សាយ​វប្បធម៌​របស់ខ្លួន​ផង​។ វិទ្យាស្ថាន​ខុង​ជឺ ដែល​ផ្សព្វផ្សាយ និង​លើកកម្ពស់​ភាសា​ចិន​ជាច្រើន​កន្លែង​ត្រូវបាន​បង្កើន​ឡើង​នៅ​ទូទាំង​ទ្វីបអាហ្វ្រិក​។ ប្រជាជន​អាហ្វ្រិក​ជាពិសេស​ក្មេង​នាំគ្នា​រៀន​ភាសា​ចិន​ដើម្បី​អាចមាន​លទ្ធភាព​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​ចិន ហើយ​ប្រជាជន​ទាំងនោះ​ក៏​ស្វាគមន៍​គម្រោង​វិនិយោគ​ចិន​ដែរ​។​

-​ចិន​រម្លឹក​អាហ្វ្រិក​ទៀតថា ខ្លួន​ជា​មិត្ត​ល្អ​មិន​ដូច​មហាអំណាច​ដទៃទៀត​


​ដោយឡែក កាលពី​សប្តាហ៍​ប្រមុខ​ការទូត​ចិន​លោក វ៉ាង យី បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​តំបន់​បួន​នៅ​តំបន់​អាហ្វ្រិក​មានដូចជា រ​វ៉ាន់ដា អង់​ហ្គោ​ឡា កា​បុ​ង និង សៅ​តូ​ម៉េ និង​ប្រាំង​ស៊ី​ប ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី​។ មាន​វត្ត​មាននៅ​អាហ្វ្រិក ប្រមុខ​ការទូត​រូបនេះ​បាន​ព្យាយាម​ពន្យល់​ពី ចេតនា​ពិតប្រាកដ​របស់​ចិន​ក្នុងការ​ពង្រឹង​ទំនាក់ទំនង ផ្តល់ជំនួយ និង​កម្ចី រួមទាំង​បន្ត​ដាក់ទុន​វិនិយោគ​នៅ​អាហ្វ្រិក​នេះ ស្រប​ពេលដែល​មានមតិ​រិះគន់ថា ចិន​កំពុង​ដាក់​អាណានិគម​ថ្មី​លើ​រដ្ឋ​អាហ្វ្រិក​។

អត្ថបទទាក់ទង


​លោក វ៉ាង យី បាន​ពន្យល់ថា ទោះបីជា​ចិន​រីក​ម្រើ​ន​លូតលាស់​ទាំង​សេដ្ឋកិច្ច និង​នយោបាយ​ខ្លាំង​ប៉ុណ្ណា​ក្តី ចិន​នៅ​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាហ្វ្រិក និង​គាំទ្រ​ប្រទេស​អាហ្វ្រិក​ដោយ​ឈរលើ​គោលការណ៍​គោរព​គ្នា​ទៅវិញទៅមក និង​កសាង​ទំនុកចិត្ត​រួមគ្នា​ផង​។​

​ពាក់ព័ន្ធ​ការចោទប្រកាន់ថា ចិន​ដាក់​អាណានិគម​ថ្មី និង​ធ្វើ​ឲ្យ​អាហ្វ្រិក​វ័ណ្ឌក​នឹង​បំណុល​របស់​ចិន​នោះ លោក វ៉ាង យី បាន​ព្យាយាម​បកស្រាយ​ថា វា​គ្រាន់តែ​ជាការ​ចោទប្រកាន់​មិន​ត្រឹមត្រូវ​ប៉ុណ្ណោះ​។  ប្រមុខ​ការទូត​រូបនេះ​បាន​សង្កត់ធ្ងន់ថា ទំនាក់ទំនង​រវាង​ចិន និង​អាហ្វ្រិក រីកចម្រើន​ខ្លាំង ហើយ​វា​ជា​រឿង​ចាំបាច់ ដែល​ចិន​ត្រូវ​បង្កើន​ការផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​អាហ្វ្រិក​ដោយ​បន្ត​គោរព​គោលការណ៍​ជា​មូលដ្ឋាន មិន​ជ្រៀតជ្រែក និង​គោរព​គ្នា​ទៅវិញទៅមក​ដដែល​។

​បើតាម​មន្ត្រីជាន់ខ្ពស់​នេះ ហេតុផល​៣​យ៉ាង ដែល​បញ្ជាក់ថា ចិន​ជា​មិត្ត​ល្អ មានបំណង​ល្អ និង​ចង់​ជួយ​ឲ្យ​មិត្ត​អាហ្វ្រិក​រីកចម្រើន​ទាំងអស់គ្នា​នោះ​មានដូចជា ចិន​ផ្តល់ជំនួយ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ហិរញ្ញវត្ថុ​របស់​អាហ្វ្រិក , ចិន​មិនដែល​ដាក់​លក្ខខណ្ឌ​នយោបាយ​ណាមួយ លើ​ប្រទេស​ជា​មិត្ត​ដែល​ទទួល​ជំនួយ​ពី​ចិន​ឡើយ និង​ចិន​ធានា​ឈរលើ​គោលការណ៍​គោរព​ប្រយោជន៍​គ្នា​ទៅវិញទៅមក និង​ឈ្នះ​-​ឈ្នះ​ទាំងអស់គ្នា​៕


Tag:
 ចិន​
  អាមេរិក​
  អាហ្វ្រិក​
  ដូ​ណា​ល់ ត្រាំ​
 ​ ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com