ជាតិ
សេដ្ឋកិច្ច
លោក វ​ង្សី វិស្សុត​៖ កម្ពុជា​ត្រូវ​ទៅ​ឲ្យ​ហួស​ពី​ការអនុគ្រោះ​របស់គេ​លើ​ទីផ្សារ​អន្តរជាតិ​
19, Jan 2018 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​លើកឡើងថា កម្ពុជា​ត្រូវ​ប្រឹងប្រែង​ទៅ​ឲ្យ​ផុតពី​ការអនុគ្រោះ​របស់​អ្នកដទៃ ដែល​ត្រូវ​រស់​ដោយ​ពឹង​ផ្អែកលើ​គោលការណ៍​ទីផ្សារ​។ លោក​បញ្ជាក់ថា ការអនុគ្រោះ​របស់​បរ​ទេស ជាអាទិ៍ ការអនុគ្រោះ​ក្រោម​ក្របខណ្ឌ​«​អ្វីៗ​ទាំងអស់​ក្រៅពី​អាវុធ​» ឬ EBA របស់​សហភាព​អឺរ៉ុប​ដល់​កម្ពុជា គង់តែ​បាត់បង់​ទៅ​ថ្ងៃ​ណាមួយ​ជាមិនខាន​។​



​សូម​ស្ដាប់​ប្រសាសន៍​លោក វ​ង្សី វិស្សុត ខាងក្រោម​នេះ​៖




«​យើង​ត្រូវ​ចេះ​រស់​ដោយ​ឈរលើ​គោលការណ៍​ទីផ្សារ ដោយ​កុំ​ចាំ​ឲ្យ​គេ​បន្តក់​ទឹកដោះគោ​។ យើង​កំពុង​ដើរ​លើផ្លូវ​នេះហើយ​ម្ដងៗ​បន្តិចៗ​»​។ លោក វ​ង្សី វិស្សុត ថ្លែង​បែបនេះ​នៅក្នុង​វេទិកា​ស្ដីពី​ថវិកា​ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​១៥​ខែមករា​។

​គោលការណ៍​ទីផ្សារ ដែល​លោក វ​ង្សី វិស្សុត បានលើកឡើង​នេះ ចង់​សំដៅ​ការប្រកួតប្រជែង​លើ​ទីផ្សារ​។ កន្លងមក ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ត្រូវបាន​អនុគ្រោះ​ពន្ធ​ទាំងស្រុង ខណៈ​ការនាំ​ចេញទៅ​ទីផ្សារ​សហរដ្ឋអាមេរិក កម្ពុជា​ទទួល​ការអនុគ្រោះ​លើ​ផលិតផល​ធ្វើដំណើរ (Traveling Goods) ប៉ុណ្ណោះ​។ ការដក​ពន្ធគយ បាន​ជំរុញ​លទ្ធភាព​ប្រកួតប្រជែង​របស់​កម្ពុជា​លើ​ទីផ្សារ​ទាំងនោះ​។​

​ការលើកឡើង​របស់លោក វ​ង្សី វិស្សុត ដូចនេះ គឺ​ត្រូវ​នឹង​បរិបទ​ដែលមាន​ការគំរាមកំហែង​របស់​សហគមន៍​អន្តរជាតិ​លើ​លទ្ធភាព​ព្យួរ​ការអនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ដោយសារ​ស្ថានភាព​នយោបាយ​ក្នុងស្រុក​។​

​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូបនេះ ឲ្យ​ដឹង​ទៀតថា កម្ពុជា​ត្រូវ​ពង្រឹង​ខ្សែសង្វាក់​ផលិតកម្ម​របស់ខ្លួន ឲ្យ​មាន​លក្ខណៈ​អាច​ប្រកួតប្រជែង​បាន​។​

​យល់ឃើញ​ស្រដៀង​គ្នា​នេះដែរ សាស្ត្រាចារ្យ​សេដ្ឋកិច្ច លោក តេង ដឺ​លុច មានប្រសាសន៍ថា ទន្ទឹមនឹង​ទទួលបាន​ការអនុគ្រោះរ​បស់​បរទេស កម្ពុជា​ត្រូវ​ពង្រឹង​ខ្លួនឯង ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពីរ​ស្របគ្នា​។ លោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​ប្រទេសមួយ​ត្រូវ​វិវឌ្ឍន៍ ដោយ​ពឹង​ផ្អែកលើ​ខ្លួនឯង មិនអាច​ចាំតែ​ពឹង​គេ​ដើម្បីរ​ស់បាន​នោះទេ​»​។ លោក​បន្ត​ដូចនេះ​ទៀតថា​៖«​អនុគ្រោះ​ពន្ធ​កាន់តែច្រើន​កាន់តែ​ល្អ ប៉ុន្តែ​កុំ​ភ្លេច​ពង្រឹង​ខ្លួនឯង​លើស​សមត្ថភាព​ប្រកួតប្រជែង​»​។​

​បើតាម​លោក តេង ដឺ​លុច ការពង្រឹង​ខ្លួន​របស់​កម្ពុជា គេ​ត្រូវ​យកចិត្តទុកដាក់​ខ្លាំង​លើ​ការកសាង​ធនធានមនុស្ស ដែលជា​កត្តា​ជំរុញ​ផលិតកម្ម​ដែលមាន​ភាព​ប្រកួតប្រជែង​។

​យោងតាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម ការអនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ដល់​កម្ពុជា​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៦៧៦​លាន​ដុល្លារ លើ​ការនាំចេញ​សរុប ៦២៥៩​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ។ រីឯ​ការនាំ​ចេញទៅ​សហរដ្ឋអាមេរិក​មាន​ទំហំ​ទឹកប្រាក់ ២៩១៦​លាន​ដុល្លារ តែបើ​គិត​តម្លៃ​ពន្ធ​អនុគ្រោះ​មាន​ចំនួន ១០​លាន​ដុល្លារ​៕



Tag:
 វ​ង្សី វិស្សុត​
© រក្សាសិទ្ធិដោយ thmeythmey.com