អន្តរជាតិ
សហរដ្ឋអាមេរិក​បង្កើន​ការដាក់​សម្ពាធ​លើ​បណ្តា​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ឲ្យ​កាត់​ផ្តាច់ទំនាក់ទំណង​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង
19, Jan 2018 , 7:59 pm        
រូបភាព
ដោយ: VOA
JOHANNESBURG ៖ មន្ត្រី​សហរដ្ឋអាមេរិក​ជជែក​ឲ្យ​ហេតុផល​ថា រាល់​ប្រាក់​ដុល្លារ ប្រាក់ Rand​និង​ប្រាក់​ហ្វ្រ​ង់​ដែល​ហូរ​ចូលក្នុង​ប្រទេស​កូរ៉េខាងជើង​បាន​ត្រូវយក​ទៅប្រើ​ប្រាស់​ដើម្បី​ធ្វើ​ឲ្យ​រីកចម្រើន​ដល់​កម្មវិធី​អាវុធ​នុយ​ក្លែ​អ៊ែរ​ដែល​ទទួល​ការ​ថ្កោលទោស​ពី​អន្តរជាតិ​។



​នៅពេលដែល​ការតានតឹង​បាន​ឡើង​កំដៅ​យ៉ាងខ្លាំង​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​កាត់ផ្តាច់​ប្រភព​ចំណូល​របស់​រដ្ឋាភិបាល​ក្រុង​ព្យូ​ង​យ៉ាង​ដែល​ខ្លួន​អាចធ្វើ​បាន​។​

​អង្គការសហប្រជាជាតិ​បាន​ស៊ើបអង្កេត​ប្រទេស​យ៉ាងហោចណាស់​ក៏​៧​ដែរ​ចំពោះ​ការមិន​អើពើ​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​ដោយ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង​។ ប្រទេស​នៅ​តំបន់​អាស៊ី​នេះ​មាន​ស្ថានទូត​ចំនួន​៨​នៅក្នុង​តំបន់​ភាគខាងត្បូង​វាល​ខ្សាច់​សាហា​រ៉ា​នៃ​ទ្វីបអាហ្វ្រិក ហើយនឹង​មានការ​ទាក់ទង​ខាង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​យ៉ាងហោចណាស់​ក៏​១១​ដែរ​នៅ​ទ្វីបអាហ្វ្រិក​។​

​លោក Mark Lambert អនុ​តំណាង​ពិសេស​សម្រាប់​គោលនយោបាយ​កូរ៉េខាងជើង​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​និយាយថា សហរដ្ឋអាមេរិក​មាន​សារ​យ៉ាងច្បាស់​ដល់​ប្រទេស​នានា​នៅ​ទ្វីបអាហ្វ្រិក​និង​ប្រទេស​កូរ៉េខាងជើង​។​លោក Mark Lambert បាន​ថ្លែងថា​៖ «​យើង​ចង់​ធ្វើការ​ជាមួយ​ពួកគេ​ដើម្បី​បញ្ជូន​សារ​យ៉ាងច្បាស់​២​ទៅ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​។ ទី​១ សហគមន៍​អន្តរជាតិ​បាន​រួបរួមគ្នា​ហើយ​បាន​និយាយថា គេ​នឹង​មិនអាច​សុខចិត្ត​ទទួលយក​កូរ៉េខាងជើង​ជា​មហាអំណាច​អាវុធ​នុយ​ក្លែ​អ៊ែរ​ហើយ​យើង​នឹងដាក់​សម្ពាធ​កាន់តែខ្លាំង​ឡើងលើ​កូរ៉េខាងជើង​រហូត​ទាល់តែ​ប្រទេស​នេះ​វិលត្រឡប់​ទៅកាន់​តុ​ចរចា​វិញ​។ ទី​២ យើង​ចង់​ធ្វើការ​បញ្ជាក់​យ៉ាងច្បាស់​ដល់​ប្រជាពលរដ្ឋ​កូរ៉េខាងជើង​និង​មេដឹកនាំ​កូរ៉េខាងជើង​ថា មាន​អនាគត​ប្រសើរឡើង ប្រសិនបើ កូរ៉េខាងជើង​វិលត្រឡប់​មកកាន់​ការចរចា​វិញ យើង​អាច​ធ្វើការ​ជាមួយ​កូរ៉េខាងជើង​ដើម្បី​ជួយ​ប្រទេស​នេះ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់ខ្លួន​ហើយនឹង​ធ្វើ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​ប្រសើរ​ឡើ​ង‍​»​។​

​ពួក​មន្ត្រី​បាន​ទទួលស្គាល់ថា ពាណិជ្ជកម្ម​រវាង​ទ្វីបអាហ្វ្រិក​និង​កូរ៉េខាងជើង​មាន​ទ្រង់ទ្រាយ​តូច​។ ចិន​និង​រុស្ស៊ី​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​ជាមួយ​កូរ៉េខាងជើង ក៏ ប៉ុន្តែ លោកស្រី Sandra Oudkirk មន្ត្រីជាន់ខ្ពស់​ប្រឆាំង​ភេរវកម្ម​នៅ​ការិយាល័យ​សេដ្ឋកិច្ច​របស់​ក្រសួងការបរទេស​អាមេរិក​និយាយថា រាល់​ប្រាក់​ទាំងអស់​មាន​សារៈសំខាន់​។​លោកស្រី Sandra Oudkirk និយាយថា​៖ «​ក្នុង​ករណីខ្លះ មិន​ថា​តើ​ពួកគេ​ជា​មន្ត្រី​រដ្ឋាភិបាល​ឬ​អ្នកវិភាគ​ខាងក្រៅ​ទេ នឹង​ពិនិត្យ​ចំនួន​ហើយ​និយាយ ថា ហេ​! ប្រាក់​នេះ​ប្រាកដជា​ចំនួន​តិច​មែន​។ ក៏ប៉ុន្តែ ការពិត​នោះ​គឺថា ការគំរាមកំហែង​រប​ស់​កូរ៉េខាងជើង​ទៅលើ​សហរដ្ឋអាមេរិក មាន​លក្ខណៈខុស​ការគំរាមកំហែង​ផ្សេងៗ ហើយ​យើង​ចាំបាច់​ធ្វើ​ឲ្យ​ប្រាកដថា មិនមាន​លំហូរ​ពាណិជ្ជកម្ម មិនមាន​លំហូរ​ប្រាក់ចំណូល​។ ទោះជា ចំនួន​ប្រាក់​នោះ​តិច​បំផុត​ក៏​សំខាន់​ដែ​រ‍​»​។​

​លោក Zachary Donnenfeld ជា​អ្នកស្រាវជ្រាវ​ដែល​សិក្សា​ពី​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​និង​អាហ្វ្រិក​នៅ​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​សន្តិសុខ​ដែលមាន​ទីតាំង​នៅក្នុង​ទីក្រុង Pretoria និយាយថា ប្រទេស​ជាច្រើន​នៅ​ទ្វីបអាហ្វ្រិក​រក្សា​ចំណងទាក់ទង​ជាមួយ​កូរ៉េខាងជើង​ពីព្រោះ​តែ​កូរ៉េខាងជើង​គាំទ្រ​ការតស៊ូ​ក្រោយ​ឯក រាជ្យ​របស់​ពួកគេ ហើយពី​ព្រោះតែ​ការ​រឹតត្បិត​ពាណិជ្ជកម្ម​នោះ​កូរ៉េខាងជើង​ផ្តល់​ការធ្វើ​ពាណិជ្ជកម្ម​ដ៏​ល្អ​។ លោក​ក៏​និយាយ​ដែរ​ថា សហរដ្ឋអាមេរិក​អាច​ប្រឈម​ការលំបាក​ខាង​ការទូត​បន្ទាប់ពី​ការអត្ថាធិប្បាយ​ដ៏​ចម្រូងចម្រាស់​ដែល​បានធ្វើ​ឡើង​កាលពី​សប្តាហ៍​មុន​ដោយ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​អំពី​ប្រទេស​ហៃ​ទី​និង​ប្រទេស​អាហ្វ្រិក​ផ្សេងៗ​ទៀត​។ លោក​Zachary Donnenfeld​បាន​និយាយថា​៖ «​ប្រសិនបើ រដ្ឋបាល​របស់​ប្រធានាធិបតី​ត្រាំ​ទទួលបាន​ជោគជ័យ​ក្នុង ការ​ខំប្រឹងប្រែង​របស់ខ្លួន​ដើម្បី​បង្កើន​ការដាក់ទណ្ឌកម្ម រដ្ឋបាល​របស់លោក​ត្រាំ​នឹង​ត្រូវការ​ការគាំទ្រ​ពី​រដ្ឋាភិបាល​អាហ្វ្រិក​។ ហើយ ដោយមាន​ព្រឹត្តិការណ៍​និង​អត្ថាធិប្បាយ​កាលពីពេល​ថ្មីៗ​នេះ ចំពោះ​ខ្ញុំ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​រដ្ឋាភិបាល​អាហ្វ្រិក​មាន​ឆន្ទៈ​បោះបង់ចោល​ប្រភពធនធាន​ធម្មជាតិ​ថោក​និង​អាវុធ​សម្រាប់​ប្រទេស​ដែល​បណ្តុះបង្អាប់​ពួក​គ‍េ​។​

​លោក Daragh Neville អ្នកវិភាគ​អង្គការ Chatham House សិក្សា​ពី​ទំនាក់ទំនង​ខាង​ការទូត​រវាង​តំបន់​អាហ្វ្រិក​និង​ប្រទេស​ផ្សេងៗ​ទៀត​របស់​ពិភពលោក​។ លោក​កត់សម្គាល់ថា គំនាប​លើ​ប្រទេស​នានា​នៅ​ទ្វីបអាហ្វ្រិក​ឲ្យ​ទម្លាក់​ប្រទេស​កូរ៉េខាងជើង​ចោល​ក៏​នឹង​កើតមានឡើង​មកពី​ប្រទេស​ផ្សេងទៀត​ដែរ រួមមាន​ប្រទេស​កូរ៉េខាងត្បូង​ផង​។ លោក Daragh Neville ជា​អ្នកវិភាគ​នៃ​អង្គការ Chatham House និយាយថា​៖ «​កូរ៉េខាងត្បូង​បានចាប់ផ្តើម​ទាក់ទង​ជាមួយ​ទ្វីបអាហ្វ្រិក​ឡើងវិញ​។ ពួកគេ​បានរៀបចំ​វេទិកា​សម្រាប់​ទ្វីប​នោះ​មួយចំនួន​ដូចជា វេទិកា​កូរ៉េ​-​អាហ្វ្រិក​និង​វេទិកា​សេដ្ឋកិច្ច​កូរ៉េ​-​អាហ្វ្រិក​។ ពួកគេ​បានចាប់ផ្តើម​បើក​ស្ថានទូត​កាន់តែ​ច្រើនឡើង​នៅក្នុង​ទ្វីបអាហ្វ្រិក ហើយ​កាលពី​ឆ្នាំទៅ ពួកគេ​បានចាប់ផ្តើម​កម្មវិធី​ជំនួយ​ថ្មី​មួយ​សម្រាប់​ទ្វីប​អា​ហ្វ្រិ​ក‍​»​។

VOA បាន​ហៅ​ទូរ​សព្ទ​ស្ថានទូត​កូរ៉េខាងជើង​នៅ​ក្រុង Pretoria ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដើម្បី​ស្វះ​ស្វែងរក​អត្ថាធិប្បាយ​។ ពួកគេ​មិន​ឆ្លើយ​ទូរ​សព្ទ​របស់​យើង​ទេ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com