អន្តរជាតិ
ឥណ្ឌា​សម្រេចបាន​មី​ស៊ី​ល​បំពាក់​នុយក្លេអ៊ែរ​ដែល​អាច​បាញ់​ដល់​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​ចិន​
19, Jan 2018 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​អាច​បំពាក់​ក្បាល​គ្រប់​នុយក្លេអ៊ែរ​បាន​ដោយ​ជោគជ័យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។ ការសម្រេចបាន​មី​ស៊ី​ល​ឆ្លង​ទ្វីប​ថ្មី​នេះ​ជួយ​បង្កើន​សមត្ថភាព​ការពារជាតិ​ឥណ្ឌា ហើយ​មី​ស៊ី​ល​នេះ​ថែមទាំង​អាច​បាញ់​ដល់​គ្រប់​ទីកន្លែង​ទូទាំង​ចិន​ថែមទៀត​។



​បន្ទាប់ពី​ប្រកាស​នាំចូល​អាវុធ​មានតម្លៃ​ច្រើនជាង​៥០០​លាន​ដុល្លារ​សម្រាប់​បំពាក់​ដល់​កងទ័ព​នៅតាម​ព្រំដែន​ជាមួយ​ចិន ឥណ្ឌា​បានសម្រេច​ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP ឥណ្ឌា​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​នេះ​នៅលើ​កោះ​មួយ​នៅ​ឆកសមុទ្រ Bengal នៅ​ថ្ងៃ​ព្រហស្បតិ៍ ហើយ​មី​ស៊ី​ល​ឆ្លង​ទ្វីប​នេះ​បាញ់​ចេញពី​ម៉ាស៊ីន​បាញ់​ដែល​អាច​ចល័ត​បាន​ថែមទៀត​។​

​ក្រសួងការបរទេស​ឥណ្ឌា​បាន​លើកឡើងថា ជោគជ័យ​ដ៏​ធំ​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​ល Agni-V នេះ​ជួយ​ឲ្យ​ឥណ្ឌា​ពង្រឹងសមត្ថភាព និង​អំណាច​យោធា​របស់ខ្លួន​បាន​ថែមទៀត​។​

​តាមពិតទៅ​ឥណ្ឌា​បាន​បន្ត​ប្រឹងប្រែង​អភិវឌ្ឍ​នុយក្លេអ៊ែរ និង​កម្មវិធី​មី​ស៊ី​ល​របស់ខ្លួន​កន្លងមក​នេះ ស្របពេល​ដែល​មហា​យក្ស​ចិន​បន្ត​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​ឥតឈប់ឈរ​នោះ​។ គេ​ជឿជាក់ថា មី​ស៊ី​ល Agni-V នេះ​មាន​សមត្ថភាព​ក្នុង​ហោះហើរ​ទៅដល់​ស្ទើរ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​ចិន​ផងដែរ​។

​ចាប់ពី​ពេលដែល​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ឡើងកាន់តំណែង​ឆ្នាំ ២០១៤ មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​នេះ​ប្រឹងប្រែង​ពង្រឹង​ឥទ្ធិពល និង​អំណាច​យោធា​របស់ខ្លួន​ជា​លំដាប់​តាមរយៈ​ការ​នាំចូល​សព្វាវុធ​ទំនើបៗ និង​ពង្រឹង​ឧស្សាហកម្ម​យោធា​ក្នុងស្រុក​ផង​ក្នុងនោះ​មាន​ទាំង​ការស្រាវជ្រាវ​លើ​វិស័យ​ការពារជាតិ​។ ការពង្រឹង​សមត្ថភាព​យោធា​នេះ​ក៏​ដើម្បី​ទប់ទល់​ការគំរាមកំហែង​សន្តិសុខ​ពី​ខាងក្រៅ​ផងដែរ​។​

​តាមពិតទៅ ភាព​តានតឹង​រវាង​ឥណ្ឌា និង​ចិន​បាន​កើនឡើង និង​មានការ​ប្រឈមមុខគ្នា​ខ្លាំង​នៅតាម​ព្រំដែន​កាលពី​ឆ្នាំមុន ដោយសារ​បញ្ហា​ព្រំដែន​នៅលើ​តំបន់​ហិមាល័យ​។ ប្រឈមមុខ​ដាក់គ្នា​ខ្លាំង​កើតឡើង​នៅតាម​ព្រំដែន​តំបន់​ស្វយ័ត​ទី​បេ និង​ប្រទេស​ប៊ូ​តង់​នៅ​តំបន់ Doklam​។ ជម្លោះព្រំដែន​នៅ Doklam កើតឡើង​នៅ​ពាក់កណ្ដាល​ខែមិថុនា ឆ្នាំ​២០១៧ ក្រោយ​យោធា​ចិន​បញ្ជូន​គ្រឿងចក្រ​ឈូសឆាយ​នៅ​តំបន់​ខ្ពង់រាប​លើ​ភ្នំ​ហិមាល័យ ប៉ុន្តែ​ឥណ្ឌា​ដែលជា​សម្ព័ន្ធមិត្ត​ប៊ូ​តង់​បាន​ចូលទៅ​ឃាត់​រហូតដល់​មានការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ឥណ្ឌា និង​ចិន​តែម្តង​។ ក្រៅពី​ជម្លោះព្រំដែន ឥណ្ឌា​ក៏​នៅ​ខ្វាយខ្វល់​ពី​ចេតនា​របស់​ចិន​ដែល​កំពុង​បង្កើន​ឥទ្ធិពល​ខ្លួន​នៅ​មហាសមុទ្រ​ឥណ្ឌា​ផងដែរ​៕


Tag:
 ឥណ្ឌា​
  ចិន​
  មី​ស៊ី​ល​
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com