អន្តរជាតិ
អ្នក​ចង់​ថត​ជាមួយ ត្រាំ ថ្ងៃ​ខួប​មួយឆ្នាំ​នៃ​ការចូល​កាន់តំណែង​ត្រូវ​បង់ ១០​ម៉ឺន​ដុល្លារ​
19, Jan 2018 , 9:59 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយានៅឯ Mar-a-Lago (រូបភាព៖ AP)
ប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយានៅឯ Mar-a-Lago (រូបភាព៖ AP)
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​រៀបចំ​ពិធីជប់លាង​មួយ​នៅ​ថ្ងៃទី​២០ ខែមករា ដើម្បី​អបអរ​ខួប​មួយឆ្នាំ​នៃ​ការស្បថ​កាន់តំណែង​ប្រធានាធិបតី​អាមេរិក​បន្ត​ពី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ។ ឯ​ថ្លៃ​ចូលរួម​កម្មវិធី​ដែល​រៀបចំ​នៅឯ​រដ្ឋ Florida គឺ​ចាប់ពី​១០​ម៉ឺន​ដុល្លារ​ឡើងទៅ​។ កម្មវិធី​នេះ​គ្រោង​រៀបចំ​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ម្ល៉េះ ប៉ុន្តែ​លោក​ជាប់រវល់​ទស្សនកិច្ច​រយៈពេល​នៅ​តំបន់​អាស៊ី​។​



​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៨ ជា​ខួប​មួយឆ្នាំ​គត់ ដែល​លោក ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ទី​៤៥ របស់​អាមេរិក​។ លោក ត្រាំ បាន​ផ្ដួល​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែលជា​ជ័យជម្នះ​ដ៏​ភ្ញាក់ផ្អើល​បំផុត​។ មួយឆ្នាំ​នៅឯ​សេត​វិមាន លោក ត្រាំ បាន​ផ្លាស់ប្ដូរ​មុខមាត់​អាមេរិក​ស្ទើរ​ទាំងស្រុង​លើ​ឆាក​អន្តរជាតិ​។​

​ដើម្បី​អបអរ​ខួប​មួយ​ឆ្នាំនេះ បក្ស​សាធារណរដ្ឋ​នឹង​រៀបចំ​កម្មវិធី​ជប់លាង​ដ៏​ធំ​មួយ​នៅ​រមណីយដ្ឋាន Mar-a-Lago នៅ​រដ្ឋ Florida ដែលជា​ផ្ទះ​លោក ត្រាំ ស្រាប់ ដោយ​ថ្លៃ​ចូលរួម​ចាប់ផ្ដើម​ពី​១០​ម៉ឺន​ដុល្លារ​សម្រាប់​មនុស្ស​ពីរ​នាក់​។ បើតាម​លិខិតអញ្ជើញ​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន Bloomberg តម្លៃ​នេះ​គឺ​សម្រាប់​ចំណាយ​លើ​អាហារ​ពេល​ល្ងាច និង​រូបថត​មួយ​ប៉ុស្តិ៍​ជាមួយ​លោក​ប្រធានាធិបតី ត្រាំ ។ តែបើ​ចំណាយ​២៥​ម៉ឺន​នាក់​វិញ អាច​អង្គុយ​តុមូល​បាន​។​

​កម្មវិធី​ជប់លាង​នេះ​រៀបចំ​ដោយ​លោកស្រី Ronna Romney McDaniel ប្រធាន​គណៈកម្មាធិការ​ជាតិ​បក្ស​សាធារណរដ្ឋ (RNC) និង​មហាសេដ្ឋី​កាស៊ីណូ​លោក Steve Wynn ដែល​ទទួល​ហិរញ្ញវត្ថុ​របស់ RNC ។ ថវិកា​ទាំងអស់​នឹង​ចូលទៅ​កាន់​មូលនិធិ​របស់​ក្រុមការងារ​ឃោសនា​របស់លោក ត្រាំ និង​មូលនិធិ RNC ។​

​យ៉ាងណាក្ដី គេ​មិនទាន់​ច្បាស់​ថា អ្នកចូលរួម​ទាំងអស់​អាច​ថតរូប​ជាមួយ​លោក ត្រាំ ឬ​យ៉ាងណា​ឡើយ​។ នេះ​ក៏​ព្រោះ​លោក ត្រាំ អាច​ប្ដូរ​កម្មវិធី​ធ្វើដំណើរ​ទៅកាន់​រដ្ឋ Florida ខណៈដែល​រដ្ឋាភិបាល​អាមេរិក​ប្រឈមមុខ​នឹង​ការបិទទ្វារ ក្រោយ​លុយ​រដ្ឋ​អស់​នៅត្រឹម​យប់​ថ្ងៃទី​១៨ ខែមករា​។ សំណើ​ច្បាប់​សុំ​ថវិកា​បន្ថែម​បាន​ធ្លាក់​ដល់​ទៅ​ដល់ដៃ​ព្រឹទ្ធសភា​ហើយ ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ហាក់​មិនទាន់​ឯកភាពគ្នា​នៅឡើយ​។

​ជាការ​កត់សម្គាល់ មួយឆ្នាំ​ក្នុង​តំណែង​ប្រធានាធិបតី​អាមេរិក លោក ត្រាំ ធ្វើ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាច្រើន​។ លោក​សម្រេចចិត្ត​ដើរចេញ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ ដកខ្លួន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក (TPP) គំរាម​ហែក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចោល ចេញ​ក្រឹត្យ​រឹតបន្តឹង​ការធ្វើដំណើរ​របស់​ជន​អន្តរ​ប្រវេសន៍ ឯ​ទំនាក់ទំនង​រវាង​អាមេរិក និង​ពិភពលោក​ក៏​ឃ្លាតឆ្ងាយ ព្រោះ​លោក ត្រាំ ឲ្យ​តម្លៃ​ជាតិ​ខ្លាំង​ជ្រុល​៕


Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com