អត្ថបទពាណិជ្ជកម្ម
RMA Group និង ធនាគារ BSPចាប់ដៃគូអាជីវកម្មរួមគ្នាបង្កើត BSP Finance Plc នៅកម្ពុជា
× ធនាគារ ប៉ាស៊ីហ្វិកខាងត្បូង (BSP) ដែលជាធនាគារឈានមុខគេក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង បានបើកសម្ពោធឲ្យដំណើរការនូវក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីរបស់ខ្លួន គឺ BSP Finance (Cambodia) Plc កាលពីថ្មីៗនេះ នៅរាជធានីភ្នំពេញ។ក្រុមហ៊ុន BSP Finance (កម្ពុជា) ម.ក. នឹងផ្ដល់នូវសេវាកម្មហិរញ្ញវត្ថុ នានាដូចជា ជួលដើម្បីទិញ ភតិសន្យាដើម្បីក្លាយជាកម្មសិទ្ធិ និងភតិសន្យាហរិញ្ញវត្ថុ។
BSP គឺជាស្ថាប័នហិរញ្ញវត្ថុដែលមានទុនរឹងមាំ មានការគោរព និងទទួលផលចំណេញនៅក្នុងប្រទេសប៉ាពូ ញូវ ហ្គីនា និងតំបន់ប៉ាស៊ីហ្វិក។ ប្រាក់ចំណេញដុលក្រោយកាត់ពន្ធរបស់ BSP នៅឆ្នាំ ២០១៦ គឺមានចំនួន ១៧៥ លានដុល្លារសហរដ្ឋអាមេរិក ហើយគណនីតុល្យការរបស់ BSP គឺមានចំនួនទឹកប្រាក់ ៣៦០០ លានដុល្លារ ហើយមូលធនទីផ្សារ គឺមានចំនួន ១២៣០ លានដុល្លារ”។ ក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុន BSP Finance Ltd មានប្រតិបត្តិការនៅក្នុងប្រទេសហ្វ៊ីជី ប៉ាពូ ញូវហ្គីនា កោះសូឡូម៉ុន និងប្រទេសកម្ពុជា។
លោក រ៉ូប៊ីន ហ្វ្លេមីង (Robin Fleming) អគ្គនាយកក្រុមហ៊ុន BSP គ្រុប បានថ្លែងថា ក្រុមហ៊ុន BSP បានបញ្ចប់ជាស្ថាពរនូវការចូលភាគហ៊ុនក្នុងក្រុមហ៊ុន RMA Financial Service (Cambodia) Plc ជាមួយនឹងដៃគូអាជីវកម្មរួមគឺ ក្រុមហ៊ុន អ អឹម អេ គ្រុប (RMA Group) កាលពីខែឧសភា ឆ្នាំ ២០១៧ ហើយក្រុមហ៊ុននេះត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជា BSP Finance (កម្ពុជា) ម.ក វិញ។ វត្ថុបំណងរបស់ក្រុមហ៊ុនBSP និងដៃគូរបស់ គឺបង្កើន និងអភិវឌ្ឍអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះ យើងនឹងផ្ដោតលើទិសដៅនៃភាពចំណេញ និងចំណែកទីផ្សារ”។
លោក រ៉ូប៊ីន ហ្វ្លេមីង បានបន្តទៀតថា៖ “យើងសង្ឃឹមថា បទពិសោធន៍របស់យើងនៅក្នុងប្រទេសកម្ពុជានឹងជួយឲ្យ BSP Finance (កម្ពុជា) ម.ក កាន់តែរឹងមាំ ស្របពេលដែលសំឡឹងមើលលើការធ្វើអាជីវកម្មបន្ថែមនៅក្នុងតំបន់ទន្លេមេគង្គ ដែលជាតំបន់មានសក្ដានុពលសម្រាប់ឲ្យយើងបង្កើនវត្តមាននៅក្នុងតំបន់ ដោយមិនត្រឹមតែផ្ដល់នូវហិរញ្ញប្បទានទ្រព្យសកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏អាចផ្ដល់នូវសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតផងដែរ”។ក្នុងនោះដែលក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BSP មានទំនុកចិត្តថា អតិថិជននឹងយល់ថា ក្រុមហ៊ុន BSP Finance នឹងក្លាយជាដៃគូអាជីវកម្មជំនាញមានអត្ថប្រយោជន៍សម្រាប់ពួកគាត់នៅក្នុងប្រទេសកម្ពុជា។
ម្យ៉ាងវិញទៀតលោក កូស្តាស កុងស្តង់ទីនូ (Sir Kostas Constantinou)ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា និងធនាគារ ប៉ាពូ ញូវហ្គីនៀ (BPNG) ដែលបានរួមចំណែកដល់ចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការបើកក្រុមហ៊ុនហិរញ្ញប្បទានទ្រព្យសកម្មនៅក្នុងប្រទេសកម្ពុជា ហើយបានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន BSP Finance Ltd ក្រុមហ៊ុន អ អឹម អេ គ្រុប ដែលជាដៃគូ និងអគ្គនាយកក្រុមហ៊ុនគឺ លោក ខេវិន វីតក្រាហ្វ (Kevin Whitcraft) ដែលជាច្រើនឆ្នាំមកនេះ បានរួមចំណែកដល់ការវិនិយោគអាជីវកម្មនេះ និងចែករំលែកបទពិសោធន៍នៅក្នុងប្រទេស ក៏ដូចជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍អាជីវកម្មរួមគ្នាមួយនេះផងដែរ។
ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងក្រុមហ៊ុនរំពឹងថានឹងទទួលបានផលចំណេញសម្រាប់ឆ្នាំ ២០១៨ ហើយការបង្កើតក្រុមហ៊ុន BSP Finance (កម្ពុជា) នឹងផ្ដល់លទ្ធភាពឲ្យក្រុមហ៊ុន BSP អាចពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនទៅក្នុងវិស័យកាន់តែច្រើនថែមទៀតនៃសេដ្ឋកិច្ចរបស់កម្ពុជា និងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com