ជាតិ
សង្គមជាតិ
ដាក់​ខ្នោះ​ទាំង​ជាប់​ការគ្រោង​ចីវរ បង្ក​ឲ្យ​មានប្រតិកម្ម​
20, Jan 2018 , 5:00 pm        
រូបភាព
ដោយ:
​អ្នកប្រព្រឹត្ត​ល្មើសច្បាប់​ត្រូវតែ​មានទោស មិន​ថា​អ្នកបួស ឬ​គ្រហស្ថ​នោះឡើយ​។ កាលពីពេល​ថ្មីៗ​កន្លងមកនេះ នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ព្រះសង្ឃ​ពីរ​អង្គ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​។ ជាមួយនឹង​ការគាំទ្រ​ចំណាត់ការ​របស់​សមត្ថ​កិច្ច មហាជន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏បាន​សម្តែង​ប្រតិកម្ម​ផងដែរ ចំពោះ​ការចាប់​វាយខ្នោះ​ជនសង្ស័យ​ទាំង​ជាប់​ស្បង់​ជីវរ​។​

 
«​សមត្ថកិច្ច វែកមុខ​បាន​អ្នក​ដែល​បំផ្លាញ​សាសនា ប៉ុន្តែ​សមត្ថកិច្ច​ខ្លួនឯង មិនគួរ​ចាប់វាយ​ខ្នោះ​ជនល្មើស​ទាំង​គ្រោង​ស្បង់​ចីវរ​បែបនេះ​ឡើយ​»​។ នេះ​ជា​ប្រតិកម្ម​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់ ហើយ​ខ្លឹមសារ​ដដែល​នេះ ក៏មាន​ច្រើន​នៅតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្សេងទៀត​ផងដែរ​។​
 
​អតីត​ព្រះសង្ឃ​ទាំងពីរ ត្រូវបាន​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃទី​១៩ ខែមករា ជាមួយនឹង​វត្ថុតាង​រួមមាន​ម្សៅ​ស​ថ្លា​២៣​កញ្ចប់ និង​ទូរ​សព្ទ​ដៃ​២​គ្រឿង​។ នា​អំឡុងពេល​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន សមត្ថកិច្ច បាន​បង្ហោះ​រូប​ដែល​ឃើញ​អ្នកប្រព្រឹត្ត​ខុស​ទាំងពីរ ជាប់​ខ្នោះ​ទាំង​ជាប់​ស្បង់​ចីវរ​។​
 
​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ កំហុស​ទាំងឡាយ គឺជា​កំហុស​បុគ្គល ដូច្នេះ​មិនគួរ​យក​រឿង​អ្វីដែល​សៅហ្មង មក​ឡូកឡំ​ឡើយ​។ សារព័ត៌មាន​ថ្មីៗ មិន​ទទួលបាន​ការឆ្លើយតប​ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើយ​ទាក់ទង​នឹង​ករណីនេះ ប៉ុន្តែ លោក ផន ដាវី ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ បាន​ប្រាប់​តាម​ទូរ​សព្ទ​ថា ការដាក់​ខ្នោះ​ព្រះសង្ឃ​ទៅបាន​លុះត្រា​តែមាន​បទល្មើស​ធ្ងន់ធ្ងរ​បំផុត ដោយ​សុំ​ឃាត់ខ្លួន ហើយ​ដាក់​ខ្នោះ​នេះ​បាន ម្យ៉ាង​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​រត់គេច​ប៉ុណ្ណោះ​។ 
«​តាម​នីតិវិធី​ពុទ្ធសាសនា គេ​អាច​ចាប់​អតីត​ព្រះសង្ឃ​ដាក់​ខ្នោះ ឬ​ដាក់​ទោសទណ្ឌ ទាល់តែ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​ទាំងនោះ ត្រូវបាន​ផ្សឹក ឬ​លា​សិក្ខាបទ​ជាមុនសិន​»​។ នេះ​ជាការ​បញ្ជាក់ លោក របស់ ផន ដាវី​៕ 

Tag:
 សាសនា​
© រក្សាសិទ្ធិដោយ thmeythmey.com