ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សុខភាព
សេដ្ឋកិច្ច
អ្នកស្រី ភិរម្យ ចោល​ប្រាក់ខែ​ពាន់​ដុល្លារ​, លះបង់​ពេលវេលា​គ្រួសារ ព្រោះ​ចង់​ប្រើ​សក្ដានុពល​ឲ្យ​អស់​
09, Mar 2018 , 9:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកស្រី ឌី​ផន ភិរម្យ ជា​ម្ចាស់​ក្រុមហ៊ុន​យីហោ ម៉ាច់ (MUCHs) ផ្នែក​សេវាកម្ម​ថែទាំ​សុខភាព​ចល័ត ។ អ្នកស្រី​បាន​បោះបង់ចោល​ការងារ ដែលមាន​ចំណូល​ប្រចាំខែ ជាង​មួយ​ពាន់​ដុល្លារ មក​បើក​អាជីវកម្ម​នេះ​ម្នាក់ឯង​។ មូលហេតុ នៃ​ការឈាន​ជើង​ចូលប្រឡូក​ក្នុង​មុខ​ជំនួញ ដែល​ដំណើរការ​ទើបបាន​២​ឆ្នាំ មួយ​នេះ ព្រោះ​អ្នកស្រី​ចង់​ប្រើប្រាស់​សក្ដានុពល​របស់​ខ្លួន ពោលគឺ​អ្នកស្រី​អាច​ផ្លាស់ប្ដូរ​ខ្លួនឯងពី​បុគ្គលិកធ្វើការឲ្យគេ​ មកជា​ម្ចាស់​ក្រុមហ៊ុន​មួយ ជួយផ្ដល់​ដំណោះស្រាយ​ដែល​សង្គម​ត្រូវការ និង​បង្កើត​ការងារ​ដល់​អ្នកដទៃទៀត​។​



​សូម​ស្ដាប់​បទ​សម្ភាស រវាង លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​អ្នកស្រី ឌី​ផន ភិរម្យ ដូចតទៅ​៖
 
 
 
 
​មុន​ក្លាយជា​សហគ្រិន អ្នកស្រី ឌី​ផន ភិរម្យ បាន​បម្រើ​ការងារ​អស់​ពេល ១៥​ឆ្នាំ​។ អ្នកស្រី​បាន​រៀន និង​មានបទពិសោធន៍​ផ្នែក​គិលានុបដ្ឋាក ព្រមទាំង​បាន​សិក្សា​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ផងដែរ​។ អ្នកស្រី​មានបំណង​ចង់​បើក​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ថែទាំ​ង​សុខភាព​ចល័ត​នេះ តាំងពី​ឆ្នាំ​២០០៧ មក​ម្លេះ ប៉ុន្តែ​មិនអាច​បើក​បាន ដោយ​ខ្វះខាត​ចំណេះដឹង​ផ្នែក​ជំនួញ​។ បើក​អាជីវកម្ម​មួយ​នេះ ដោយ​អ្នកស្រី​មើលឃើញថា​មាន​តម្រូវ​ការថែទាំង​សុខភាព​អ្នកជំងឺ​ដល់​គេហដ្ឋាន ជាពិសេស​អាចជួយ​សម្រាល​បន្ទុក​សមាជិកគ្រួសារ​ដែល​មមាញឹក​នាពេល​បច្ចុប្បន្ន​។ សេវាកម្ម​ក្រុមហ៊ុន​របស់​អ្នកស្រី ភិរម្យ ផ្ដល់​សេវា​ថែទាំ​អ្នកជំងឺ ព្យាបាល​សម្រន់ និង​ព្យាបាល​សម្រាប់​ជំងឺ​ទូទៅ​។​


 
​ជា​សហគ្រិន​ស្ត្រី អ្នកស្រី ភិរម្យ ព្យាយាម​ជម្នះ​ចិត្ត​ក្រុមគ្រួសារ ដើម្បី​ឈាន​ជើង​ចូល​វិស័យ​ជំនួញ​។  អ្នកស្រី​មិន​ទទួល​សុខ​ជាមួយ​ប្រាក់ខែ​ជាង​មួយ​ពាន់​ដុល្លារ​នេះឡើយ ដោយ​ចង់​បញ្ចេញ​កត្តា​សក្ដានុពល​ខ្លួន​ឲ្យ​អស់ ទោះបី​ត្រូវ​លះបង់​ពេលវេលា​ខ្លះ ដែល​ធ្លាប់តែ​ផ្ដល់​ឲ្យ​គ្រួសារ​របស់​អ្នកស្រី​។ អ្នកស្រី​ថ្លែងថា ការបើក​អាជីវកម្ម តម្រូវ​ឲ្យ​អ្នកស្រី​មមាញឹក​ខ្លាំង​ជាង​ការបំពេញ​ការងារ​ឲ្យ​គេ ព្រមទាំង​ត្រូវ​ធ្វើការ​ច្រើន​ផ្នែក មាន​ឧស​គ្គ​ច្រើន ដែល​ត្រូវ​ហែល​ឆ្លង​។ នេះ​ជា​អ្វីដែល​អ្នកស្រី ភិរម្យ ប្រាប់ថា ជា​ការបើក​បង្ហាញ​សក្ដានុពល​របស់ខ្លួន ព្រោះ​អ្នកស្រី​បាន​ផ្លាស់ប្ដូរ​ពី​ការ​ស៊ីឈ្នួល​ឲ្យ​គេ មក​បង្កើត​ការងារ​ឲ្យ​គេ និង​ផ្ដល់​សេវាកម្ម​មួយ​ដែលជា​តម្រូវការ​របស់​សង្គម​។​
 
​អ្នកស្រី ភិរម្យ ហាក់​ជឿជាក់ថា​មុខរបរ​មួយ​នេះ​នឹងមិន​ស្ថិត​ក្នុងចំណោម​អាជីវកម្ម​ថ្មីថ្មោង (Startup Business) មួយចំនួន​ដែល​ឈប់​ដំណើរការ​ទៅវិញ​នោះឡើយ ព្រោះ​វា​ជា​អាជីវកម្ម​ដែល​កើតចេញពី​ការស្រលាញ់​របស់​អ្នកស្រី​ផ្ទាល់ ដែល​ជំរុញ​ឲ្យ​អ្នកស្រី​ខិតខំ​យ៉ាងខ្លាំង​។ 
 
​អ្នកជំនួញ​រូបនេះ ប្រាប់ទៀតថា អាជីវ​កម្មនេះ​ដំណើរការ​រហូតដល់​ខែ​ទី​១៦ ទើប​អាច​រកប្រាក់​ចំណេញ​បាន​។ ហើយ​ក្នុងពេល​មិនទាន់​ចំណេញ អ្នកស្រី ភិរម្យ អាចមាន​លទ្ធភាព​ទប់​ការចំណាយ​បាន ព្រោះ​អ្នកស្រី​នៅ​បំពេញការងារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នៅឡើយ ពោលគឺ​រហូតដល់​បើក​ក្រុមហ៊ុន​បាន​មួយឆ្នាំ​ទើប​អ្នកស្រី​ឈប់​បម្រើ​ការងារ​ឲ្យ​គេ​ទាំងស្រុង​៕

Tag:
 Startup
  ឌី​ផន ភិរម្យ​
  MUCHs
© រក្សាសិទ្ធិដោយ thmeythmey.com