កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៧ ឆ្នាំ​២០១៩
ជាតិ
កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៧ ឆ្នាំ​២០១៩
21, Jan 2018 , 5:00 pm        
រូបភាព
រូបភាពពីគេហទំព័ររដ្ឋសភាជាំតិកម្ពុជា.jpg
រូបភាពពីគេហទំព័ររដ្ឋសភាជាំតិកម្ពុជា.jpg
​សភាជាតិ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​វេទិកា​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​(APPF) ឆ្នាំ​២០១៩ បន្ទាប់ពី​រដ្ឋសភា វៀតណាម​បានធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​បញ្ចប់ កាល​ថ្ងៃទី​១៨​ដល់​២១ ខែមករា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ​។



APPF លើក​ទី​២៦ ដែល​ធ្វើ​នៅ​ប្រទេស​វៀតណាម នាទី​ក្រុង​ហាណូយ តំណាង​សភា​កម្ពុជា ដឹកនាំ​ដោយ លោក ទេព ង​ន អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា​។ ក្នុង​កិច្ចប្រជុំ​នោះដែរ វេទិកា​បានអនុម័ត​គាំទ្រ​ដល់​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក សម្រាប់​ឆ្នាំ​២០១៩​។​
 
​តាម​គម្រោង​សភា​កម្ពុជា នឹង​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ ខែមករា ឆ្នាំ​២០១៩ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) នៅ​ខេត្តសៀមរាប​។ នេះ​បើតាម​ការផ្សាយ​គេហទំព័រ​រដ្ឋសភា​។​
 
​កិច្ចប្រជុំ​ប្រចាំឆ្នាំ APPF លើក​ទី​២៦ នាទី​ក្រុង​ហាណូយ ឆ្នាំ​២០១៨ មាន​សមាជិក​វេទិកាសភា​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ចំនួន​២១​ប្រទេស​ចូលរួម ក្នុងនោះដែរ​មាន​ប្រទេស​អ្នកសង្កេតការណ៍ និង​មាន​អង្គការ​សភា ជា​ដៃគូ​ធំៗ សរុប​ប្រមាណ​៤០០​នាក់​។ កិច្ចប្រជុំ​ប្រ​ចាំំ​ឆ្នាំ បាន​ពិភាក្សា​លើ​សេចក្តីព្រាង សេចក្តីសម្រេច​ចំនួន​៤៥​។ 
​ជាមួយគ្នានេះដែរ វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​(APPF) បាន​ស្វែងរក​គន្លឹះ​ដោះស្រាយ​បញ្ហា​រួម​នៅក្នុង​វិស័យសេដ្ឋកិច្ច បរិស្ថាន ការប្រែប្រួល​អាកាសធាតុ ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម លើកកម្ពស់​សមភាព​យេនឌ័រ ទេសចរណ៍ វប្បធម៌ សិទ្ធិមនុស្ស​។​
 
​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (The Asia Pacific Parliamentary Forum) បាន​បង្កើតឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣​។ សភា​នៃ​កម្ពុជា បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​វេទិកាសភា​នេះ កាលពី​ឆ្នាំ​១៩៩៥​។ បច្ចុប្បន្ន APPF មាន​សមាជិក​ពេញ​សិទ្ធ​ចំនួន​២៧​ប្រទេស​៕
 
 

Tag:
 សភា​អាស៊ី​-​ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com