អន្តរជាតិ
ប្រមុខ​ការទូត​អង់គ្លេស ស្នើ​ឲ្យ​អ្នកនយោបាយ​ស្វាគមន៍​ទស្សនកិច្ច​របស់លោក ត្រាំ ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​
21, Jan 2018 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សម្រេច​លុបចោល​ទស្សន​កិច្ច​របស់ខ្លួន​មក​អង់គ្លេស​នៅ​សប្តាហ៍​មុន​ព្រោះ​បញ្ហា​ចម្រូងចម្រាស​មួយចំនួន​ក្នុងនោះ​មាន​ការមិនទទួលបាន​ការស្វាគមន៍​ពី​អ្នកនយោបាយ​អង់គ្លេស​ផង​។ ប៉ុន្តែ​នៅ​សប្តាហ៍​នេះ​ប្រមុខ​ការទូត​អង់គ្លេស បាន​អំពាវនាវ​ឲ្យ​មានការ​ស្វាគមន៍​លោក ត្រាំ ដើម្បី​ការពារ​ប្រយោជន៍​យូរអង្វែង​របស់​អង់គ្លេស​ផង​។​

 
​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក Boris Johnson  ថ្ងៃ ២១ ខែមករា​នេះ បាន​ទទូច​ឲ្យ​មានការ​បញ្ឈប់​រាល់​ការប្រឆាំង​ទស្សនកិច្ច​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មកកាន់​ចក្រភព​អង់គ្លេស​ទៀត ដោយ​លោក​សង្កត់ធ្ងន់ថា វា​នឹង​បំផ្លាញ​ផលប្រយោជន៍​អង់គ្លេស​កាន់តែខ្លាំង​ផង​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការទូត​អង់គ្លេស​ខាងលើ​បានបញ្ជាក់​ដូច្នេះ​ថា​៖« ដូ​ណា​ល់ ត្រាំ ជា​ប្រធានាធិបតី​ជាប់ឆ្នោត​នៃ​មហាអំណាច​ធំ​ដែលមាន​ឥទ្ធិពល​ខ្លាំង និង​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ខ្លាំងក្លា​បំផុត​មួយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ក៏​ជា​មេដឹកនាំ​ប្រទេស​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​មួយ​ដែរ​»​។​
 
​លោក Johnson បាន​អំពាវនាវ​បែបនេះ ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ​មុនពេល​ដែល​សម​ភាគី​អាមេរិក​មក​បំពេញ​ទស្សនកិច្ច​នៅ​អង់គ្លេស​ដើម្បី​ពិភាក្សា​សំខាន់ៗ​រួមគ្នា​។ រដ្ឋមន្ត្រីការបរទេស​រូបនេះ​ថែមទាំង​បាន​សង្កត់ធ្ងន់ថា ការបន្ត​ពន្យារពេល​ទស្សនកិច្ចរ​បស់​មេដឹកនាំ​អាមេរិក​នឹងមាន​ផល​អវិជ្ជមាន​កាន់តែ​ធំ​ចំពោះ​ប្រយោជន៍​ជាតិ​ជាពិសេស​ប្រយោជន៍​សេដ្ឋកិច្ច​របស់​អង់គ្លេស​នាពេល​អនាគត​ផង​។​
 
«​ការប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​មកកាន់​ប្រទេស​យើង វា​ជា​មិន​ខុសពី​បំផ្លាញ​ប្រយោជន៍​ជាតិ​ឡើយ​។ រដ្ឋបាល​លោក​ត្រាំ ស័ក្តិសម​នឹង​ទទួលបាន​ការគោរព និង​ការទទួលស្គាល់​មិនមែន​រង​ការបន្តុះ​បង្អាប់​ដូច​ក្មេង​ឡើយ​»​។ នេះ​ជាស​ម្តី​របស់លោក Johnson​។ 
 
 
​ទំនាក់ទំនង​រវាង​អង់គ្លេស និង​អាមេរិក​ធ្លាក់ចុះ​ខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រោយ​ពេលដែល​លោក ត្រាំ សម្រេច​លុបចោល​ទស្សន​កិច្ច​ទៅកាន់​អង់គ្លេស​ដោយសារ​បញ្ហា​ចម្រូងចម្រាស​មួយចំនួន​។ 
 
​បើតាម​លោក ត្រាំ ខ្លួនឯង​បញ្ហា​ចម្បង​ដែល​លោក​លុបចោល​ទស្សនកិច្ច​នេះ គឺ​បញ្ហា​ទីតាំង​ស្ថានទូត​អាមេរិក​នៅ​អង់គ្លេស  ប៉ុន្តែ​បើតាម​ស្ថានភាព​ជាក់ស្តែង​លោក ត្រាំ ប្រហែលជា​មិន​ទទួលបាន​ការស្វាគមន៍​ពី​អ្នកនយោបាយ​អង់គ្លេស​ឡើយ​។ អ្នកនយោបាយ​អង់គ្លេស​ជាច្រើន​បានបង្ហាញ​ជំហរ​ប្រឆាំង​ទស្សនកិច្ច​របស់​មេដឹកនាំ​អាមេរិក ដោយ​លើក​ហេតុផល​ថា​លោក ត្រាំ ជា​មនុស្ស​រើសអើង​ពូជសាសន៍​ផង​៕

 


Tag:
 ដូ​ណា​ល់ ត្រាំ​
  អង់គ្លេស​
  Boris Johnson
© រក្សាសិទ្ធិដោយ thmeythmey.com