ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ បើ​មិន​ហ៊ាន​សរសេរ​រឿង​ពិត ក៏​មិន​អាចជួយ​សង្គម​បានដែរ​
21, Jan 2018 , 11:03 pm        
រូបភាព
ដោយ: រួបរួម
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយតម្លៃថា វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​ក្តៅ ឬ​ត្រជាក់​ស្ថិតនៅលើ​ស្ថាប័ន និង​អ្នកសារព័ត៌មាន​ខ្លួនឯង​។ សម្តេច​បានលើកឡើង​បែបនេះ​នា​ជំនួប​សំណេះសំណាល និង​អាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​ពីរ ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ល្ងាច​ថ្ងៃអាទិត្យ ទី​២១ ខែមករា ឆ្នាំ​២០១៨ ដែលមាន​អ្នកចូលរួម​ប្រមាណ​៣៤០០​នាក់​។​



«​បើ​ចង់​ក្តៅ​សរសេរ​ជេរប្រមាថ តែបើ​ចង់​ត្រជាក់​សរសេរ​លើកដៃ​លើកជើង​ទំយើ​បុគ្គល ជ្រុល​ហួសការ​ពិត​»​។ ក្នុងន័យនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ចង់ឃើញ​ការថ្លឹងថ្លែង​ក្នុង​សំណេរ​របស់​អ្នកសារព័ត៌មាន ដោយ​មិន​សរសេរ​រឿង​ឲ្យ​ក្តៅ​តាមរយៈ​ការជេរប្រមាថ រហូតដល់​មានការ​ប្តឹងផ្តល់ ហើយ​មិន​សរសេរ​រឿង​ត្រជាក់ ជាមួយនឹង​ការ​ប្រឌិត​ថា​ល្អ​គ្រប់​រឿង​។​

​សម្តេច​បាន​លើកឡើងថា ព័ត៌មាន​ដែល​យកជាការ​ណ៍​បាន ដូចជា​ទឹក​ក្តៅ​លាយ​ទឹក​ត្រជាក់ ដែល​ស្រួល​ងូត ព្រោះ​គេ​មិនអាច​ងូត​ត្រជាក់​ពេក និង​ក្តៅ​ពេក​នោះឡើយ​។ «​បើ​រឿង​ពិត​យើង​មិន​ហ៊ាន​សរសេរ​ចេញ ដែល​ខ្លាច​ប៉ះពាល់​នេះ ប៉ះពាល់​នោះ ខ្ញុំ​គិតថា វា​មិន​អាចជួយ​ទៅដល់​សង្គម​បានទេ​។ យើង​ត្រូវការ​ព័ត៌មាន​ទាំង​ល្អ​ទាំង​អាក្រក់​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន​។​

​ដើម្បី​ធ្វើជា​កញ្ចក់​ឆ្លុះ​សង្គម សម្តេចនាយក​រដ្ឋមន្ត្រី ផ្តល់​អនុសាសន៍​ដល់​អ្ន​ក​សារព័ត៌មាន​ឲ្យ​យក​រឿង​ល្អ និង​រឿង​អាក្រក់ បញ្ចូល​គ្នា ពីព្រោះ​ព័ត៌មាន​ពិត​អាច​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម ហើយ​សម្រាប់​ព័ត៌មាន​មិន​ពិត ទាំង​ប្រជាពលរដ្ឋ ទាំង​ផ្នែក​រដ្ឋ សុទ្ធតែ​មិនអាច​ទទួលយកបាន​នោះឡើយ​៕


Tag:
 សម្តេច ហ៊ុន សែន
  អ្នកសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com