ជាតិ
សេដ្ឋកិច្ច
ផ្លូវរថភ្លើង៖ ថៃរង់ចាំកម្ពុជាបញ្ចប់ការសាងសង់ទាំងស្រុង រូបផ្លូវរថភ្លើងពីហ្វេសប៊ុកក្រសួងសាធារណៈការ និងដឹកជញ្ជូន
× ភ្នំពេញ៖ មកដល់ពេលនេះរដ្ឋាភិបាលថៃ បានបញ្ចប់ការសាងសង់ផ្លូវរថភ្លើង សម្រាប់ការតភ្ជាប់រវាងទីក្រុងបាងកក និងទីក្រុងភ្នំពេញហើយ ខណៈដែលកម្ពុជាគ្រោងបញ្ចប់ការសាងសង់ផ្លួវរថភ្លើង នៅក្នុងឆ្នាំ២០១៨នេះ។
ខ្សែរថភ្លើងនៅក្នុងស្រុកអារញ ខេត្តស្រះកែវ ប្រទេសថៃ ដែលភ្ជាប់ទៅបន្ទាត់ព្រំដែនរវាងថៃ និងកម្ពុជានោះ បានសាងសង់រួចរាល់ហើយ ប៉ុន្តែគម្រោងនៃការបើកឲ្យដំណើការប្រើប្រាស់ផ្លូវដែកនេះ មិនទាន់លេចចេញជារូបរាងនៅឡើយទេ។ រដ្ឋាភិបាលថៃ កំពុងរង់ចាំកម្ពុជាបញ្ចប់ការសាងសង់ផ្លូវរថភ្លើងទាំងស្រុង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post ។
លោក ច័ន្ទ សំលេង ប្រធាននាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននិយាយថា ក្រសួងបានសាងសង់ផ្លូវរថភ្លើងស្ទើររួចរាល់ទាំងស្រុងហើយ ដោយនៅសល់តែចំណុចខ្សែរថភ្លើងពីខេត្តពោធិ៍សាត់ មកខ្សែរថភ្លើង ស្រុកបាត់ដឹង ខេត្តកំពង់ស្ពឺប៉ុណ្ណោះ ។ បើតាមលោក ច័ន្ទ សំលេង គម្រោងខ្សែរថភ្លើង នឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០១៨នេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធាននាយកដ្ឋានផ្លូវដែករូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងបានតភ្ជាប់ផ្លូវរថភ្លើងរវាងកម្ពុជា-ថៃ ហើយមានទាំងស្ពានមិត្តភាពកម្ពុជា-ថៃ នៅតាមព្រំដែនផងដែរ។ ប៉ុន្តែវានៅសល់ចំណុចមួយចំនួន ដែលយើងសាងសង់មិនទាន់រួចរាល់ ដូចជាខ្សែរថភ្លើងពីប៉ោយប៉ែត មកស៊ីសុផុន សម្រេច៩៥ភាគរយ ពីស៊ីសុផុន មកបាត់ដំបង នៅសល់៥ភាគរយ ពីបាត់ដំបងមកពោធិ៍សាត់ សល់៥ភាគរយទេ ។ ប៉ុន្តែគម្រោងសាងសង់ពីពោធិ៍សាត់មកស្រុកបាត់ដឹង ទើបរៀបចំបាន២ភាគរយប៉ុណ្ណោះ។
មកដល់ពេលនេះរដ្ឋាភិបាល បានចំណាយទឹកប្រាក់អស់៦០លានដុល្លារហើយ សម្រាប់សាងសង់ផ្លូវរថភ្លើង ហើយកំពុងត្រៀម២០លានដុល្លារទៀត ដើម្បីសាងសង់ខ្សែរថភ្លើង ពោធិ៍សាត់-បាត់ដឹង ។ នេះបើតាមលោក ច័ន្ទ សំលេង ដែលបានបន្ថែមថា ខ្សែរថភ្លើងដែលរត់ពីភ្នំពេញឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃនេះ មានប្រវែង៣៨៦គីឡូម៉ែត្រ។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា-ថៃ បានព្រមព្រៀងតភ្ជាប់ខ្សែរថភ្លើងភ្នំពេញ-បាងកក កាលពីឆ្នាំ២០១៥ ក្នុងគោលបំណងសម្រួលដល់ការដឹកជញ្ជូនទំនិញ ទាញផលប្រយោជន៍លើផ្នែកទេសចរណ៍ ជាពិសេសពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ រដ្ឋាភិបាលកម្ពុជា-ថៃ រំពឹងថា ការតភ្ជាប់ខ្សែរថភ្លើងនឹងពង្រីកទំហំពាណិជ្ជកម្មរួមគ្នា ឲ្យបាន១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០ខាងមុខ៕
Tag:
ផ្លូវរថភ្លើង
កម្ពុជា
ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com