ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការសិក្សា៖ តមប្រៃអាចជួយជីវិតយើងបាន
× យោងទៅតាមទំព័រមុខរបស់សារព័ត៌មាន Daily Mail បានឲ្យដឹងនូវដំណឹងល្អមួយថា ការកាត់បន្ថយការញ៉ាំប្រៃអាចជួយសង្គ្រោះជីវិតមនុស្សយើងបាន។ រឿងនេះគឺផ្អែកទៅលើការសិក្សាមួយដែលពិនិត្យទៅលើទិន្នន័យបានពីការសង្កេតសុខភាពសម្រាប់ប្រទេសអង់គ្លេស របបអាហារថ្នាក់ជាតិ និងជីវជាតិ ព្រមទាំងការិយាល័យសម្រាប់ស្រង់ស្ថិតិថ្នាក់ជាតិរវាងឆ្នាំ ២០០៣ និង ២០១១ (Health Survey for England, The National Diet and Nutrition Survey, and the Office for National Statistics)។
អ្នកស្រាវជ្រាវបានជ្រើសរើសឆ្នាំ២០០៣ សម្រាប់ការចាប់ផ្តើម ដោយសារតែនេះគឺជាពេលវេលាដែលនាយកដ្ឋានសុខាភិបាលចុះយុទ្ធនាការណ៍កម្មវិធីកាត់បន្ថយជាតិប្រៃ។ ការញ៉ាំជាតិប្រៃអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ហើយកាលណាសម្ពាធឈាមខ្ពស់ នឹងធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងដែរ។ ការសិក្សានេះបានពិនិត្យទៅលើការប្រែប្រួលទៅលើមធ្យមភាគនៃការញ៉ាំប្រៃ សម្ពាធឈាម និងការស្លាប់ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងក្នុងពេលវេលានេះ។ ជាមួយគ្នានេះដែរ មធ្យមភាគនៃសម្ពាធឈាម និងការញ៉ាំប្រៃមានការថយចុះយ៉ាងគួរឲ្យកត់សម្គាល់ ដូច្នេះវាក៏បន្ថយចំនួននៃការស្លាប់ដោយសារតែដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងដែរ។
នៅពេលអ្នកស្រាវជ្រាវគ្រាន់តែពិនិត្យទៅលើអ្នកដែលមិនប្រើថ្នាំបញ្ចុះសម្ពាធឈាម និងថ្នាំផ្សេងៗទៀតដែលអាចប៉ះពាល់ដល់សម្ពាធឈាម នៅវានៅតែជារឿងដ៏សំខាន់មួយក្នុងការថយចុះសម្ពាធឈាមនៅចន្លោះឆ្នាំ ២០០៣ និង ២១១ដែរ។
ការចុះសម្ពាធឈាមអាចដោយសារតែការប្រែប្រួលសុខភាព និងរបៀបរស់នៅដែលមិនបានរាប់បញ្ចូលដែរ។ មួយវិញទៀត វាក៏អាចទាក់ទងនឹងការរីកចម្រើនលើការថែទាំសុខភាពនិងការព្យាបាល។ យ៉ាងណាមិញ ការសិក្សានេះមាននិន្នាគាំទ្រដល់ការណែនាំសុខភាពដែលតម្រូវឲ្យមនុស្សយើងញ៉ាំជាតិប្រៃកុំឲ្យច្រើនជាង ៦ក្រាមក្នុងមួយថ្ងៃ ឬស្មើនឹងមួយស្លាបព្រាកាហ្វេ ដើម្បីបន្ថយការលើសសម្ពាធឈាម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com