ជាតិ
សេដ្ឋកិច្ច
ឱកាស​ដល់​ចុងឆ្នាំ​២០១៨​សម្រាប់​ក្រុមហ៊ុន​ដែល​មិនទាន់​ចុះបញ្ជី​ឡើងវិញ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​
25, Jan 2018 , 2:55 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម ប្រកាស​ទុកពេល​ដល់​ក្រុមហ៊ុន​មួយចំនួន ដែល​មិនទាន់​ចុះបញ្ជី​ឡើងវិញ តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម រហូតដល់​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្ដីជូនដំណឹង របស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃទី​២២ ខែមករា​។​



​ដើម្បី​ផ្ដល់ឱកាស​ដល់​ក្រុមហ៊ុន ឬ​ទីភ្នាក់ងារ​ទាំងឡាយណា ដែល​មិនទាន់បាន​ចុះបញ្ជី​សារ​ឡើងវិញ ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ក្រសួងពាណិជ្ជកម្ម បានប្រកាស​ទុកពេល​វេលា​ចុះបញ្ជី រហូតដល់​ដំណាច់​ឆ្នាំនេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ដដែល​នេះ​។​

​សេចក្ដីជូនដំណឹង​ខាងលើ​បន្ថែមថា ក្រុមហ៊ុន ឬ​ទីភ្នាក់ងារ ត្រូវ​ភ្ជាប់​ប្រតិវេទន៍ អំពី​ស្ថានភាព​សហគ្រាស​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​២០១៥ ២០១៦ និង​ឆ្នាំ​២០១៧ ដើម្បី​ចុះបញ្ជី​។ ក្នុងករណី​មិនមាន​ប្រតិវេទន៍​ក្នុង​ឆ្នាំ​ទាំង​នោះទេ ក្រុមហ៊ុន​ត្រូវ​បង់​កម្រៃ​សេវា តម្កល់​ប្រតិវេទន៍​ទាំង​៣​ឆ្នាំ និង​ការពិន័យ​ចំពោះ​ការមិន​តម្កល់​ប្រតិវេទន៍​ប្រចាំឆ្នាំ នៅ​ក្រសួងពាណិជ្ជកម្ម​។​

​មុន​មាន​សេចក្ដីជូនដំណឹង​ថ្មី​នេះ ការចុះបញ្ជី​សារ​ឡើងវិញ ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ត្រូវបាន​កំណត់ដោយ​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ឆ្នាំ​២០១៥ បន្ទាប់មក​ក្រសួង​បានចេញ​សេចក្ដីជូនដំណឹង​ទុកពេល​ដល់ ខែធ្នូ ឆ្នាំ​២០១៧៕

Tag:
 ចុះបញ្ជី​
© រក្សាសិទ្ធិដោយ thmeythmey.com