អន្តរជាតិ
Jack Ma៖ បដិវត្តន៍​បច្ចេកវិទ្យា​បច្ចុប្បន្ន អាចបង្កើត​សង្គ្រាមលោកលើកទីបី​
25, Jan 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថាបនិក​ក្រុមហ៊ុន​អា​លី​បា​បា លោក Jack Ma អះអាងថា បដិវត្តន៍​បច្ចេកវិទ្យា​អាច​នឹង​បង្កបញ្ហា​ច្រើន និង​អាចឈាន​ដល់បង្កើត​សង្គ្រាមលោក​ផង បើសិន​ពិភពលោក​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ទេនោះ​។



​នា​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ ២០១៨ នៅក្នុង​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វី​ស​ស្ថាបនិក​និង​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន អា​លី​បា​បា លោក Jack Ma បានផ្តល់​យោបល់​ថា ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ពិតជា​ល្អ​ប៉ុន្តែ​វា​ក៏​បង្កើត​បញ្ហា​ច្រើន​ដែរ​។ លោក​រម្លឹកថា បដិវត្តន៍​បច្ចេកវិទ្យា​កន្លងមក​បាន​បង្កើត​សង្គ្រាមលោក​រួចហើយ​។

​លោក Jack Ma និយាយ​ដូច្នេះ​៖«​បដិវត្តន៍​បច្ចេកវិទ្យា​លើកទីមួយ​បង្ក​ឲ្យ​មាន​សង្គ្រាមលោក​លើកទីមួយ បដិវត្តន៍​លើក​ទី​ពីរ​បង្កើត​សង្គ្រាមលោកលើកទីពីរ ហើយ​បច្ចុប្បន្ននេះ​យើង​ស្ថិតក្នុង​បដិវត្តន៍​បច្ចេកវិទ្យា​លើក​ទី​បី​។ វា​ប្រហែលជា​បង្កើត​សង្គ្រាមលោកលើកទីបី​ដែរ​»​។

​បើតាម​សម្តី​របស់លោក Jack Ma  បញ្ហា​ធំ​ដែល​នឹង​អាច​កើតឡើង​ដោយសារ​ការប្រើប្រាស់​បញ្ញា​សិប្បនិម្មិត ឬ Artificial Intelligence (AI)​ផងដែរ​។

« បញ្ញា​សិប្បនិម្មិត (AI) និង​ការវិភាគ​ទិន្នន័យ​ទំហំ​ធំ (Big Data) ជាការ​គំរាមកំហែង​មនុស្សលោក​។ AI និង​មនុស្ស​យន្ត​នឹងធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ការងារ​ច្រើន ព្រោះ​នៅពេល​អនាគត ការងារ​គ្រប់យ៉ាង​នឹងត្រូវ​បំពេញ​ដោយ​មនុស្ស​យន្ត​។ ខ្ញុំ​គិតថា​បច្ចេកវិទ្យា​ទាំងនេះ​ត្រូវ​គាំទ្រ​មនុស្ស​។ បច្ចេកវិទ្យា​តែងតែ​ធ្វើ​អ្វីដែល​ជួយ​មនុស្ស​អាចបំពេញ​ការងា​រ​របស់ខ្លួន មិនបាន​រារាំង​មនុស្ស​ឡើយ​»​។ នេះ​ជាការ​ពន្យល់​របស់លោក Jack Ma​។

​បើតាម​លោក​ផ្ទាល់​គេ​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ធ្វើយ៉ាងណា​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដើម្បី​ធានាថា បច្ចេកវិទ្យា​នឹងធ្វើ​ឲ្យ​មនុស្ស មានលទ្ធភាព​ខ្ពស់ និង​ធ្វើ​ឲ្យ​ជីវិត​គេ​ប្រសើរឡើង​។

​វា​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​ស្ថាបនិក​អា​លី​បា​បា​រូបនេះ​ភ្ជាប់​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ជាមួយ​សង្គ្រាមលោក​នោះ​។ លោក​ធ្លាប់​លើកឡើង​ស្រដៀង​គ្នា​កាលពី​ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៧ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អន្តរជាតិ​នោះ​។​

-​សាកលភាវូបនីយកម្ម​មិនអាច​បញ្ចប់​បានឡើយ​

​បន្ថែម​ពីលើ​បច្ចេកវិទ្យា លោក Jack Ma ក៏​ផ្តោត​សំខាន់ ពាណិជ្ជកម្ម និង​សាកលភាវូបនីយកម្ម​ដែរ​។ លោក​បានចាត់ទុក​សាក​ល​ភាវូបនីយកម្ម​ជា​រឿង​ដែល​អស្ចារ្យ​និង​សំខាន់បំផុត​មួយ​សម្រាប់​ពិភពលោក  ហើយ​វា​មិនអាច​មិន​បញ្ឈប់​បានឡើយ​។​

​អ្នកជំនួញ​ដ៏​ជោគជ័យ​រូបនេះ​បាន​ថ្លែងថា សង្គ្រាម​ពាណិជ្ជកម្ម​ជា​អ្វីដែល​លោក​ខ្លាច​បំផុត ហើយ​កាលណា​បើ​ពាណិជ្ជកម្ម​លែងមាន​ដំណើរការ សង្គ្រាម​ច្បាស់​ជា​នឹង​កើតឡើង​មិន​ខាន​។

«​ខ្ញុំ​គិតថា សាកលភាវូបនីយកម្ម​មិនអាច​បញ្ឈប់​បានឡើយ ហើយ​គ្មាន​អ្នកណា​អាច​បញ្ឈប់​ដែរ​។ គ្មាន​អ្នកណាម្នាក់​អាច​បញ្ឈប់​ពាណិជ្ជកម្ម​បានទេ​។ បើសិន​សិន​ជា​ពាណិជ្ជកម្ម​ឈប់​ដំណើរការ ពិភពលោក​នឹង​ឈប់​ដំណើរការ​ដែរ ហើយ​សង្គ្រាម​ចាប់ផ្តើម​ឡើយ​។ មានតែ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ដែល​អាច​បំបាត់​សង្គ្រាម​បាន មិនមែន​បង្កើត​ស​ង្ក្រា​ម​ឡើយ​»​។ លោក Jack Ma បាន​សង្កត់ធ្ងន់​បែបនេះ​។​

​យ៉ាងណាក៏ដោយ លោក​ទទួលស្គាល់ថា សាកលភាវូបនីយកម្ម​ពិតជា​បាន​បង្កបញ្ហា​ច្រើន​ដែ​សម្រាប់​ពិភពលោក​ក្នុងនោះ​មានដូចជា ក្មេងៗ​ជាច្រើន​មិន​មានឱកាស​ទទួលបាន​ការងារ ហើយ​ក្រុមហ៊ុន​តូចៗ​ជាច្រើន​រងគ្រោះ​ក្ស័យធន​ជាដើម​។ ប៉ុន្តែ​វា​មិនមែន​មានន័យថា សាកលភាវូបនីយកម្ម​ត្រូវ​បញ្ចប់​ដើម្បី​ដោះស្រាយ​បញ្ហា​ឡើយ​។​

​លោក Jack Ma បាន​បន្ថែម​ដូច្នេះ​៖ «​ពាណិជ្ជកម្ម​សាកល​ត្រូវតែ​សាមញ្ញ និង​ត្រូវ​ការធ្វើ​ទំនើបកម្ម​។ វា​ត្រូវតែ​លក្ខណៈ​បរិ​យា​ប័ន្ន​ទើប​មនុស្ស​គ្រប់គ្នា​មានឱកាស​ដូចគ្នា​។ សាកលភាវូបនីយកម្ម​ជំនាន់​ក្រោយ​ត្រូវតែមាន​លក្ខណៈ​បរិ​យា​ប័ន្ន​»៕


Tag:
 Jack Ma
  បដិវត្តន៍​បច្ចេកវិទ្យា​
  សាកលភាវូបនីយកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com