អន្តរជាតិ
អ្នក​វិយោគ​ទុន​បរទេស​មាន​ទំនុកចិត្ត​នៅក្នុង​ការបង្ក្រាប​អំពើពុករលួយ​ក្នុង​ប្រ ទេស​វៀតណាម​
26, Jan 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​តៃប៉ិ ៖ ក្រុមហ៊ុន​បរទេស​ខ្លះ​ប្រហែល​ពិនិត្យមើល​ឡើងវិញ​នូវ​បញ្ជី​ក្រុមហ៊ុន​របស់ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា មាន​គណនេយ្យ​ត្រឹមត្រូវ​នៅពេលដែល​ពួក​រដ្ឋអាជ្ញា​ស៊ើបអង្កេត​នាយក​ប្រតិបត្តិ​ក្នុង​ក្រុមហ៊ុន​វៀតណាម​លើ​បទ​សង្ស័យ​ពុករលួយ​។​ពួក​សេដ្ឋវិទូ​ទស្សន៍ទាយ​ថា ក្រុមហ៊ុន​បរទេស​ជាច្រើន​នឹង​សរសើរ​ការបង្ក្រាប​នេះ​ថា ជា​ជំហាន​ឆ្ពោះទៅកាន់​តម្លាភាព ភាពត្រឹមត្រូវ​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​ហើយនឹង​ភាពប្រសើរឡើង​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​។​



​លោក Song Seng Wun ជា​សេដ្ឋវិទូ​នៅ​អង្គភាព​ធនាគារឯកជន CIMB ក្នុងប្រទេស​សិង្ហ​បុរី​បាន​និយាយថា​៖ «​ខ្ញុំ​គិតថា រហូតមកទល់​ពេលនេះ​ការ​បោសសម្អាត​អំពើពុករលួយ​ហាក់ដូចជា​ទទួលបាន​កា​រ​សាទរ​យ៉ាងខ្លាំង​។ យ៉ាងហោចណាស់​ក៏មាន​ការប្រឹងប្រែង​បោសសម្អាត​អំពើពុករលួយ​ហើយ​និង​មាន​តម្លាភាព​កាន់តែខ្លាំង​ឡើង​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ដែលជា​វិធី​មួយ​ធ្វើ​ឲ្យ​ប្រាកដថា​មានការ​ចម្រើន​ទៅមុខ​ខ្លាំង​ឡើង​ដែ​រ‍​»​។​

​ទំនុក​ចិត្តបាន​កើនឡើង​ក្នុងចំណោម​ពួក​អ្នកវិនិយោគទុន​រោងចក្រ​បរទេស​ដែល​ចូលចិត្ត​ប្រទេស​វៀតណាម​ចំពោះ​ដីធ្លី និង​ពលកម្ម​មានតម្លៃ​ថោក​នោះ នឹង​ជួយ​លើកទឹកចិត្ត​សេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។​

​ការវិនិយោគទុន​បរ​ទេស​ជា​គ្រឹះ​សម្រាប់​ផលិតផល​ក្នុងស្រុក​សរុប (GDP) ចំនួន​២០២​ពាន់​លាន​ដុល្លារ​របស់​វៀតណាម​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រំពឹងថា នឹង​រីកចម្រើន​៦,៥ ភាគរយ​នៅ​ឆ្នាំនេះ​។​

​ការកាត់ទោស​មន្ត្រី​ពុករលួយ​ជាន់ខ្ពស់​បានធ្វើ​ឡើង​ភាគច្រើន​នៅ​វៀតណាម​កាលពី​ឆ្នាំ​២០១៧​នៅពេលដែល​ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរ​លាន់ឮ​កងរំពង​អំពី​ការរំលោភ​នានា​ចាប់តាំងពី​ការទទួល​សំណូក​របស់​ប៉ូលិស​ចរាចរណ៍​ដល់​កិច្ចព្រមព្រៀង​ប្រើ​ដីធ្លី​ខុសច្បាប់​។​

​តាម​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក VnExpress International បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​ខែកញ្ញា​ឆ្នាំទៅ តុលាការ​មួយ​ក្នុង​ទីក្រុង​ហាណូយ​បាន​កាត់ទោស​ប្រហារជីវិត​អតីត​ប្រធាន​ក្រុមហ៊ុន​ឧស្ម័ន និង​ប្រេង​គឺ​ក្រុមហ៊ុន PetroVietnam ដែល​កាន់កាប់​ដោយ​រដ្ឋ​និង​បាន​កាត់ទោស​មន្ត្រី​ម្នាក់​មកពី​ធនាគារ OceanBank ដែលមាន​ទីតាំង​ក្នុងប្រទេស​វៀតណាម​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ចំពោះ «​តួនាទី​នៅក្នុង​រឿងក្តី​ពុករលួយ​ដែលមាន​ទឹកប្រាក់​រាប់​លា​ន​ដុល្លារ​ដែល​បានធ្វើ​ឲ្យ​ប្រទេស​ជាប់​គាំ​ង‍​»​។​

​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​នោះបាន​ប្រាប់​ឲ្យ​ដឹងថា លោក Nguyen Xuan Son ដែល​បាន​បម្រើ​ជា​ប្រធាន​ក្រុមប្រឹក្សានាយក​បានទទួល​ទោស​ប្រហារជីវិត​ចំពោះ​ការប្រើប្រាស់​ប្រាក់​មិន​ត្រឹមត្រូវ​ចំនួន​១៣​លាន​៦​សែន​ដុល្លារ​មកពី​ធនាគារ​។​

​នៅ​ខែ​នេះ លោក Dinh La Thang អតីត​សមាជិក​ការិយាល័យ​របស់​គណបក្ស​កុ​ម្មុយ​និ​ស្ត​ដែលជា​គណបក្សកាន់អំណាច​បាន​ឡើង​តុលាការ​ជាមួយ​មន្ត្រី​២១​នាក់​ផ្សេងទៀត​មកពី​ក្រុមហ៊ុន PetroVietnam និង​សាខា​របស់​ក្រុមហ៊ុន​ប្រេង​នោះ​។ លោក​បាន​រង​ការចោទប្រកាន់​ពី​ការធ្វើ​ឲ្យ​ខាតបង់​ប្រាក់​ប្រហែល​៣៥​លាន​ដុល្លារ​។​

​លោក Trinh Xuan Thanh អតីត​ប្រធាន​ក្រុមហ៊ុន PetroVietnam Construction ប្រឈម​ការចោទប្រកាន់​ក្នុង​រឿងក្តី​នេះ​ពី​ការរំលោភ​បទបញ្ញត្តិ​ការរៀបចំ​ចាត់ចែង​សេដ្ឋកិច្ច​និង​ការចាត់ចែង​ដីធ្លី​មិនបាន​ល្អ​។ លោក​បានធ្វើ​ឲ្យ​មានការ​យកចិត្តទុកដាក់​ពី​អន្តរជាតិ​កាលពី​ខែសីហា​នៅពេលដែល​រដ្ឋាភិបាល​អាល្លឺម៉ង់​ចោទប្រកាន់​ពួក​ភ្នាក់ងារ​មកពី​ទីក្រុង​ហាណូយ​ចាប់ជំរិត​លោក​នៅក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង​នៅពេលដែល​លោក​ស្វែង​សុំ​សិទ្ធិ​ជ្រកកោន​។​

​ពួក​អ្នកសង្កេតការ​និយាយថា ការកាត់ទោស​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដ៏​ធំ​ទូលាយ​របស់លោក Nguyen Phu Trong អគ្គលេខាធិការ​គណបក្ស​កុ​ម្មុយ​និ​ស្ត​ប្រឆាំងនឹង​នឹង​អំពើពុករលួយ​។​

​អង្គការ​តម្លាភាព​អន្តរជាតិ​ដែលជា​អង្គការ​មិន​យក​កម្រៃ​បាន​ឲ្យ​ចំណាត់ថ្នាក់​ប្រទេស​វៀតណាម​លេខ​១១៣​ក្នុងចំណោម​ប្រទេស​និង​តំបន់​ចំនួន​១៧៦​ចំពោះ​ឆ្នាំ​២០១៦​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។ ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ពាណិជ្ជកម្ម Gan Integrity ដែលមាន​ទីតាំង​ក្នុង​ទីក្រុង​ញូវយ៉ក បាន​និយាយ​យោង​ពី​អំពើពុករលួយ ការជ្រៀតជ្រែក​ខាង​នយោបាយ​ហើយ​និង​ការបង់ប្រាក់​សម្រាប់​ការសម្របសម្រួល​ទូទាំង​ឧស្សាហកម្ម​ក្នុងប្រទេស​វៀតណាម​។​

​កាសែត VnExpress បាន​រាយការណ៍​ថា នៅ​ឆ្នាំ​ដដែល​នោះ រដ្ឋាភិបាល​បាន​ប្រាប់​អង្គនីតិប្រតិបត្តិ​របស់​ខ្លួន​ថា មន្ត្រី​ជាច្រើន​មិនបាន​យកចិត្ត​ដាក់​ភារៈកិច្ច​របស់ខ្លួន​ហើយ​មិនបាន​ធ្វើទៅ​តាម​បទដ្ឋាន​សីលធម៌​និង​គុណសម្បត្តិ​ខាង​នយោបាយ​ទេ​។​

​ពួក​អ្នកជំនាញ​ខាង​ពាណិជ្ជកម្ម​និយាយថា «​ក្រុមហ៊ុន​ដែល​កាន់កាប់​ដោយ​បរទេស​អាច​សើរើ​ពិនិត្យមើល​ឡើងវិញ​នូវ​គុណវិបត្តិ​និង​គុណសម្បត្តិ ឬ​នីតិវិធី​ក្នុងការ​ចាត់ចែង​ប្រាក់​នៅពេល​ឥឡូវនេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ក្រុមហ៊ុន​ទាំងនោះ​អនុវត្ត​ទៅតាម​បទបញ្ញត្តិ​ក្នុងករណី​មាន​បុគ្គលិក​មិន​សប្បាយចិត្ត​ណា​ទៅទាក់ទង​ពួក​អាជ្ញាធ​រ‍​»​។​

​លោក Ralf Matthaes នាយក​ចាត់ចែង​ក្រុមហ៊ុន​ស្រាវជ្រាវ Infocus Mekong Research ដែលជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ក្នុង​ទីក្រុង​ហូជីមិញ​បាន​និយាយថា ក្រុមហ៊ុន​ប្រទេស​លោកខាងលិច​ជាទូទៅ​ធ្វើទៅ​តាមច្បាប់​ប្រឆាំង​អំពើពុករលួយ​ដ៏​តឹងរ៉ឹង​របស់​ចក្រភព​អង់គ្លេស​ពេល​នៅក្នុង​ប្រទេស​វៀតណាម ទោះជា​ពួក​អ្នកវិនិយោគទុន​មកពី​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ី​អាច​ប្រើ​បទដ្ឋាន​ផ្សេងៗ​ទៀត​។​

​ក្រុមហ៊ុន Ford Motor Co. and Intel ស្ថិតនៅ​ក្នុងចំណោម​ក្រុមហ៊ុន​បរទេស​ដ៏​ល្បីល្បាញ​។ ក៏ប៉ុន្តែ មូល​ធុន​ភាគច្រើន​បានមកពី​ប្រទេស​កូរ៉េខាងត្បូង សិង្ហ​បុរី ជប៉ុន និង​កោះ​តៃវ៉ាន់​។ រោងចក្រ​ដែល​ប្រតិបត្តិការ​នៅ​បរទេស​ជាទូទៅ​ផលិត​ទំនិញ​ចាប់តាំងពី​សម្លៀកបំពាក់​រហូតដល់​ទូរស័ព្ទ Smartphones​សម្រាប់​ការនាំ ចេញ​។ លោក Dustin Daugherty អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ខាង​ការស៊ើបអង្កេត​ពាណិជ្ជក​ម្ម​ឲ្យ​ក្រុមហ៊ុន​ពិគ្រោះ Dezan Shira & Associate ក្នុង​ទីក្រុង​ហូជីមិញ​បាន​និយាយថា​៖ «​មាន​ភាព​ផ្សេងៗ​គ្នា​នៅក្នុង​ប្រទេស​ខុសៗ​គ្ន‍ា​។ និយាយ​ទូទៅ ក្រុមហ៊ុន​ទាំងអស់នោះ​ធ្វើ​ទៅតាម​ការណែនាំ​។ ពួកគេ​មានការ​ព្រួយ​កង្វល់​កាន់តែខ្លាំង​ឡើង​អំពី​ការគោរព​ច្បាប់​»​។​

​តាម​ក្រសួងផែនការ​និង​វិនិយោគទុន​បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៧ កា​រវិ​និ យោគ​ទុន​បរទេស​ដោយផ្ទាល់​ដែល​បាន​ចុះបញ្ជី​ក្នុងប្រទេស​វៀតណាម​បាន​ឡើង​ទៅដល់ ២៩,៦៨​ពាន់​លាន​ដុល្លារ​នៅ​ចុងឆ្នាំ​២០១៧​ដែលជា​ការកើនឡើង​ចំនួន​៤៤​ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦​។​

​ក្រុមហ៊ុន​បរទេស​និង​ក្នុងស្រុក ជារឿយៗ​បាន​ផលប្រយោជន៍​ពីគ្នា​ទៅវិញទៅមក​នៅពេល​ឥឡូវនេះ​ជាជាង​ប្រកួតប្រជែង​គ្នា​។ ឧទាហរណ៍ ក្រុមហ៊ុន​ផ្គត់ផ្គង់​ក្នុងស្រុក​ផ្តល់​វត្ថុធាតុដើម​ដល់​រោងចក្រ​ដែល​កាន់កាប់​ដោយ​បរទេស​ឬ​ផ្តល់​ការគាំទ្រ​ពីក្រោយ​។ ក្រុមហ៊ុន​ឧស្ម័ន​រដ្ឋ​និង​ក្រុមហ៊ុន OceanBank មិនបាន​ប្រឈម​ការប្រកួតប្រជែង​ដោយផ្ទាល់​ពី​អ្នកវិនិយោគទុន​បរទេស​ទេ​។​

​ក៏ប៉ុន្តែ ក្រុមហ៊ុន​ស្អាតស្អំ​អាច​មិន​បានទទួល​កិច្ចព្រមព្រៀង​ដីធ្លី​ឬ​ការផ្គត់ផ្គង់​ពី​រដ្ឋាភិបាល ប្រសិនបើ ពួកគេ​ប្រកួត​ជាមួយ​ក្រុម​ពុករលួយ​ដែល​សុខចិត្ត​បង់ប្រាក់​សំណូក​នោះ​។​

​លោក Carl Thayer ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ New South Wales ក្នុងប្រទេស​អូស្ត្រាលី​និយាយថា នៅ​ទីបញ្ចប់ បណ្តា​ក្រុមហ៊ុន​រដ្ឋ​អាច​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុន​បរទេស​។ ការផ្លាស់ប្តូរ​នេះ​នឹង​បង្កើន​ភាពត្រឹមត្រូវ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​។​

​លោក​Carl Thayer និយាយទៀតថា​៖ «​ពួក​មន្ត្រី​វៀតណាម​កំពុង​ព្យាយាម​ម្តងទៀត​ដើម្បី​បន្ត​ការ​ខំប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការប្រតិបត្តិ​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ក្លាយជា​ឯកជន ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិ ភាព​ឡើង ដែល​អាច​ឲ្យ​ពួកគេ​អាច​ប្រកួត​ជាមួយ​ក្រុមហ៊ុន​បរទេស​ហើយនឹង​រកស៊ី​នៅ​បរ​ទេ​ស‍​»​។​

​លោក Thayer ដែលមាន​ឯកទេស​ក្នុង​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍​បាន​និយាយទៀតថា «​អំពើពុករលួយ​ហាក់ដូចជា​មិនមាន​ផលប៉ះពាល់​ដល់​លំហូរ​វិនិយោគ ទុន​បរទេស​ទេ ក៏ប៉ុន្តែ វា​ប៉ះពាល់​ដល់​វៀត​ណា​ម‍​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com