អង្គការ​អុក​ហ្វា​ម​បើក​សិក្ខាសាលា​រក​ដំណោះស្រាយ​លើកកម្ពស់​សេដ្ឋកិច្ច​ស្ត្រី​ជនបទ​
ជាតិ
អង្គការ​អុក​ហ្វា​ម​បើក​សិក្ខាសាលា​រក​ដំណោះស្រាយ​លើកកម្ពស់​សេដ្ឋកិច្ច​ស្ត្រី​ជនបទ​
26, Jan 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ អង្គការ Oxfam (​អុក​ហ្វា​ម​) បានរៀបចំ​សិក្ខាសាលា​មួយ ដោយ​ពិភាក្សា​រក​ដំណោះស្រាយ​ដើម្បី​លើកកម្ពស់​ការពង្រឹង​សេដ្ឋកិច្ច​ស្ត្រី​នៅតាម​ជនបទ​។ សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ដែល​សរុប​មាន​ចំនួន ១២​ប្រទេស​។​



​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី ដំណោះស្រាយ​ការអភិវឌ្ឍ​រួម​ប្រកបដោយ​នវានុវត្តន៍ ដើម្បី​ពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី ត្រូវបាន​រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប​។ គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ផ្តល់ឱកាស​ឱ្យ​អ្នកចូលរួម​ទាំងអស់ ផ្លាស់ប្តូរ​បទពិសោធន៍ និង​ពិភាក្សា​លើ​កិច្ចសហការ​ក្នុងការ​បញ្ចូល ការពង្រឹង​សេដ្ឋកិច្ច​របស់​ស្ត្រី ទៅក្នុង​វិស័យ​ផ្សេងៗ មាន​វិស័យ​កសិកម្ម អំពើហិង្សា​យែ​ន​ឌ័​រ និង​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី សុខភាព​បន្ត​ពូជ ការចិញ្ចឹម​ជីវិត និង​សហគ្រាស​ខ្នាតតូច ការ​ចំណាក​ជនបទ បរិ​យាប​ន្ន​ហិរញ្ញវត្ថុ មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ការកាត់បន្ថយ​គ្រោះភ័យ​នៃ​គ្រោះ​ម​ហ​ន្ថ​រាយ និង​កា​រប​ន្សុំ​ា​ការប្រែប្រួល​អាកាសធាតុ គោលការណ៍​ណែនាំ និង​គោលនយោបាយ​ផ្សេងៗ​។​



​នាយិកា​អង្គការ អុក​ហ្វា​ម លោកស្រី លីម សូ​លីន បានឱ្យដឹងថា ការពង្រឹង​សេដ្ឋកិច្ច​ស្ត្រី​បាន​ក្លាយជា​បញ្ហា​អាទិភាព​ទាំង​រាជរដ្ឋាភិបាល វិស័យ​ឯកជន និង​ម្ចាស់ជំនួយ យល់​ពីស​ក្កា​នុព​ល​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍ​ធនធានមនុស្ស​។ លោកស្រី​បន្ថែមថា​៖« អង្គការ​អុក​ហ្វា​ម​ជឿជាក់ថា ការពង្រឹង​សេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធិភាព​សម្រាប់​ស្ត្រី​កម្ពុជា​កើតឡើង​នៅពេលដែល​ស្ត្រី​ទទួលបាន​សិទ្ធិ​ក្នុងការ​គ្រប់គ្រង និង​ទទួលផល​ពី​ធនធាន​ផ្សេងៗ មាន​ពេលវេលា​ផ្ទាល់ខ្លួន មានលទ្ធភាព​គ្រប់គ្រង​ហានិភ័យ និង​មាន​ស្ថានភាព​សេដ្ឋកិច្ច និង​ការរស់នៅ​ប្រសើរ​»​។​

​លោកស្រី ម៉ាត់ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​អ​ភ​វិ​ឌ្ឍ​ន៍​ជនបទ ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើ ក៏បាន​សង្កត់ធ្ងន់​ពី​បញ្ហា​ការពង្រឹង​សេដ្ឋកិច្ច​ស្ត្រី​នៅតាម​ជនបទ​នេះដែរ​។ លោកស្រី​ថា រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​ជនបទ សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​ជនបទ ក្នុងទិសដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​បង្រួម​គម្លាត​រវាង​ទីក្រុង និង​ជនបទ​៕






Tag:
 Oxfam
© រក្សាសិទ្ធិដោយ thmeythmey.com