អន្តរជាតិ
ឌូ​ទើ​តេ គំរាម​ឈប់​បញ្ជូន​ពលករ​ទៅ​មជ្ឈិមបូព៌ា ក្រោយ​មាន​ករណី​រំលោភ​ស្ត្រី​បម្រើ​តាម​ផ្ទះ​នៅ​គុយ​វ៉ែត​
26, Jan 2018 , 9:39 am        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន បាន​គំរាម​បញ្ឈប់​ការបញ្ជូន​ពលករ​ហ្វីលីពីន​ទៅកាន់​មជ្ឈិមបូព៌ា​ក្រោយ​មាន​ករណី​រំលោភបំពាន​ផ្លូវភេទ​នៅ​ប្រទេស​គុយ​វ៉ែត​។ ហ្វីលីពីន​បាន​បញ្ជូន​ពលករ​យ៉ាង​តិច​ពីរលាន​នាក់​ទៅធ្វើ​ការ​នៅ​តំបន់​មជ្ឈិមបូព៌ា​កន្លងមក ហើយ​ពួកគេ​បាន​ផ្ញើ​ប្រាក់​ត្រឡប់មក​ស្រុក​វិញ​រាប់ពាន់​លាន​ដុល្លារ​រៀងរាល់ឆ្នាំ​ដែល​វា​បាន​ជំរុញ​ការរីកលូតលាស់​សេដ្ឋកិច្ច​ប្រទេស​នេះដែរ​។​



​ករណី​រំលោភ​សេពសន្ថវៈ និង​បំពារបំពាន​រូបរាងកាយ​ស្ត្រី​ជនជាតិ​ហ្វីលីពីន​ដែល​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​គុយ​វ៉ែត​បាន​ក្លាយជា​បញ្ហា​ចម្រូងចម្រាស​។ ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែល​បាន​អះអាង​ពី​បញ្ហា​នេះ ក៏បាន​គំរាម​បញ្ឈប់​នាំ​ពលករ​ជនជាតិ​ហ្វីលីពីន​ទៅកាន់​មជ្ឈិមបូព៌ា​ដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ឌូ​ទើ​តេ បានលើកឡើង​ពី​បញ្ហា​រំលោភបំពាន​ប្រជាជន​ខ្លួន​នៅ​គុយ​វ៉ែត កាលពី​សប្តាហ៍​មុន ហើយ​លោក​បានទាមទារ​ឲ្យ​គុយ​វ៉ែត​ចាត់​ប្រជាជន​ហ្វីលីពីន​ដែល​បម្រើ​ការងារ​តាម​ផ្ទះ​ជា​មនុស្ស​ផង​។​

​លោក ឌូ​ទើ​តេ បាន​និយាយ​ដូច្នេះ​៖«​បញ្ហា​មួយទៀត​ពាក់ព័ន្ធ​ស្ត្រី ពលករ​ហ្វីលីពីន​យើង​ត្រូវបាន​រំលោភ​នៅ​ទីនោះ ហើយ​ធ្វើអត្តឃាត​។ ខ្ញុំ​នឹង​បញ្ឈប់  ខ្ញុំ​នឹង​បញ្ឈប់​ប្រជាជន​ហ្វីលីពីន​ដែល​ចង់​ធ្វើ​ការងារ​នៅ​ទីនោះ​។ ខ្ញុំ​ពិតជា​សូម​អភ័យទោស​ចំពោះ​ប្រជាជន​ហ្វីលីពីន​ទាំងអស់​នៅ​ទីនោះ​។ ពួកគេ​អាច​ត្រឡប់មកផ្ទះ​បាន​»​។​

​លោក​បាន​បន្តថា​៖« អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ចំៗ​ទៅ​ចុះ​ពី​បញ្ហា​នេះ​ព្រោះ​គុយ​វ៉ែត​ជា​សម្ព័ន្ធមិត្ត​របស់​យើង​តាំងពី​យូរ​។ ប៉ុន្តែ​សូមជួយ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នៅ​គុយ​វ៉ែត និង ប្រទេស​ផ្សេងទៀត​នៅ​មជ្ឈិមបូព៌ា​ផង​។ សូម​ចាត់ទុក​ប្រជាជន​ហ្វីលីពីន​ជា​មនុស្សជាតិ​ដែលមាន​ភាពថ្លៃថ្នូរ​ផង​»​។​

​យ៉ាងណាក៏ដោយ បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ខាង​ភាគី​គុយ​វ៉ែត បានបង្ហាញ​អារម្មណ៍​ភ្ងា​ក់​ផ្អើល​ខ្លាំង​ចំពោះ​សម្តី និង​ការចោទប្រកាន់​របស់​មេ​ដឹកនាំ​ហ្វីលីពីន​នេះ​។ រដ្ឋាភិបាល​គុយ​វ៉ែត​អះអាង​បន្ថែមថា ខ្លួន​កំពុង​រង់ចាំ​របាយការណ៍​ជាក់លាក់​ពី​ភាគី​ហ្វីលីពីន​ពាក់ព័ន្ធ​ករណីនេះ​ដែរ ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​ខ្លួន​មិនទាន់​ទទួលបាន​ការឆ្លើយតប​ឡើយ​។​

​អនុរដ្ឋមន្ត្រី​ការបរទេស​គុយ​វ៉ែត Khaled al-Jarallah បាន​និយាយ​ដូច្នេះ​៖«​យើង​បាន​ពន្យល់​ពី​ជំហរ​របស់​យើង​ទៅ​មន្ត្រី​ហ្វីលីពីន​ហើយ​ពាក់ព័ន្ធ​ករណី​ដែល​ប្រធានាធិបតី​បានលើកឡើង ហើយ​យើង​ក៏បាន​ស្នើសុំ​ព័ត៌មាន​បន្ថែម​ដែរ​។ ប៉ុន្តែ​យើង​មិនទាន់បាន​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​បញ្ហា​នេះឡើយ​»​។​

​ហ្វីលីពីន​បាន​បញ្ជូន​ពលករ​រប​ស់​ខ្លួន​យ៉ាងហោចណាស់ ពីរលាន​នាក់​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា ហើយ​ពួកគេ​បាន​បញ្ជូន​លុយរាប់​ពាន់​លាន​ដុល្លារ​មក​ស្រុកកំណើត​ដើម្បី​ផ្គង់​ផ្គង់​គ្រួសារ​រៀងរាល់ឆ្នាំ​។ អ្វីដែល​សំខាន់ ហិរញ្ញវត្ថុ​នេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ហ្វីល​ពី​ន​រហូតមក​ដែរ​៕


Tag:
 រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  គុយ​វ៉ែត​
  មជ្ឈិមបូព៌ា​
  ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com