អន្តរជាតិ
អង្គការសហប្រជាជាតិ ថា ជនភៀសខ្លួន​ដែល​ត្រូវបញ្ជូន​ទៅ​មី​យ៉ាន់​ម៉ា​វិញ​មិនមាន​សុវត្ថិភាព​ឡើយ
27, Jan 2018 , 1:59 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ដោយ:
​វិបត្តិ​ជនភៀសខ្លួន​របស់​មី​យ៉ាន់​ម៉ា ស្ទើរតែ​ត្រូវបាន​បំភ្លេច​ទៅហើយ​នៅលើ​ឆាក​អន្តរជាតិ ។ ក៏ប៉ុន្តែ​អង្គការសហប្រជាជាតិ នៅតែ​បន្ត​ឈឺឆ្អាល ហើយ​ថ្មីៗ​នេះ​អង្គការ​អន្តររដ្ឋាភិបាល​នេះ​ថែមទាំង​ព្រមាន​ថា ផែនការ​បញ្ជូន​ជនភៀសខ្លួន​នៅ​បង់​ក្លា​ដែ​ស​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ នៅ​មិនទាន់មាន​សុវត្ថិភាព​ពេញលេញ​ឡើយ ។



​អ្នកនាំពាក្យ​ភ្នាក់ងារ​អង្គ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន Adrian Edwards នៅ​ថ្ងៃ ២៣ ខែមករា បាន​អះអាងថា គម្រោង​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ទៅ​មី​យ៉ាន់​ម៉ា​វិញ នៅ​ខ្វះ​ធាតុ​ផ្សំ​ដែល​ចំ​បាច់​មួយចំនួន​។ ភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​ក៏បាន​ស្នើ​មី​យ៉ាន់​ម៉ា​ជាថ្មី​ឲ្យ​ធានា​ពី​សុវត្ថិភាព និង​ការ​ស្ម​គ្រ័​របស់​ជនភៀសខ្លួន ក៏ដូចជា​អនុញ្ញាត​ឲ្យ​ក្រុម​មនុស្សធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​អាច​ចូលទៅ​កាន់​តំបន់​មាន​ជម្លោះ​នៅ​រដ្ឋ Rakine ផង ។

​តាមរយៈ​សន្និសីទ​សារព័ត៌មាន​ក្នុង​ក្រុង​ហ្សឺ​ណែវ អ្នកនាំពាក្យ​ដដែល បាន​បន្តទៀតថា ការអនុញ្ញាត​ឲ្យ​ក្រុមការងារ​ពាក់ព័ន្ធ​អាច​ចូលទៅ​កាន់​តំបន់​ជម្លោះ​បាន​នោះ នឹង​ផ្តល់​លទ្ធភាព​ឲ្យ​មានការ​វាយតម្លៃ និង​ស្វែងយល់​ពី​ស្ថានភាព​ពិត ដែល​ឈានទៅដល់​ការបង្កើត​គោលនយោបាយ​មាន​និរន្ត​ភាព​។ ជាពិសេស​នោះ វា​នឹង​ជួយផ្តល់​សុវត្ថិភាព​ដល់​ពួកគេ​ផងដែរ ។

​អ្នកនាំពាក្យ​ដដែល​ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ពី​អនុសាសន៍​របស់​អ្នក​ប្រឹក្សា​អង្គការសហប្រជាជាតិ ដែលជា​ដំណោះស្រាយ​រយៈពេល​វែង​នៅក្នុង​តំបន់​ជម្លោះ​រដ្ឋ Rakhine ។ អនុសាសន៍ ដែល​ដឹកនាំ និង​ធ្វើ​ដោយ​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ បាន​ណែនាំ​ឲ្យ​មី​យ៉ាន់​ម៉ា ផ្តល់​សញ្ជាតិ និង​ភាពជា​ប្រជាជន​ស្របច្បាប់​ដល់​ជនភៀសខ្លួន ដើម្បី​ធានាថា​ពួកគេ នឹងមិន​ទទួលរង​ការរើសអើង​ជាដើម ។

​សូម​រម្លឹក​បន្តិច​ថា នៅ​ថ្ងៃ​១៦ មករា កន្លងទៅ ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា បានប្រកាសថា ខ្លួន​នឹង​ត្រៀម​រៀបចំ​ទទួល​ជនភៀសខ្លួន​ពី​បង់​ក្លា​ដែ​ស​ចំនួន ១២០០​នាក់ ដែលជា​ជនជាតិ​ហិណ្ឌូ​ផង និង​រ៉ូ​ហ៊ីង​យ៉ា​ផង​។ ពួកគេ គឺជា​ជនភៀសខ្លួន​ដំបូង​ដែល​ត្រូវបាន​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​រៀបចំ​ឲ្យ​ត្រឡប់មក​មី​យ៉ាន់​ម៉ា​វិញ ៕


Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com