ជាតិ
ជប៉ុនផ្ដល់ថវិកាជាង៧លានដុល្លារ ដល់CMAC សម្រាប់បោសសម្អាតមីននៅខេត្តបាត់ដំបង រូបពីហ្វេសប៊ុកលោក ហេង រតនា
× រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណង ៧.៤លានដុល្លារអាមេរិក ទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សម្រាប់ការអនុវត្តការងារបោសសម្អាតមីន និងជួយអ្នករងគ្រោះដោយសារមីន នៅខេត្តបាត់ដំបង ក្នុងយុទ្ធនាការឆ្នាំ២០១៨នេះ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បាននិយាយថា ជំនួយឥតសំណងដែលជប៉ុន ផ្ដល់ឲ្យកម្ពុជានេះ នឹងយកទៅដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នៅក្នុងស្រុកចំនួន៤ក្នុងខេត្តបាត់ដំបង ដែលត្រូវចំណាយទឹកប្រាក់ ៤លានដុល្លារអាមេរិក។ ចំណែកទឹកប្រាក់ ៣.៤លានដុល្លារទៀត CMAC បានទិញគ្រឿងចក្រកម្ទេចមីនចំនួន ៥គ្រឿង បូករួមនឹងគ្រឿងបន្លាស់ និងតង់ស្នាក់នៅសម្រាប់អ្នកដោះមីនចំនួន ៥០តង់ធំផងដែរ។
បើតាមលោក ហេង រតនា គ្រឿងចក្រ និងសម្ភារ ដែលCMAC បានបញ្ជាទិញនេះ នឹងមកដល់កម្ពុជានៅចុងខែមីនា ឆ្នាំ២០១៨ខាងមុខ។ ថវិកាជាង៧លានដុល្លារនេះ រដ្ឋាភិបាលជប៉ុន បានផ្ដល់មកកម្ពុជា កាលពីចុងឆ្នាំ២០១៧កន្លងមក សម្រាប់អនុវត្តការងារបោសសម្អាតមីន នៅឆ្នាំ២០១៨ ៕
ប្រភពេពី AKP
© រក្សាសិទ្ធិដោយ thmeythmey.com