អន្តរជាតិ
បង់​ក្លា​ដែ​ស​សុំ​ការគាំទ្រ​ពី​បងធំ​អាស៊ាន​រឿង​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ខណៈ​កំពុង​ជួប​បញ្ហា​ច្រើន​
28, Jan 2018 , 9:19 pm        
រូបភាព
ប្រធានាធិបតីបង់ក្លាដែស Md Abdul Hamid ជួបពិភាក្សាជាមួយសមភាគីឥណ្ឌូណេស៊ី Joko Widodo (រូបភាព៖ Dhaka Tribune)
ប្រធានាធិបតីបង់ក្លាដែស Md Abdul Hamid ជួបពិភាក្សាជាមួយសមភាគីឥណ្ឌូណេស៊ី Joko Widodo (រូបភាព៖ Dhaka Tribune)
ដោយ:
​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស  បាន​សុំ​ការគាំទ្រ​បន្ថែម​ពី ឥណ្ឌូណេស៊ី ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ទៅ​មី​យ៉ាន់​ម៉ា​ដើម្បី​ឲ្យ​ពួកគេ អាច​ទទួលបាន​ការធានា​សុវត្ថិភាព កិត្តិយស និង​និរន្ត​ភាព​ក្នុង​ការវិល​ត្រលប់​ទៅកាន់​រដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា​វិញ ។ សំណើ​នេះ ធ្វើឡើង​ស្របពេល​ដែល​បង់​ក្លា​ដែ​ស ក៏​កំពុងតែ​មានរឿង​ថ្នាំងថ្នាក់​ខ្លះ​ជាមួយនឹង​មី​យ៉ា់ន់​ម៉ា​លើ​បញ្ហា​នេះ​ផងដែរ ។​



​បន្ថែម​ពី​ការស្វែងរក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ជាមួយនឹង​បងធំ​អាស៊ាន​ឥណ្ឌូណេស៊ី បង់​ក្លា​ដែ​ស នៅ​ថ្ងៃ​២៧ មករា បាន​សុំ​ការ​ជ្រោមជ្រែង​ពី​ឥណ្ឌូណេស៊ី​ពាក់ព័ន្ធ​នឹង​បញ្ហា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ទៅ​មី​យ៉ាន់​ម៉ា​វិញ ។ បង់​ក្លា​ដែ​ស ចង់​ឲ្យ​ឥណ្ឌូណេស៊ី ចូលរួមចំណែក​ក្នុង​នីតិវិធី​បញ្ជូន​ជនភៀសខ្លួន​ទៅ​មី​យ៉ាន់​ម៉ា​ដើម្បី​ធ្វើ​ឲ្យ​ការវិល​ត្រលប់​របស់​ជនភៀសខ្លួន​ដំណើរ​ទៅដោយ​មិនមាន​បញ្ហា ។​

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​បង់​ក្លា​ដែ​ស Dakha Tribune នា​ជំនួប​ជាមួយនឹង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​បង់​ក្លា​ដែ​ស លោក​ប្រធានាធិបតី Md Abdul Hamid បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន បង់​ក្លា​ដែ​ស បានទទួល​រាប់​រង​ក្នុងការ​ផ្តល់​លំនៅ​បណ្តោះ​សម្រាប់​ជនភៀសខ្លួន​មកពី​មី​យ៉ាន់​ម៉ា​ជាង​មួយ​លាន​នាក់​ឯណោះ ហើយ​មាន​បញ្ហា​ជាច្រើន ដែល​បង់​ក្លា​ដែ​ស បាន​ប្រឈម​ក្នុងការ​ទទួលខុសត្រូវ​មនុស្សធម៌​មួយ​នេះ ។

​អ្វី​គួរកត់សម្គាល់​នោះ ការសុំ​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ដា​ហ្កា​ពី​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ធ្វើឡើង​បន្ទាប់ពី រដ្ឋាភិបាល​មួយ​នេះ បានប្រកាស​ពន្យា​ពេល​ក្នុងការ​បញ្ជូន​ជនភៀសខ្លួន​ទៅ​មី​យ៉ាន់​ម៉ា​វិញ ដោយបាន​មើលឃើញថា មាន​កិច្ចការ​ជាច្រើន​ផ្សេងទៀត ត្រូវបាន​បំពេញ និង​ធានា​ឲ្យ​បាន មុនពេល​បញ្ជូន​ជនភៀសខ្លួន​ទៅ​ប្រភពដើម​ពួកគេ​វិញ ។

​ការពន្យារ​របស់​បង់​ក្លា​ដែ​ស​លើ​នីតិវិធី​នៃ​ការបញ្ជូន​ជនភៀសខ្លួន​នេះ បាន​បង្កើត​រឿង​ថ្នាក់ថ្នាំង​ជាមួយនឹង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដ្បិត មី​យ៉ាន់​ម៉ា ដែល​កន្លងមក ទទួល​បានការ​ថ្កោលទោស និង​រិះគន់​ខ្លាំង​ពាក់ព័ន្ធ​នឹង​រឿង​សិទ្ធិមនុស្ស បាន​បញ្ជាក់ថា​ខ្លួន បានរៀបចំ និង​ត្រៀមខ្លួន​រួចស្រេច​ហើយ​នោះ​សម្រាប់​ការទទួល​ជនភៀសខ្លួន ឲ្យ​ត្រលប់មក​ប្រទេស​វិញ​នោះ ៕


Tag:
 បង់​ក្លា​ដែ​ស​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com