អន្តរជាតិ
ត្រាំ ព្រមាន​ចាត់វិធានការ​ប្រឆាំង​អឺរ៉ុប​រឿង​ពាណិជ្ជកម្ម​មិន​យុត្តិធម៌​
29, Jan 2018 , 2:19 pm        
រូបភាព
ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​អង់គ្លេស ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​នយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប ដែល​លោក​អះអាងថា មិន​យុត្តិធម៌​តែ​សោះ​។ លោក​ព្រមាន​ចាត់វិធានការ​តប​វិញ ដើម្បី​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​ទាំងសងខាង​។ បើតាម​លោក ត្រាំ មិនមែន​តែ​អឺរ៉ុប​ទេ​ដែល​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់ មាន​ប្រទេស​ច្រើន​ទៀត​ដែល​កំពុង​អនុវត្ត​នយោបាយ​កេងចំណេញ​ពី​អាមេរិក​។



​ផលិតផល​របស់​អឺរ៉ុប អាចជា​គោលដៅ​បន្ទាប់​នៃ​ការ​រឹតបន្តឹង​ពាណិជ្ជកម្ម​របស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ខណៈដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិន​សប្បាយ​ចិត្តនឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​ផ្ដល់​ចំណេញ​ខ្លាំង​ដល់​អឺរ៉ុប​ជាង​អាមេរិក​។ លោក ត្រាំ បាន​គំរាម​ចាត់វិធានការ​ប្រឆាំង​សហភាព​អឺរ៉ុប ដែលមាន​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​អឺរ៉ុប​មិន​យុត្តិធម៌ និង​បង្ក​ការខាតបង់​សម្រាប់​អាមេរិក​ជាច្រើន​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ត្រាំ និយាយ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ ITV ថា អាមេរិក​មាន​បញ្ហា​ច្រើនណាស់​ជាមួយ​អឺរ៉ុប ហើយ​បញ្ហា​ធំ គឺ​រឿង​ពាណិជ្ជកម្ម​តែម្ដង​។ ប្រធានាធិបតី​អាមេរិក​រូបនេះ​អះអាងថា ទំនិញ​អាមេរិក​ពិបាក​ចូល​ទីផ្សារ​អឺរ៉ុប​ណាស់ គឺ​ពិបាក​មែនទែន​តែម្ដង​។ ផ្ទុយទៅវិញ ទំនិញ​របស់​អឺរ៉ុប​ចូល​ទីផ្សារ​អាមេរិក​ស្រួល ដោយ​មិន​បង់ពន្ធ​សោះ ឬ​បង់ពន្ធ​តិចតួច​។ ដូចនេះ​វា​ជា​រឿង​អយុត្តិធម៌​ខ្លាំងណាស់​។​

​ការសើរើ និង​ការ​រឹតបន្តឹង​វិស័យ​ពាណិជ្ជកម្ម គឺជា​ការសន្យា​របស់លោក ត្រាំ តាំងពី​ពេល​ឃោសនា​មក ដោយ​លោក​មើលឃើញថា អាមេរិក​ជា​ជនរងគ្រោះ​នៃ​ការរកស៊ី​មិន​ស្មើភាព មិន​យុត្តិធម៌ និង​ខាតបង់​ទឹកប្រាក់​រាប់ពាន់លាន​ដុល្លារ ព្រមទាំង​បាត់​ការងារ​សម្រាប់​ប្រជាជន​ទៅទៀត​។ ក្រោយ​កាន់អំណាច​មក លោក​ចាត់វិធានការ​ជាច្រើន ហើយ​កាលពី​សប្ដាហ៍​មុន លោក​ទើបតែ​ដំឡើង​ពន្ធ​នាំចូល​លើ​ម៉ាស៊ីន​បោកគក់ និង​ផ្ទាំង​សូ​ឡា ដើម្បី​ការពារ​ក្រុមហ៊ុន​ក្នុងស្រុក​។​

​ចិន និង​កូរ៉េខាងត្បូង រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ​ដោយសារ​ការដំឡើង​ពន្ធ​នេះ​។ ចិន​បាន​ព្រមាន​ចាត់វិធានការ​តប​វិញ ដោយ​ចោទ​អាមេរិក​ថា ធ្វើ​ខុស​លក្ខខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ ឯ​កូរ៉េខាងត្បូង​វិញ​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​រួចហើយ ដើម្បី​សុំ​អន្តរាគមន៍​ក្នុង​រឿងនេះ​។ យោងតាម​ការសន្ទនា​ដែល​ផ្សាយ​នៅ​ថ្ងៃទី​២៨ ខែមករា លោក ត្រាំ អះអាងថា មាន​ប្រទេស​ច្រើនណាស់​ដែល​កេងចំណេញ​លើ​អាមេរិក ហើយ​លោក​ទំនងជា​ចាត់វិធានការ​បន្តទៀត​ដើម្បី​រក្សា​ប្រយោជន៍​អាមេរិក​។​

​នយោបាយ​ការពារ​ផលប្រយោជន៍​អាមេរិក​របស់លោក ត្រាំ ធ្វើ​ឲ្យ​ពិភពលោក​រិះគន់​អាមេរិក​ថា កំពុង​អនុវត្ត​នយោបាយ​គាំពារ​និយម​ផ្ទុយ​ចរន្ត​សេដ្ឋកិច្ច​សេរី​សព្វថ្ងៃ ដែល​ការបើកចំហ​សេដ្ឋកិច្ច​ត្រូវបាន​អនុវត្ត​យ៉ាង​ទូលាយ ហើយ​ការ​រឹតត្បិត​ក៏ត្រូវ​បាន​លុបចោល​ដូចគ្នា​។ ប៉ុន្តែ​លោក ត្រាំ ប្រកាន់​ជំហរ «America First» ដដែល និង​មិន​ខ្វល់ខ្វាយ​ពី​ប្រព័ន្ធ​សេដ្ឋកិច្ច​បច្ចុប្បន្ន​ឡើយ ព្រោះ​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់ តែ​ប្រទេស​ផ្សេង​ចំណេញ​៕


Tag:
 អាមេរិក​
  អឺរ៉ុប​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com