អន្តរជាតិ
ប្រមុខ​ការពារជាតិ​កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង​នឹង​បាត់​ពី​ផែនទី​ពិភពលោក បើ​ហ៊ាន​ប្រើ​នុយក្លេអ៊ែរ
29, Jan 2018 , 9:19 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង សុង យ៉ុងមូ ក្នុងវេទិកាសន្តិសុខនៅសិង្ហបុរី (រូបភាព៖ AFP)
រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង សុង យ៉ុងមូ ក្នុងវេទិកាសន្តិសុខនៅសិង្ហបុរី (រូបភាព៖ AFP)
​ជា​ការពិត​មិនអាច​ប្រកែក​បាន កូរ៉េខាងជើង​មាន​គ្រាប់​នុយក្លេអ៊ែរ​ក្នុង​ឃ្លាំង​អាវុធ​របស់ខ្លួន បន្ទាប់ពី​សំងំ​អភិវឌ្ឍ​រាប់សិប​ឆ្នាំ​មកហើយ ប៉ុន្តែ​មិនទាន់​ប្រើប្រាស់​ម្ដង​នៅឡើយ​។ កូរ៉េខាងជើង​តែង​គំរាម​ប្រើ​អាវុធ​ប្រល័យ​លោក​នេះ ក្នុងករណី​មាន​សន្តិសុខ​របស់ខ្លួន​រង​ការគំរាមកំហែង​។ ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង សុង យ៉ុង​មូ (Song Young-moo) មិនទាន់​ជឿថា កូរ៉េខាងជើង​អាច​ប្រើប្រាស់​នុយក្លេអ៊ែរ​ឡើយ ព្រោះ​វា​ប្រៀបដូចជា​ការធ្វើអត្តឃាត​ខ្លួនឯង​អ៊ីចឹង​ដឺ​ង​។



​ពី​វេទិកា​សន្តិសុខ​នៅ​សិង្ហ​បុរី ប្រមុខ​ការពារជាតិ​កូរ៉េខាងត្បូង សុង យ៉ុង​មូ បាន​ព្រមាន​កូរ៉េខាងជើង​ពី​គ្រោះថ្នាក់ បើ​ហ៊ាន​ប្រើ​នុយក្លេអ៊ែរ​លើ​កូរ៉េខាងត្បូង ឬ​អាមេរិក​នោះ​។ ប៉ុន្តែ​មន្ត្រី​ការពារជាតិ​កំពូល​របស់​កូរ៉េខាងត្បូង​រូបនេះ​នៅ​សង្ស័យ​លើ​ជំហរ​របស់​កូរ៉េខាងជើង​ជុំវិញ​ការប្រើប្រាស់​អាវុធ​មហា​ប្រល័យ​នេះ ព្រោះ​កូរ៉េខាងជើង​ផ្ទាល់​ក៏​ទំនងជា​ដឹង​ផលវិបាក និង​គ្រោះថ្នាក់​ពី​ការប្រើប្រាស់​នុយក្លេអ៊ែរ​ជាង​អ្នកណា​ទាំងអស់​។​

​កូរ៉េខាងជើង​អាច​នឹងត្រូវ​បាត់​រូប​ពី​ផែនទី​ពិភពលោក ប្រសិនបើ​ប្រើប្រាស់​នុយក្លេអ៊ែរ​របស់ខ្លួន​លើ​កូរ៉េខាងត្បូង ឬ​អាមេរិក​។ នេះ​ជាស​ម្ដី​ព្រមាន​របស់លោក សុង យ៉ុង​មូ ក្នុង​វេទិកា Fullerton នៅ​សិង្ហ​បុរី​នៅ​ថ្ងៃទី​២៩ ខែមករា​។ ជានិច្ចកាល របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង តែង​អួតអាង​ពី​អានុភាព​នុយក្លេអ៊ែរ​របស់ខ្លួន និង​គំរាម​បាញ់​នុយក្លេអ៊ែរ​សងសឹក​វិញ បើ​ក្រុង​វ៉ាស៊ីនតោន​ចេះតែ​បន្ត​អនុវត្ត​នយោបាយ​បំពាន​អធិបតេយ្យ​កូរ៉េខាងជើង​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​ក៏បាន​ទាត់​ចោលការ​គំរាម​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​ចង់​ប្រើ​នុយក្លេអ៊ែរ​ដើម្បី​បង្រួបបង្រួម​កូរ៉េ​ទាំងពីរ ដែល​ខណ្ឌ​ចែក​តាំងពី​ចប់​សង្គ្រាម​ឆ្នាំ​១៩៥០-១៩៥៣ មក​។ ដោយ​ចាត់ទុក​ការលើកឡើង​របស់លោក គីម គ្រាន់តែ​ជា​ឃោសនា លោក សុង និយាយថា យុទ្ធសាស្ត្រ​របស់​កូរ៉េខាងជើង​ជា​រឿង​ហួស​សម័យ និង​មិនអាច​កើតឡើង​បានឡើយ​។

​ឆ្លៀតឱកាស​នោះ មន្ត្រី​កូរ៉េខាងត្បូង​ដដែល​នេះ ក៏បាន​និយាយ​ការពារ​ការប្រឹងប្រែងរ​បស់​រដ្ឋបាល​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ក្នុង​ការចរចា​ជាមួយ​កូរ៉េខាងជើង​។ មន្ត្រី​កូរ៉េ​ទាំងពីរ​បាន​ជួបគ្នា​ជាច្រើនលើក​នៅ​ដើមឆ្នាំ​២០១៨ នេះ ដោយ​ផ្ដោតលើ​ការចូលរួម​របស់​ក្រុង​ព្យុងយ៉ាង​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​នៅ​ទីក្រុង​ព្យុង​ឆាង​នៅ​ខែកុម្ភៈ​។ ខណៈ​កាយវិការ​ទន់ភ្លន់​រប​ស់​កូរ៉េខាងត្បូង​រង​ការរិះគន់ លោក សុង បញ្ជាក់ថា ផ្លូវ​បែបនេះ​ជា​រឿង​ពិបាក ប៉ុន្តែ​ត្រូវតែដើរ​ដោយ​ការអត់ធ្មត់​។​

​ការចរចា​រវាង​កូរ៉េ​ទាំងពីរ​ដែល​លេចចេញ​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់ បង្ក​ជាការ​សង្ស័យថា ទំនាក់ទំនង​កូរ៉េខាងត្បូង និង​អាមេរិក​អាច​ប្រេះឆា​។ ប៉ុន្តែ​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន​សុទ្ធតែ​អះអាង​ពី​ភាពរឹងមាំ​នៃ​សម្ព័ន្ធភាព​របស់ខ្លួន​។ កាលពី​ចុង​សប្ដាហ៍​មុន លោក សុង បាន​ជួប​ជាមួយ​សម​ភាគី​អាមេរិក ជេ​ម ម៉ា​ធី​ស នៅឯ​កោះ​ហា​វ៉ៃ ដោយបាន​ប្ដេជ្ញាចិត្ត​បន្ត​ទំនាក់ទំនង​ស្អិតល្មួត និង​រក្សា​ជំហរ​ដើម គឺ​ការរំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​៕   


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  នុយក្លេអ៊ែរ​
  Song Young-moo
© រក្សាសិទ្ធិដោយ thmeythmey.com