ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​សិទ្ធិមនុស្ស ដែល​បង្កើត​ដោយ​លោក កឹម សុខា ប្រកាស​រំលាយ​ខ្លួនឯង​
29, Jan 2018 , 4:27 pm        
រូបភាព
លោក សឺន ស៊ូបែរ្តិ៍  ប្រធានគណបក្សសិទ្ធិមនុស្ស
លោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស
​ភ្នំពេញ​៖ គណបក្ស​សិទ្ធិមនុស្ស ដែល​បង្កើតឡើង​កាលពី​ឆ្នាំ​២០០៧​ដោយ​លោក កឹម សុខា បានសម្រេច​រំលាយខ្លួន​ចោល ចាប់ពី​ថ្ងៃនេះ​តទៅ​។ នេះ​បើតាម​លិខិត ដែល​លោក សឺ​ន ស៊ូ​បែ​រ្តិ៍  ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​ផ្ញើ​ទៅកាន់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។



​លិខិត​នោះ  ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កឹម សុខា​។ លោក សឺ​ន ស៊ូ​បែ​រ្តិ៍ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​សិទ្ធិមនុស្ស ពិតជា​បាន​រំលាយខ្លួន​ចោល​មែន ហើយ​ក៏បាន​ជូនដំណឹង​ទៅកាន់​សម្តេច ស ខេង​។

​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ លើកឡើងថា ការ​រក្សាទុក​គណបក្ស​សិទ្ធិមនុស្ស​នាពេល​កន្លងមក គឺ​ដោយសារតែ​សមាជិក​មួយចំនួន ជាពិសេស​សមា​ជិ​កក្រុមប្រឹក្សាឃុំ សង្កាត់ នៅមាន​ឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ នៃ​គណបក្ស​សិទ្ធិមនុស្ស​។ លោក បន្ថែមថា ពេលនេះ សមាជិក​ទាំងនោះ បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​អស់ហើយ កាលពី​បោះឆ្នោត​ឃុំ សង្កាត់ នីតិកាល​ទី​៤ ដូច្នេះហើយ​ទើប​គណបក្ស​សិទ្ធិមនុស្ស សម្រេច​រំលាយខ្លួន​ចោល​តែម្តង​។ លោក បញ្ជាប់​បែបនេះ​ថា​៖«​ឥឡូវ គណបក្ស​សិទ្ធិមនុស្ស គ្មាន​តួនាទី​អ្វី ដែល​ត្រូវ​ទុក​ទៀត​ទេ​»​។​

​គណបក្ស​សិទ្ធិមនុស្ស គឺជា​គណបក្ស​ចាស់​របស់លោក កឹម សុខា​។ ចាប់តាំងពី​លោក កឹម សុខា រួបរួម​ជាមួយ​លោក សម រង្ស៊ី គណបក្ស​សិទ្ធិមនុស្ស​នេះ ក៏​ទុកចោល ដោយ​មិន​ធ្វើ​សកម្មភាព​អ្វី​ឡើយ​។ ឯ​គណបក្ស សម រង្ស៊ី ដែលជា​គណបក្ស​ចាស់​របស់លោក សម រង្ស៊ី ក៏​មិន​ធ្វើ​សកម្មភាព​អ្វី​ដែរ​។

​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើតឡើង​ពី​ការរួបរួម​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​កើន​ប្រជាប្រិយភាព​យ៉ាងខ្លាំង រហូតដល់​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន​៥៥  និង​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ជាង​៥០០០​ឯណោះ​។ ប៉ុន្តែ​ជា​អកុសល គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវបាន​រំលាយចោល កាលពី​ចុងឆ្នាំ​២០១៧ ហើយ​អាសនៈ​ទាំងអស់​នៃ​គណបក្ស​នេះ ត្រូវ​យកទៅ​បែងចែក​ឲ្យ​គណបក្ស​ដទៃ​។ ចំណែកឯ ស្ថាបនិក​ទាំងពីរ ក៏ត្រូវ​បែក​គ្នា ដោយ​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​ពី​ទោស​ក្បត់ជាតិ ហើយ​លោក សម រង្ស៊ី ដែល​រង​បណ្តឹង​ជាច្រើន​ពី​សំណាក់​មេដឹកនាំ​គណបក្ស​កាន់​ណា​ច ក៏ត្រូវ​និរទេស ដើម្បី​គេច​ពី​ចំណាត់ការ​តុលាការ​៕


Tag:
 គណបក្ស​សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com