ជាតិ
មគ្គុទ្ទេសក៍​ភាសា​ចិន ប្រគល់​កុលាលភាជន៍​ច្រើន​បំណែក ដល់​អាជ្ញាធរ​អប្សរា​
29, Jan 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ក្រុម​មគ្គុទ្ទេសក៍​ភាសា​ចិន ដែលមាន​តំណាង​លោក ធៀ​ម ធឿន បានប្រគល់​កុលាលភាជន៍​បុរាណ​ច្រើន​បំណែក ដល់​អាជ្ញាធរ​ជាតិ​អប្សរា​។ ពិធី​នេះធ្វើឡើង​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ដែល​បាន​តម្កល់​រាល់​វត្ថុ​បុរាណ​ដែល​រកឃើញ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។



​បំណែក​នៃ​កុលាលភាជន៍ ដែល​ក្រុម​មគ្គុទ្ទេសក៍ ប្រគល់ជូន​ដល់​អាជ្ញាធរ​ជាតិ​អប្សរា រួមមាន​ដូចជា ថូ បំណែក​ក្រឡ រួម​និង​បំណែក​ល្អិតៗ​មួយចំនួនទៀត​។

​លោក ធៀ​ម ធឿន តំណាង​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន បានឱ្យដឹងថា បំណែក​កុលាលភាជន៍​ទាំងនេះ គឺ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​វាល ឃុំ​គោកចក បាន​ប្រទះឃើញ​ដោយ​ចែដ​ន្យ​ពេលដែល​ជីកដី​ក្នុងភូមិ អំឡុង​ខែកក្កដា ឆ្នាំ​២០១៧​។ លោក​បន្ថែមថា ពលរដ្ឋ​នោះបាន​ប្រគល់​កុលាលភាជន៍​ទាំងនេះ​មកដល់​លោក មុនពេល​លោក​យកមក​ប្រគល់​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​៥​ថ្ងៃ និង​ដោយសារ​ដឹង​ពី​គុណប្រយោជន៍ និង​ចង់ឱ្យ​វត្ថុ​ដ៏​មានតម្លៃ​នេះ​នៅ​កន្លែង​មាន​សុវត្ថិភាព ដើម្បី​រក្សាទុក​នៅក្នុង​សារមន្ទីរ​។​

​ប្រធានការិយាល័យ​សិក្សា​កុ​លាក​ភាជន៍​នៃ​មជ្ឈមណ្ឌល​អន្តរជាតិ ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ លោក ឆាយ រចនា ដែល​បានទទួល​កុលាលភាជន៍ នៅ​ថ្ងៃទី​២៦ ខែមករា បាន​លើកឡើងថា វត្ថុ​ទាំងនេះ​មាន​អាយុកាល​២​សម័យកាល​ផ្សេងគ្នា គឺ​ខ្លះ​នៅ​សម័យអង្គរ និង​ក្រោយ​អង្គរ​។ លោក​បន្ថែមថា កុលាលភាជន៍​ដែល​ទទួលបាន​នៅពេលនេះ គឺ​ប្រភេទ​កុលាលភាជន៍​ខ្មែរ និង​បំណែក​ខ្លះ​ជា​កុលាលភាជន៍​ចិន​។ លោក​បន្ថែមទៀតថា ក្រៅពី​ចេះ​ផលិត​ខ្លួនឯង ខ្មែរ​នៅ​សម័យបុរាណ​ក៏បាន​នាំចូល​ពី​ស្រុក​ចិន​ដែរ ដើម្បី​ប្រើប្រាស់​សម្រាប់​ពិធី​សាសនា និង​បម្រើ​ជីវភាព​ប្រចាំថ្ងៃ​៕


Tag:
 កុលាលភាជន៍
© រក្សាសិទ្ធិដោយ thmeythmey.com