រថយន្ត
អន្តរជាតិ
រថយន្ត Citroën 2 CV ឆ្នាំ​១៩៤៩ លក់បាន​ក្នុងតម្លៃ​ជាង​៩​ម៉ឺន​ដុល្លារ​អាមេរិក​
29, Jan 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
​រថយន្ត​ម៉ូ​ដែល​ចំណាស់ Citroën 2 CV ដែល​ផលិត​កាលពី​ឆ្នាំ​១៩៤៩ ត្រូវបាន​លក់​ចេញ​ក្នុងតម្លៃ​ជា​កំណត់ត្រា​ថ្មី​មួយ ពោលគឺ​៧៥ ៦០០​អឺរ៉ូ (​ជាង​៩៣ ០០០​ដុល្លារ​អាមេរិក​)​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត Le Figaro​។​



​ក្រុមហ៊ុន​លក់​ដេញថ្លៃ​របស់​បារាំង​ឈ្មោះ Osenat តាមរយៈ​គេហទំព័រ Fontainebleau បាន​លក់​រថយន្ត​អស់​ជាង​៥០​គ្រឿង​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ ក្នុងចំណោម​រថយន្ត​ទាំងនោះ រថយន្ត​ម៉ូ​ដែល​ខ្នាតតូច​ដ៏​កម្រ បាន​បង្កើត​ឲ្យ​មានការ​ពិភាក្សាគ្នា​ពេញ​បណ្តាញ​សង្គម ពោលគឺ​រថយន្ត​ប្រភេទ 2 CV ចំនួន​៤​គ្រឿង​។​

Citroën 2 CV ក្នុង​ប្រភេទ A ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្ពស់ ដោយ​វា​ស្ថិតក្នុង​ចំណោម​រថយន្ត​តែ​៨៧៦​គ្រឿង​ប៉ុណ្ណោះ ដែល​ត្រូវបាន​ផលិត​កាលពី​អំឡុង​ឆ្នាំ​១៩៤៨ និង​ឆ្នាំ​១៩៤៩ ។

Le Figaro បាន​បង្ហាញថា រថយន្ត​នេះ ស្ថិតក្នុង​សភាព​ល្អ និង​អាច​បើកបរ​បាន​។ អ្នកដេញថ្លៃ​ចំនួន​២​នាក់ បាន​ប្រជែង​យក​វា ហើយ​ទីបំផុត Citroën 2 CV ដ៏​ចំណាស់​នេះ បាន​ធ្លាក់​ទៅលើ​ដៃ​អ្នក​ដែល​ហ៊ាន​ឲ្យ​ថ្លៃ​រហូតដល់​ទៅ ៧៥ ៦០០​អឺរ៉ូ (​ជាង​៩៣ ០០០​ដុល្លារ​អាមេរិក​)​។​

​នេះ​ជាត​ម្លៃ​ជា​កំណត់ត្រា​ថ្មី​មួយ​នៅ​បារាំង​សម្រាប់​រថយន្ត​ប្រភេទ 2 CV ដែល​ផ្ទុក​មនុស្ស​ជា​ស្តង់ដា​២​នាក់​។ ប៉ុន្តែ​រថយន្ត ប្រភេទ 2CV ដែលមាន​តម្លៃ​ខ្ពស់បំផុត​នៅលើ​ពិភពលោក​នោះ គឺ 2 CV Sahara ដែល​ត្រូវ​លក់​ចេញ​កាលពី​ឆ្នាំ​២០១៦ ទៅ​អតិថិជន​ហូ​ឡង់ ក្នុងតម្លៃ ១៧២ ៨៤០​ផោន (​ជាង​២១​ម៉ឺន​ដុល្លារ​អាមេរិក​)៕


© រក្សាសិទ្ធិដោយ thmeythmey.com