អន្តរជាតិ
អាហ្វ្រិក​ទាត់ចោល​ការចោទប្រកាន់​របស់​បារាំង​ថា ចិន​លួច​ស៊ើបការណ៍​លើ​សហភាព​អាហ្វ្រិក​
30, Jan 2018 , 6:19 pm        
រូបភាព
​មេដឹកនាំ​សហភាព​អាហ្វ្រិក​នាំគ្នា​ទាត់ចោល​ការចោទប្រកាន់​របស់​សារព័ត៌មាន​បារាំង​ដែលថា ចិន​បាន​លួច​ស៊ើបការណ៍​នៅ​ទីស្នាក់ការ​សហភាព​អាហ្វ្រិក​តាំងពី​ឆ្នាំ ២០១២​មក​នោះ​។ មេដឹកនាំ​ទាំងនោះ​អះអាងថា ចិន​ជា​មិត្ត​ល្អ និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​អាហ្វ្រិក ហើយ​វា​គ្មាន​ហេតុផល​ណា​ដែល​ចិន​ធ្វើ​បែប​នោះឡើយ​។



​ថ្មីៗ​នេះ កាសែត​បារាំង Le Monde បានចេញ​ផ្សាយ​ថា រដ្ឋាភិបាល​ចិន​បាន​លួច​ស៊ើបការណ៍​លើ​ទីស្នាក់ការ​សហភាព​អាហ្វ្រិក​នៅក្នុង​ទីក្រុង​អា​ឌី​ស អា​បា​បា ប្រទេស​អេ​ត្យូ​ពី​តាំងពី​ឆ្នាំ ២០១២​ពោលគឺ​ចាប់ពី​អាគារ​នេះ​ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ក្រោម​ជំនួយ​ចិន​។

​យ៉ាងណាក៏ដោយ មេដឹកនាំ​សហភាព​អាហ្វ្រិក​បាននាំគ្នា​ចេញមុខ​ទាត់ចោល​ការចោទប្រកាន់​ពី​សំណាក់​កាសែត​បារាំង​លើ​រដ្ឋាភិបាល​ចិន​នេះ​នា​ថ្ងៃ​អង្គារ​ទី ៣០ ខែមករា​នេះ​។ មេដឹកនាំ​អេ​ត្យូ​ពី​បាន​អះអាងថា វា​គ្មាន​ហេតុផល​អ្វីដែល​ចិន​ត្រូវ​លួច​ស៊ើបការណ៍​លើ​ស្ថាប័ន​អាហ្វ្រិក​ឡើយ ខណៈដែល​ចិន​ជា​មិត្ត​និង​ដៃគូ​យុទ្ធសាស្ត្រ​របស់​អាហ្វ្រិក​នោះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​ស្រង់​សម្តី​នាយករដ្ឋមន្ត្រី​អេ​ត្យូ​ពី Hailemariam Desalegn នៅក្រៅ​កិច្ចប្រជុំ​កំពូល​សហភាព​អាហ្វ្រិក​លើក​ទី​៣០​ដូច្នេះ​៖ «​វា​គ្មាន​អ្វីដែល​ត្រូវ​លួច​ស៊ើប​យកការណ៍​ឡើយ​ព្រោះ​សម្ព័ន្ធភាព​រវាង​ចិន និង​អាហ្វ្រិក​គឺ​ស្ថិតក្នុង​ក​ម្រិ​យ​យុទ្ធសាស្ត្រ និង​គ្រប់​ជ្រុងជ្រោយ​»​។​

​ចំណែក​ប្រធាន​គណៈកម្មការ​អាហ្វ្រិក​លោក Moussa Faki បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ពេល​បញ្ចប់​កិច្ចប្រជុំ​កំពូល​ខាងលើ​បាន​អះអាងថា វា​គ្មាន​ភស្តុតាង​ណា​ដែល​បង្ហាញថា​អាគារ​សហភាព​អាហ្វ្រិក​ត្រូវបាន​គេ​លួច​ស៊ើបការណ៍​ឡើយ​។

​ក្រៅពីនេះ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហភាព​អឺរ៉ុប​លោក Kuang Weilin បាន​ហៅ​ការចោទប្រកាន់​លើ​ចិន​ថា​ជា​រឿង​ឆ្កួត​ឡប់ និង​ប្រឌិត​ឡើង​សុទ្ធសាធ​។ លោក​បាន​រម្លឹក​ឡើងវិញ​ថា អាគារ​ទីស្នាក់ការ​សហភាព​អាហ្វ្រិក​ជា​អំណោយ​របស់​ប្រជាជន​ចិន ហើយ​វា​ជា​និមិត្តសញ្ញា​នៃ​មិត្តភាព និង​ការគាំទ្រ​របស់​ចិន​ចំពោះ​ទ្វីបអាហ្វ្រិក​ដូចគ្នា​។​

​បន្ថែម​ពីលើ​ការរិះគន់​លោក Kuang ក៏បាន​ចោទសួរ​ពី​ចេតនា​របស់​កាសែត​បារាំ​ង​ផងដែរ​ដែល​បញ្ច​ប់របាយ​ការណ៍​នេះ​ត្រឹម​មួយថ្ងៃ​ប៉ុណ្ណោះ​មុន​កិច្ចប្រជុំ​កំពូល​សហភាព​អាហ្វ្រិក​ចាប់ផ្តើម​នោះ​។

«​ខ្ញុំ​ពិតជា​ឆ្ងល់​ពី​ចេតនា​ពិតប្រាកដ​របស់​សារព័ត៌​មានបារាំង​។ ខ្ញុំ​គិតថា វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់ និង​ផ្ញើ​សារ​អវិជ្ជមាន​ទៅ​ប្រជាជន ហើយ​វា​បង្ហាញ​រូបភាព​មិនល្អ​របស់​កា​សែត​ខ្លួនឯង​ដូចគ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Kuang៕



Tag:
 សហភាព​អាហ្វ្រិក​
  បារាំង​
  ចិន​
  Le Monde
© រក្សាសិទ្ធិដោយ thmeythmey.com