ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាឧទ្ធរណ៍ សម្រេចឲ្យលោក កឹម សុខា ជាប់ឃុំដដែល
01, Feb 2018 , 11:43 am        
រូបភាព
លោក ជូង ជូងី មេធាវីមួយរូបរបស់លោក កឹម សុខា ផ្តល់បទសម្ភាសដល់អ្នកកាសែត ក្រោយដើរចេញពីបន្ទប់សវនាការនៃសាលាឧទ្ធរណ៍ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២0១៨
លោក ជូង ជូងី មេធាវីមួយរូបរបស់លោក កឹម សុខា ផ្តល់បទសម្ភាសដល់អ្នកកាសែត ក្រោយដើរចេញពីបន្ទប់សវនាការនៃសាលាឧទ្ធរណ៍ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២0១៨
ដោយ:
ភ្នំពេញ​៖ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សាលាឧទ្ធរណ៍ សម្រេច​ឲ្យ​ជាប់ឃុំ​ដ​ដែល​។ ការសម្រេច​របស់​សាលាឧទ្ធរណ៍ គឺធ្វើឡើង​បន្ទាប់​បញ្ចប់​សវនាការ នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២0១៨​នេះ​។


 
​លោក កឹម សុខា ក៏បាន​ចូលរួម​ក្នុង​សវនាការ​នេះដែរ ដោយ​អម​ជាមួយ​ក្រុម​មេធាវី​របស់លោក​។ ក្រោយ​បញ្ចប់​សវនាការ សមត្ថកិច្ច​ក៏បាន​នាំ​លោក កឹម សុខា កាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​វិញ​។ 
 
​លោក ជូ​ង ជូ​ងី មេធាវី​មួយរូបរបស់លោក កឹម សុខា បានសម្តែង​ការ​សោក​ស្តា​យយ៉ាងខ្លាំង​ ដែល​សាលាឧទ្ធរណ៍ មិន​យល់ព្រម​ឲ្យ​លោក កឹម សុខា បាន​នៅក្រៅ​ឃុំ​បណ្តោះ​អាស​ន្ត​។ លោក បន្ថែមថា ក្រុម​មេធាវី នឹង​ពិភាក្សា​ជាមួយ​លោក កឹម សុខា ដើម្បី​សម្រេច​ថាត្រូវធ្វើ​អ្វី​បន្ត​​ទៀត។ 
 
​គួររម្លឹកថា លោក កឹម សុខា  បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ជិត​៥​ខែ ក្រោម​ការសង្ស័យថា ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ព្រោះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ សមត្ថកិច្ច​និង​តុលាការ ពឹង​ផ្អែកលើ​វីដេអូ​ឃ្លី​ប​មួយ ដែល​លោក កឹម សុខា បាន​ថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។ ក្នុង​វីដេអូ​ឃ្លី​ប​នោះ លោក កឹម សុខា បាន​លើកឡើងថា លោក មាន​អ្នកជំនាញ​ដែលជា​ជនបរទេស​នៅ​ពីក្រោយ ដើម្បី​ជ្រោមជ្រែង​ក្នុងការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​កម្ពុជា​។ 
 
​ក្រោយ​វីដេអូ​ឃ្លី​ប​ខាងលើ បាន​បែកធ្លាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សមត្ថកិច្ច ក៏បាន​នាំគ្នា​ចុះទៅ​ចាប់​លោក កឹម សុខា ដល់​គេហដ្ឋាន​តែម្តង កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៧​។ ភ្លាមៗ​បន្ទាប់ពី​ចាប់ខ្លួន សមត្ថកិច្ច ក៏​ដឹក​លោក ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​៕
 

Tag:
 ​តុលាការ​
  កឹម សុខា​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com