ជាតិ
WCS បារម្ភ​ពី​សុវត្ថិភាព​អ្នកការពារ​សត្វព្រៃ និង​ព្រៃឈើ ក្រោយ​មនុស្ស​៣​នាក់​ត្រូវបាន​បាញ់សម្លាប់​
02, Feb 2018 , 3:12 pm        
រូបភាព
អ្នកទាំងបី ដែលត្រូវ​គេបាញ់សម្លាប់ រូបភាពពីអង្គការ WCS
អ្នកទាំងបី ដែលត្រូវ​គេបាញ់សម្លាប់ រូបភាពពីអង្គការ WCS
​ភ្នំពេញ​៖  ក្រោយ​ការបាញ់សម្លាប់ ក្រុម​អភិរក្ស​ព្រៃឈើ​ចំនួន បីនាក់ នៅ​ដែន​ជម្រក​សត្វ​ព្រែ​កែវ​សីមា អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​បង្ហាញ​ក្តីបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ក្រុម​អនុវត្ត​ច្បាប់ ដែល​បាន​ប្រថុយ​ជីវិត​របស់ខ្លួន ក្នុងការ​ការពារ​សត្វ​ព្រៃ និង​ព្រៃឈើ​។



​តាមរយៈ​សេចក្ដីថ្លែងការណ៍ ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក កើន សេរី​រដ្ឋា នាយក​អង្គការ WCS បាន​សម្ដែង​ការសោកស្ដាយ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​របស់​អ្នក​អភិរក្ស​ព្រៃឈើ​ទាំងបី​នាក់ ដែល​ត្រូវបាន​ជនប្រដាប់អាវុធ បាញ់សម្លាប់​នៅពេល​ចុះ​បំពេញការងារ​ដើរល្បាត​ព្រៃ​ក្បែរ​ព្រំប្រទល់​កម្ពុជា និង​វៀតណាម​។

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍ យ៉ាង​ដូច្នេះ​ថា​៖«​ជា​រៀងរាល់ថ្ងៃ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ក្រុម​អនុវត្ត​ច្បាប់ បាន​ប្រថុយ​ជីវិត​របស់ខ្លួន​ដើម្បី​ការពារ​សត្វព្រៃ និង​ព្រៃឈើ​។ យើង​មិនត្រូវ​អនុញ្ញាត​ឲ្យ​ឧក្រិដ្ឋជន​កាប់បំផ្លាញ​ព្រៃ​នៅ​កម្ពុជា គំរាមកំហែង និង​បាញ់សម្លាប់​អ្នកការពារ​សម្បត្តិ​ធម្មជាតិ កើតឡើង​ជាថ្មី​ម្តង​ទៀតឡើយ​»​។​

​ផ្អែក​តាម​សេចក្ដីថ្លែងការណ៍​ខាងលើ​ដដែល អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា បាន​រៀបរាប់​ពី​សកម្មភាព​ការងារ​របស់​អ្នក​អភិរក្ស​ព្រៃឈើ​ទាំងបី  ដែល​បាន​បំពេញការងារ​ជាមួយ​អង្គការ​WCS នាពេល​កន្លងមក​។ ទាក់ទង​នឹង​ការបាញ់សម្លាប់​មន្ត្រី​អាវុធហត្ថ មន្ត្រី​ក្រសួងបរិស្ថាន និង​បុគ្គលិក​អង្គការ WCS​នេះ អង្គការ WCS នឹង​បន្ត​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​ដែ​គូ ដើម្បី​រួមគ្នា​បញ្ឈប់​ការកាប់​ឆ្កា​ដីព្រៃ ការកាប់​ព្រៃឈើ និង​បរបាញ់​សត្វព្រៃ​ខុសច្បាប់ ព្រមទាំង​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ក្រុមគ្រួសារ​។​

​អ្នក​អភិរក្ស​ព្រៃឈើ​ទាំងបី​នាក់ ត្រូវបាន​បាញ់សម្លាប់ នៅ​ម្តុំ​ប៉ុស្តិ៍​អូ​ររ​លែ ដែល​ស្ថិតក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី ៣០ ខែមករា កន្លងទៅ គឺ​លោក សេក វ​ឌ្ឍ​នា មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក តឺ​ន សុខ​ណៃ មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន និង​លោក ថុល ខ្នា បុគ្គលិក​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS )​។


លោក សេក វឌ្ឍនា មន្រ្តីអាវុធហត្ថ រូបភាព​ពី​អង្គការ WCS


លោក តឺន សុខណៃ មន្រ្តី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន រូបភាព​ពី​អង្គការ​WCS


លោក ថុល ខ្នា បុគ្គលិក​អង្គការ​WCS រូប​ភាព​ពី​អង្គការ WCS

​មកដល់ពេលនេះ ជនសង្ស័យ​ម្នាក់​ឈ្មោះ ផល ពេញ ដែលជា​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​រ​លែ ត្រូវបាន​ចាប់ខ្លួន​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សូ សុវណ្ណ ស្នងការរង​នៃ​ខេត្ត​មណ្ឌល​គី​រី បាន​ប្រាប់ Fresh News ថា ជនសង្ស័យ​រូបនេះ បាន​សារភាព​ហើយ​ថា ខ្លួន បាន​បាញ់សម្លាប់​ជនរងគ្រោះ​ទាំងបី​នាក់ ដោយសារតែ​ការទាស់ទែង​គ្នា​៕


Tag:
 WCS
  មណ្ឌលគិរី​
  បាញ់សម្លាប់​
  ដែនជម្រកសត្វព្រៃ​កែវ​សីមា​
© រក្សាសិទ្ធិដោយ thmeythmey.com