អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សិស្សសាលា​ថៃ បន្ត​ចម្អក​ឲ្យ​ឧបនាយករដ្ឋមន្ត្រី​ដែល​ពាក់​នាឡិកា​តម្លៃ​រាប់ម៉ឺន​ដុល្លារ តែ​មិន​ប្រកាស​ទ្រព្យ​
04, Feb 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
 សិស្សសាលា​ថៃ​បាននាំគ្នា​ដង្ហែរ​រូប​ត្លុក​និង​បដា​ក្នុងន័យ​ចម្អក​ឲ្យ​ឧបនាយករដ្ឋមន្ត្រី​ថៃ​និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ដែល​ពាក់ព័ន្ធ​ការប្រើប្រាស់​នាឡិកាដៃ​តម្លៃ​រាប់ម៉ឺន​ដុល្លារ ហើយ​ទំនងជា​ពាក់ព័ន្ធ​អំពើពុករលួយ​ផង​។  រឿងអាស្រូវ​នាឡិកាដៃ​នេះ​ជា​រឿងចម្រូងចម្រាស​នៅ​ថៃ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របប​សឹក​ខ្លាំង​ដែរ ប៉ុន្តែ​របប​នេះ​ព្យាយាម​ការពារ និង​ប្តឹង​រាល់​បុគ្គល​ណា​ដែល​ហ៊ាន​កកូរកកាយ​រឿងនេះ​ដែរ​។​


​ជំពាក់​វា​ក់វិន​នឹង​រឿងអាស្រូវ​នាឡិកាដៃ​រប​ស់​មន្ត្រី​លំដាប់​ទី​ពីរ​នៃ​របប​សឹក​ថៃ​លោក​ឧ​បក​នាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ Prawit Wongsuwan នៅតែ​រសើប​ខ្លាំង​ក្នុង​បរិបទ​នយោបាយ​ថៃ​បច្ចុប្បន្ន​។ សាធារណជន​ថៃ​ហាក់​មិន​ញញើត​នឹង​ការ​គំរាម ឬ​ចាត់វិធានការ​តបតរ​បស់​របប​សឹក​ឡើយ ហើយ​ពួកគេ​បន្ត​ទិតៀន និង​ចម្អក​ឲ្យ​មេដឹកនាំ​របប​សឹក​ជា​បន្តបន្ទាប់​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា នៅ​ថ្ងៃ​សៅរ៍ ទី ៣ ខែកុម្ភៈ មុន​បើក​ការប្រកួត​បាលទាត់​ជា​ផ្លូវការ​នៅ​ក្រុង​បាងកក សិស្សសាលា​មួយក្រុម​បាននាំគ្នា​រៀបចំ​ក្បួន​ដង្ហែរ​ដោយមាន​បដា និង​រូប​ត្លុក​ចម្អក​ឲ្យ​ឧបនាយករដ្ឋមន្ត្រី​ថៃ ដែលមាន​នាឡិកាដៃ​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ប្រើប្រាស់​។​
 
 បញ្ហាសំខាន់​គឺ​លោក​មាន​របស់​ថៃ្ល តែ​មិន​ប្រកាស​ទ្រព្យ​ឲ្យ​គេ​ដឹង​ឡើយ​ដែល​វា​មិន​ខុសពី​ពាក់ព័ន្ធ​អំពើពុករលួយ​ឡើយ​។ ក្រៅពីនេះ គេ​ក៏​ឃើញ រូប​ត្លុក​ខ្លះ​ចម្អក​ឲ្យ​លោក Prawit ដែល​យក​លេស​ថា លោក​ខ្ចី​នាឡិកាដៃ​មិត្តភក្តិ​ប្រើ​ប៉ុណ្ណោះ​។ 
 
​កន្លងមកនេះ របប​សឹក​ថៃ​បាន​ព្យាយាម​ការពារ​មន្ត្រី​របស់ខ្លួន ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​របប​នេះ​ក៏​បានចេញ​វិធានការ​ក្តៅ​ប្រឆាំង​រាល់​សកម្មជន ឬ​អ្នកណា​ក៏ដោយ​ដែល​ហ៊ាន​កកូរកកាយ ឬ​ចោទប្រកាន់​លោក  Prawit ផងដែរ​។ កាលពី​សប្តាហ៍​មុន បណ្តឹង​តាមផ្លូវ​ច្បាប់​ត្រូវបាន​គេ​រៀបចំឡើង​ដើម្បី​ឆ្លើយតប​នឹង​សកម្មជន​ជាច្រើន​នាក់​ដែរ​។ 
 
​តាមពិតទៅ រឿងអាស្រូវ​នេះ​ផ្ទុះឡើង​កាលពីដើម​ខែធ្នូ​ឆ្នាំមុន ពេលដែល​លោក Prawit បាន​ពាក់​នាឡិកាដៃ​ម៉ាក Richard Mille ដែលមាន​តម្លៃ​ថ្លៃ​ហួស​ស្មាន​ដែលមាន​តម្លៃ ២,៦ លាន​បាត ឬ​ស្មើ ៧៧០០០​ដុល្លារ​នោះ​។  
 
​ប៉ុន្តែ​ក្រោយ​ការស្រាវជ្រាវ គេ​រកឃើញថា មន្ត្រីជាន់ខ្ពស់​រូប​នេ​ញ​មិនបាន​ប្រកាសថា​ខ្លួន​មាន​នាឡិកា​ថ្លៃ​បែប​នេះឡើយ​ពេលដែល​លោក​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​កាលពី​ឆ្នាំ ២០១៤​នោះ​។ រាល់​សមាជិក​គណៈរដ្ឋមន្ត្រី​ទាំងអស់​មាន​កាតព្វកិច្ច​ប្រកាស​រាល់​ទ្រព្យសម្បត្តិ​ទាំងអស់​របស់ខ្លួន​តាម​ការកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​។​
 
​កាលពី​ឆ្នាំ ២០១៤ លោក​បានប្រកាសថា លោក​មានទ្រព្យ​សម្បត្តិ​ទាំងអស់ ២,៥​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​មាន​លុយ​សុទ្ធ ១,៥​លាន​ដុល្លារ​ដ​ម្ក​ល់​ទុក​ក្នុង​ធនាគារ​៕
 

Tag:
 Prawit Wongsuwan
  ថៃ​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com