កីឡាជាតិ
ជាតិ
NOCC ដាក់​ផែនការ​យុទ្ធសាស្ត្រ​៩​ចំណុច​ដើម្បី​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
04, Feb 2018 , 7:59 pm        
រូបភាព
ដោយ:
 ក្នុង​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​៩​ចំណុច ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា​។ ការដាក់​យុទ្ធសាស្ត្រ​ទាំងនេះ​ធ្វើឡើង​ក្នុង​មហាសន្និបាត​បូកសរុប​ការងារ​អាណត្តិ​ទី​៦ និង​ដាក់​ផែនការ​យុទ្ធសាស្ត្រ​អាណត្តិ​ទី​៧​កាលពី​ថ្ងៃទី​១ កុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​

 
​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថោង ខុន ក្រោយ​បន្ត​ដឹកនាំ​ជា​ប្រធាន NOCC សម្រាប់​អាណត្តិ​ទី​៧ បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​មួយចំនួន​ដល់​មន្ត្រីក្រោមឱវាទ និង​សហព័ន្ធ​កីឡា​ជាតិ​។ ការដាក់ចេញ​នេះ គឺ​ដើម្បី​ជួយ​ជំរុញ និង​អភិវឌ្ឍន៍​វិស័យ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ក៏ដូចជា​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​តាម​ផែនការមេ​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។  
 
 
 
​ផែនការ​យុទ្ធសាស្ត្រ​ទាំងនេះ​រួមមាន បន្ត​កំណែទម្រង់​សហព័ន្ធ​កីឡា​ជាតិ​ដែលមាន​ភាពមិនប្រក្រតី មានការ​អភិវឌ្ឍ​យឺត និង​មានការ​រាំងស្ទះ​យន្តការ​បច្ចេកទេស​កីឡា​ជំនាញ​, ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ដែល​បានកំណត់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ និង​ទី​៣២ ផ្តោត​ការយកចិត្តទុកដាក់​លើ​ផែនការ​អភិវឌ្ឍ​បច្ចេកទេស​របស់​សហព័ន្ធ​តាមរយៈ​ការតាមដាន ត្រួតពិនិត្យ វាយតម្លៃ និង​ដាក់​វិធានការ​ដោះស្រាយ​។ 
 
 
 
​មន្ត្រី​ទាំងអស់​ត្រូវមាន​ការសហកា​រ​ដោយ​ស្មារតី​សាមគ្គី​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​កីឡា​ស៊ី​ហ្គេម​កម្ពុជា សហព័ន្ធ​កីឡា​ជាតិ និង​ភាគី​ពាក់ព័ន្ធ​, គៀងគរ​សប្បុរសជន វិស័យ​ឯកជន​ចូលរួម​ឧបត្ថម្ភ គាំទ្រ​សកម្មភាព​កីឡា និង​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ បន្ត​កិច្ចសហការ​ល្អ និង​រៀបចំ​ការប្រកួត​កីឡា​ជាតិ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​, ស្វែងរក​មេដាយមាស​ចំនួន​ពីរ​ខ្ទង់​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ និង​២០២១ ស្វែងរក​មេដាយ​កីឡា​អាស៊ី​ឲ្យ​យ៉ាងតិច​១​នៅ​ឆ្នាំ​២០១៨ និង ២០២២ និង​ជំរុញ​ឲ្យ​អត្ត​ព​លិ​ក​ជាតិ​ដណ្តើម​សិទ្ធ​ពេញលេញ ដើម្បី​ចូលរួម​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុន​៕  
 
  
 
 
 

Tag:
 SEA Games
  ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com