អន្តរជាតិ
បុរសអាមេរិកវ័យ៥១ឆ្នាំម្នាក់ ស្លាប់ នៅបីសប្តាហ៍ក្រោយ ត្រូវឆ្នោត១លានដុល្លារ
× រឿងរ៉ាវរបស់លោក Donald Savastano រស់នៅក្រុងញូវយ៉ក បានប្តូរពីភាពរីករាយដែលមិននឹកស្មានដល់ទៅជាភាពសោកសៅដ៏សែនសោកស្តាយ។ បុរសអាមេរិកវ័យ៥១ឆ្នាំរូបនេះ បានទទួលមរណភាពនៅ៣សប្តាហ៍បន្ទាប់ពីត្រូវរង្វាន់១លានដុល្លារអាមេរិក។
លោក Donald Savastano រំពឹងមានជីវិតដ៏ហ៊ឺហារក្រោយឈ្នះឆ្នោតរង្វាន់១លានដុល្លារអាមេរិកពីកម្មវិធី New York Lottery's «Merry Millionaire» ។ «ខ្ញុំសូមនិយាយតាមត្រង់ នេះជាការដំណើរការផ្លាស់ប្តូរជីវិតថ្មីមួយរបស់យើង»។ នេះបើតាមសំដីរបស់លោក Savastano ដែលដកស្រង់ដោយសារព័ត៌មាន ABC នាអំឡុងពេលដែលលោកបានទទួលប្រាក់រង្វាន់។
បុរសដែលប្រកបរបរជាជាងឈើរូបនេះ បានរៀបចំផែនការជាច្រើនសម្រាប់ជីវិតរបស់ខ្លួន ជាពិសេសនៅពេលចូលនិវត្តន៍ ក្នុងនោះលោកបានត្រៀមដំណើរកម្សាន្តពេលវិស្សមកាល រួមទាំងការត្រួតពិនិត្យសុខភាពផងដែរ។
អ្នកស្រី Danielle Scott អ្នកបម្រើការនៅហាងដែលលោក Savastano បានទិញឆ្នោតនោះ រៀបរាប់ថា ក្នុងចំណោមគម្រោងជាច្រើន ម្ចាស់រង្វាន់បានសម្រេចទៅពិនិត្យសុខភាព ព្រោះកន្លងមក លោកមិនថវិកាគ្រប់គ្រាន់ដើម្បីមើលឡើយ ជាពិសេសលោកមិនមានបណ្ណធានារ៉ាប់រង។
ទីបំផុត លោក Savastano បានសម្រេចទៅពិនិត្យសុខភាព។ ប៉ុន្តែដំណឹងដ៏អាក្រក់បានកើតឡើងសម្រាប់រូបគាត់ ដោយគ្រូពេទ្យបានបញ្ជាក់ថា គាត់មានជំងឺមហារីកដំណាក់កាលទី៤ ។
អ្នកស្រី Danielle បានរៀបរាប់ប្រាប់ ABC ថា អ្នកស្រីទទួលដំណឹងពីមិត្តម្នាក់របស់លោក Savastano ដែលធ្លាក់ខ្លួនឈឺខ្លាំង ដោយសារមហារីកខួរក្បាល និងសួត។ ក្រោយមក លោក Savastano បានទទួលមរណភាព ពោលគឺត្រឹមតែរយៈពេល២៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទទួលរង្វាន់ឆ្នោត១លានដុល្លារអាមេរិក។
បើតាមក្រុមគ្រួសារ លោក Savastano ជាមនុស្សដ៏ល្អម្នាក់ ដោយលោកចេះជំនាញជាងឈើបន្តពីឪពុក។ លោកតែងតែជួយទំនុកបម្រុងសមាជិកគ្រួសារ និងបង្រៀនមនុស្សទូទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com