អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង​ពិចារណា​ជួប​ទល់មុខ​ប្រមុខរដ្ឋ​កូរ៉េខាងជើង​អំឡុងពេល​អូឡាំពិក​
05, Feb 2018 , 10:18 am        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ពិចារណាជួបប្រមុខរដ្ឋកូរ៉េខាងជើង គីម យ៉ុងណាម
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ពិចារណាជួបប្រមុខរដ្ឋកូរ៉េខាងជើង គីម យ៉ុងណាម
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នឹង​ជួប​ជាមួយ​ប្រមុខរដ្ឋ​កូរ៉េខាងជើង គីម យ៉ុង​ណា​ម ក្នុង​សប្ដាហ៍​នេះ​អំឡុងពេល​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ​។ នេះ​ជា​ជំនួប​លើកដំបូង​រវាង​លោក មូ​ន ចេ​អ៊ី​ន ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​កូរ៉េខាងជើង ស្របពេល​ទំនាក់ទំនង​អន្តរ​កូរ៉េ​ប្រសើរឡើង​ច្រើន​។ ប៉ុន្តែ​គេ​មិនទាន់​ដឹង មេដឹកនាំ​កូរ៉េ​ទាំងពីរ​នឹងមាន​ជំនួប​ទ្វេភាគី​ឬ​យ៉ាងណា​ឡើយ ព្រោះ​ការរៀបចំ​កំពុង​ធ្វើឡើង​។



​កូរ៉េខាងជើង​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ បាន​ប្រាប់​កូរ៉េខាងត្បូង​ថា លោក គីម យ៉ុង​ណា​ម ប្រធានសភា​ប្រជាជន នឹង​ដឹកនាំ​ប្រតិភូ​កូរ៉េខាងជើង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​នៅ​ទីក្រុង​ព្យុងយ៉ាង​។ លោក គីម យ៉ុង​ណា​ម នឹង​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១០ ខែកុម្ភៈ ដើម្បី​ចូលរួម​បើក​កម្មវិធី​អូឡាំពិក និង​ទស្សនាការ​ប្រកួត​របស់​ក្រុមកីឡា​ហុក​គី​ទឹកកក​ស្ត្រី​ដែល​ប្រកួត​រួមគ្នា​ដោយ​កូរ៉េ​ទាំងពីរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មន្ត្រី​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Cheong Wa Dae និយាយ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ​ថា ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន រំពឹង​ជួប​ជាមួយ​លោក គីម យ៉ុង​ណា​ម ក្នុង​កម្មវិធី​បើក​កីឡា​អូឡាំពិក​។ យ៉ាងណាក្ដី គេ​មិនទាន់​ដឹងថា មេដឹកនាំ​កូរ៉េ​ទាំងពីរ​នឹងមាន​ការពិភាក្សា​ទល់មុខ​ឬ​អត់​ឡើយ ដ្បិត​មន្ត្រី​កូរ៉េខាងត្បូង​ត្រូវ​ជួបចរចា​ជាមួយ​សម​ភាគី​កូរ៉េខាងជើង​ជាមុនសិន ដើម្បី​រៀបចំ​ជំនួប​នេះ តែ​លោក មូ​ន ចេ​អ៊ី​ន កំពុង​ពិចារណា​។​

​សម្រាប់​ទស្សនកិច្ច​ប្រមុខរដ្ឋ​កូរ៉េខាងជើង​រូបនេះ កូរ៉េខាងត្បូង​ពិតជា​ស្វាគមន៍​យ៉ាងខ្លាំង​។ អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ចាត់ទុក​វត្តមាន​លោក គីម យ៉ុង​ណា​ម ជាការ​ប្រឹងប្រែង​របស់​កូរ៉េខាងជើង​ដើម្បី​ឲ្យ​កីឡា​អូឡាំពិក​ធ្វើឡើង​ដោយ​ជោគជ័យ​។ ខណៈដែល​ជំនួប​ថ្នាក់ដឹកនាំ​ទាំងពីរ​នៅ​មិនទាន់​សម្រេច​យ៉ាងនោះ ក្រុង​សេ​អ៊ូ​ល​អះអាងថា ការពិភាក្សា​អន្តរ​កូរ៉េ នឹងត្រូវ​រៀបចំឡើង​អំឡុងពេល​ទស្សនកិច្ច​ប្រតិភូ​ក្រុង​ព្យុងយ៉ាង​។​

​តាមច្បាប់​រដ្ឋធម្មនុញ្ញ​កូរ៉េខាងជើង លោក គីម យ៉ុង​ណា​ម ក៏​ជា​ប្រមុខរដ្ឋ​របស់​រដ្ឋ​កុម្មុយនីស្ត ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សន្តិ​វង្ស គីម តាំងពីដើម​មក​។ នេះ​ក៏​ជា​លើកដំបូង​ដែល​លោក គីម ធ្វើ​ទស្សនកិច្ច​នៅ​លើក​ទឹកដី​កូរ៉េខាងត្បូង​ដែរ​។ វត្តមាន​របស់​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ពេលនេះ អាចជា​ឱកាសល្អ​សម្រាប់​ជំនួប​ចរចា​មេដឹកនាំ​ផងដែរ​។ មន្ត្រី​ក្រុង​សេ​អ៊ូ​ល​ជឿថា ការណ៍​ដែល​ក្រុង​ព្យុងយ៉ាង​បញ្ជូន​លោក គីម ទៅ​កូរ៉េខាងត្បូង ជា​សញ្ញា​នៃ​ឆន្ទៈ​ល្អ​។​

​លោក គីម យ៉ុង​ណា​ម កាន់តំណែង​ប្រមុខរដ្ឋ​នេះ​អស់​រយៈពេល​២០​ឆ្នាំ​មកហើយ ពោល​ចាប់ពី​ឆ្នាំ​១៩៩៨ ក្នុងសម័យ​លោក គីម ជុងអ៊ីល មក​រហូតដល់​លោក គីម ជុង​អ៊ុន​។ លោក​មានបទពិសោធន៍​ច្រើន​ផ្នែក​នយោបាយ​ការបរទេស និង​ធ្លាប់​កាន់តំណែង​រដ្ឋមន្ត្រីការបរទេស​ផងដែរ​។ អ្នករត់​គេចខ្លួន​ពី​កូរ៉េខាងជើង​ម្នាក់​និយាយថា លោក គីម ជា​មនុស្ស​គោរព​តាម​ការណែនាំ ដូចនេះ​ទើប​អាចឈរជើង​ក្នុង​នយោបាយ​កូរ៉េខាងជើង ដែល​ពោរពេញ​ដោយ​ការ​បោសសម្អាត​ជន​ក្បត់​៕


Tag:
 Olympic2018
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ន​
  គីម យ៉ុង​ណា​ម
© រក្សាសិទ្ធិដោយ thmeythmey.com