អន្តរជាតិ
មេសិទ្ធិមនុស្ស UN ៖ ការធ្វើទុក្ខបុកម្នេញជនរ៉ូហ៊ីងយ៉ា អាចបង្កជម្លោះក្នុងតំបន់ ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Zeid Ra'ad Al Hussein (រូបភាព៖ AFP)
× ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Zeid Ra'ad Al Hussein (រូបភាព៖ AFP)
× នៅថ្ងៃទី៥ ខែកុម្ភៈ ស្នងការការពារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានព្រមានពីគ្រោះថ្នាក់សម្រាប់តំបន់ ដែលបង្កឡើងដោយការធ្វើទុក្ខបុកម្នេញជនភាគតិចរ៉ូហ៊ីងយ៉ា។ ការប្រព្រឹត្តឧក្រិដ្ឋកម្ម និងការបោសសម្អាតពូជសាសន៍ លើជនមូស្លីមរ៉ូហ៊ីងយ៉ា ទំនងជាមូលហេតុដែលនាំឲ្យវិបត្តិមួយនេះ រាលដាលពេញតំបន់ ខណៈដែលលំហូរជនភៀសខ្លួនរាប់សែននាក់ និងការជួញដូរមនុស្សខុសច្បាប់ កំពុងអុកឡុកស្ថិរភាពតំបន់ខ្លាំងស្រាប់។
«មីយ៉ាន់ម៉ាជួបបញ្ហាដ៏ធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ខ្លាំងដល់សន្តិសុខតំបន់។» នេះជាសម្ដីព្រមានរបស់លោក Zeid Ra'ad Al Hussein ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស។ លោកព្រមានបែបនេះ ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសបងធំរបសអាស៊ាន គឺឥណ្ឌូណេស៊ី ដែលកន្លងមកក៏បានចេញមុខច្រើន ជួយដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ា តាមរយៈការផ្ដល់ជំនួយដល់ជនភៀសខ្លួន នៅបង់ក្លាដែស។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក Zeid បានព្រមានពីការរាលដាលវិបត្តិមនុស្សធម៌នេះ គឺបន្ទាប់ពីការចេញផ្សាយរបាយការណ៍ ស្ដីពីរណ្ដៅសាកសពរួមរបស់ជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine កាលពីសប្ដាហ៍មុន។ ប៉ុន្តែរដ្ឋាភិបាលក្រុងណៃពិដោ បានទាត់ចោលរបាយការណ៍នេះ ក៏ដូចជាការចោទប្រកាន់លើករណីរំលោភបំពានសិទ្ធិមនុស្សផង ហើយក៏បានបើកការស៊ើបអង្កេតមួយខ្លួនឯង ជុំវិញការបង្ក្រាបក្រុមឧទ្ទាម។
ពីរដ្ឋធានីហ្សាការតា លោក Zeid លើកឡើងថា មីយ៉ាន់ម៉ាបានរីករាយនឹងកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលរួមបញ្ចូលបានផ្ដោតលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅរដ្ឋ Rakhine ប៉ុន្តែការលូតលាស់នេះ មិនអាចលាក់បាំងការរើសអើងជាប្រព័ន្ធ លើជនជាតិភាគតិចឡើយ។ ប្រមុខស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចង់សំដៅដល់ការរើសអើងលើសហគមន៍រ៉ូហ៊ីងយ៉ា ដែលមីយ៉ាន់ម៉ា មិនចាត់ទុកជាជនភាគតិចមួយរបស់ខ្លួន ហើយថែមទាំងជួបការធ្វើទុក្ខបុកម្នេញទៅទៀត។
មកទល់ពេលនេះ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជិត៧សែននាក់ កំពុងរស់នៅក្នុងជំរំភៀសខ្លួននានា ក្នុងទឹកដីបង់ក្លាដែស ខណៈដែលប្រតិបត្តិការដ៏ហិង្សា របស់យោធាមីយ៉ាន់ម៉ា នៅតែបន្ត នៅឯរដ្ឋភាគខាងជើង។ ជាមួយនឹងការរងការចោទប្រកាន់ជាច្រើននោះ រដ្ឋាភិបាលទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី បានបដិសេធ ទទួលក្រុមស៊ើបអង្កេតអន្តរជាតិ ហើយថែមទាំងមិនផ្ដល់ទិដ្ឋាការ ឲ្យអ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិទៀតផង។
សម្រាប់លោក Zeid វិញ វិបត្តិរ៉ូហ៊ីងយ៉ា នឹងជាប្រធានបទសំខាន់ ក្នុងទស្សនកិច្ចនៅឥណ្ឌូណេស៊ីពេលនេះ ហើយលោកក៏គ្រោងជួបជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ ផងដែរ។ ឯលោក វីដូដូ ក៏ទើបតែត្រឡប់ពីទស្សនកិច្ចនៅបង់ក្លាដែសដែរ ដោយលោកបានទៅដល់ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ ឥណ្ឌូណេស៊ី បានផ្ដល់ជំនួយជាច្រើន ទៅឲ្យបង់ក្លាដែស ដែលប្រកាសសុំជំនួយបន្ទាន់ ដើម្បីចែកចាយបន្តទៅជនភៀសខ្លួន៕
Tag:
UN
មីយ៉ាន់ម៉ា
រ៉ូហ៊ីងយ៉ា
សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com