នៅ​បារាំង យ៉ាងហោច​រថយន្ត​២៨៥​គ្រឿង ត្រូវបាន​ចោរលួច​ជា​រៀងរាល់ថ្ងៃ​
រថយន្ត
អន្តរជាតិ
នៅ​បារាំង យ៉ាងហោច​រថយន្ត​២៨៥​គ្រឿង ត្រូវបាន​ចោរលួច​ជា​រៀងរាល់ថ្ងៃ​
05, Feb 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ទស្សនា​វ​ដ្តី​យានយន្ត Auto Plus របស់​បារាំង បាន​សម្ភាស​ក្រុមហ៊ុន​ធានារ៉ាប់រង និង​ធនាគារ​ចំនួន​១៥​ដែល​គ្របដណ្តប់​លើ​រថយន្ត​ជាង​២០​លាន​គ្រឿង ដើម្បី​ឲ្យ​ដឹង​ពី​តួលេខ​រថយន្ត​ដែល​ត្រូវបាន​លួច​ច្រើនជាងគេ​នៅ​ឆ្នាំ​២០១៧ ។ របាយការណ៍​បាន​បង្ហាញថា តួលេខ​មានការ​ថយចុះ ៥.១​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦ ។ ប៉ុន្តែ​ចំនួន​រថយន្ត​ដែល​បាត់បង់​ប្រចាំថ្ងៃ មាន​ប្រមាណ​២៨៥​គ្រឿង​។



​រថយន្ត​ម៉ាក Smart Fortwo ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​១ ដែល​ជាទី​ចំណាប់អារម្មណ៍​របស់​ក្រុមចោរ ដោយ​ជំនួស​តំណែង​របស់ Ranger Rover Evoque កាលពី​ឆ្នាំមុន​។ Renault Clio 4 ដែល​កាលពី​ឆ្នាំ​២០១៦ ស្ថិតនៅ​លេខ​៦ បាន​ឡើងមក​លំដាប់​លេខ​២​វិញ ខណៈ Ranger Rover Evoque ធ្លាក់​ទៅ​លេខ​៣ ។​

BMW មាន​រហូតដល់​ទៅ​៣​ម៉ូ​ដែល​ក្នុងចំណោម​រថយន្ត Top 10 ដែល​ត្រូវបាន​លួច​ជាងគេ​នៅ​បារាំង ក្នុងនោះ BMW X6 ស្ថិតនៅ​លេខ​៤ BMW Serie 6 ស្ថិតនៅ​លេខ​៦ និង BMW X5 ស្ថិតនៅ​លេខ​៩ ។ Renault Twingo 1 ជាប់​លេខ​៥ La Rover Range Rover/Range Rover Sport ស្ថិតនៅ​លេខ​៧ Mercedes CLA ជាប់​លេខ​៨ និង Citroen DS3/DS3 Cabrio ជាប់​លេខ​១០ ។​

​ជាមួយគ្នា របាយការណ៍​ដែល​សិក្សា​ដោយ​ក្លិប​យានយន្ត Club Identicar បាន​បង្ហាញថា តំបន់​ដែល​បាត់​រថយន្ត​ច្រើនជាងគេ​នៅ​បារាំង​គឺ Ile-de-France និង Provence-Alpes-Côte d’Azur (PACA)​។ លោក Jonathan Tuchbant អគ្គនាយក​ក្លិប Club Identicar បាន​បញ្ជាក់ថា យ៉ាងហោចណាស់​មាន​រថ​យន្ត​មួយគ្រឿង​ត្រូវបាន​ចោរលួច​នៅ​រៀងរាល់​៥​នាទី​ម្តង​នៅ​បារាំង ជាពិសេស​នៅពេល​យប់​៕

© រក្សាសិទ្ធិដោយ thmeythmey.com