ជាតិ
កម្ពុជា​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​លើ​ពិភពលោក​ក្នុង​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​
06, Feb 2018 , 8:19 pm        
រូបភាព
លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ដោយ: ថ្មីៗ
​ការផលិត ការ​ចរាចរ ជួញដូរ​គ្រឿងញៀន ពី​តំបន់​មួយចំនួន​ដូចជា តំបន់​អាម​រិ​ក​ខាងត្បូង អាហ្វ្រិក អឌ្ឍចន្ទ​មាស និង​ត្រីកោណមាស នៅតែ​បញ្ហា​ដ៏​ធំ​ក្នុង​អនុតំបន់ តំបន់ និង​ពិភពលោក​ទាំងមូល​។ កម្ពុជា​ដែល​ទទួលរង​ឥទ្ធិពល​ផងដែរ​នោះ បន្ត​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​កាន់តែខ្លាំង​ក្លា​នៅលើ​ឆាក​អន្តរជាតិ​។ នេះ​បើតាម​ការអះអាង​របស់​លោក មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន (​អ​.​ជ​.​ប​.​គ​.​ញ​)​។​



​សហប្រតិបត្តិ​ទ្វេរ​ភាគី​ជាមួយ​បណ្តា​ប្រទេស​នៅលើ​ពិភពលោក ជាពិសេស​ប្រទេសជិតខាង ត្រូវបាន​ពង្រឹង​។ លោក មាស វិ​រិ​ទ្ធ បានបញ្ជាក់​នៅក្នុង​របា​យ​ការណ៍​សង្ខេប​ស្តីពី «​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨» ដែល​ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ​។​

​អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន (​អ​.​ជ​.​ប​.​គ​.​ញ​) បាន​បញ្ជាក់ថា សភាពការណ៍​គ្រឿងញៀន​ដែល​កើតចេញ​តំបន់​អាម​រិ​ក​ខាងត្បូង អាហ្វ្រិក អឌ្ឍចន្ទ​មាស និង​ត្រីកោណមាស ធ្វើ​ឲ្យ​កម្ពុជា​បន្ត​រង​នូវ​ការប៉ះពាល់ ជាពិសេស​ចរ​ចរណ៍​ដែល​បាន​ឆ្លងកាត់​ពី​បណ្ដា​ប្រទេស​នានា ទាំង​នៅក្នុង​អនុតំបន់ តំបន់ និង​អន្តរជាតិ តាម​ច្រក​ផ្លូវ​ជើងគោក តាម​បណ្ដា​ខេត្ត​ភាគ​ខាងជើង និង​ឦសាន​ប្រទេស​។ នេះ​បើតាម​របាយការណ៍​ដែល​អាន​ដោយ លោក មាស វិ​រិ​ទ្ធ​។​

​ការដាំ​អាភៀន និង​ការផលិត​ហេ​រូ​អ៊ី​ន អំ​ហ្វេ​តា​ម៉ី​ន​ក្រាម​ម្សៅ អំ​ហ្វេ​តា​ម៉ី​ន​គ្រាប់​នៅ​តំបន់ត្រីកោណ​នៅតែមាន​កំណើន​។​ប្រភេទ​គ្រឿងញៀន និង​រុក្ខជាតិ​ទាំងអស់នេះ ត្រូវបាន​ដាំ និង​ផលិតឡើង ក្នុង​១​ឆ្នាំៗ​ជាង​១​ពាន់​តោន និង​ជាង​១​ពាន់​លាន​គ្រាប់ ហើយ​សា​ធាតុគីមី​ផ្សំ​ក្នុងការ​ផលិត​មាន​ជាង​១​ពាន់​តោន​ជុំវិញ​ពិភពលោក​។​

«​ចរាចរណ៍​ជួញដូរ​គ្រឿងញៀន ពី​តំបន់​អាម​រិ​ក​ខាងត្បូង អាហ្វ្រិក អឌ្ឍ​ច័ន្ទ​មាស និង​ត្រីកោណមាស ភាគច្រើន​ធ្វើឡើង​តាមផ្លូវ​អាកាស​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក មាស វិ​រិ​ទ្ធ ដោយ​បន្តថា កន្លងមក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន និង​ភាគី​ចិន បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន ឧក្រិដ្ឋកម្ម​ឆ្លងដែន​។​

​ដូចគ្នា លោក កែ គឹមយ៉ាន បាន​ជួបពិភាក្សា​ជាមួយ​ភាគី​ឥណ្ឌូនេស៊ី​ស្ដីពី «​កិច្ច​ហស​ប្រតិបត្តិការ ត្រួតពិនិត្យ​គ្រឿងញៀន​ទ្វេភាគី​» ក្នុង​គោលដៅ​ពង្រឹង​សុពលភាព​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​កម្ពុជា​។ ដោយឡែក​ជាមួយ​ភាគី​ថៃ កិច្ច​សហ​ប្រតិ​ការណ៍​ទ្វេភាគី​នៅ​តំបន់​ព្រំដែន មានការ​ពង្រឹង​កាន់​តែមាន​ប្រសិទ្ធភាព​។​

​លោក មាស វិ​រិ​ទ្ធ លើកឡើងថា នៅតាម​មូលដ្ឋាន​សុខាភិបាល និង​មណ្ឌល​បណ្ដោះអាសន្ន​រដ្ឋ និង​ឯកជន ក្នុង​រយៈពេល​នៃ​ការអនុវត្ត​ផែនការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ឆ្នាំ​២០១៧ មាន​ចំនួន ១៥៧៩៦​នាក់ ប៉ុ​ន្តេ​នៅ​ឆ្នាំ​២០១៦​មាន​ចំនួន ១១៦០១​នាក់​។

«​ការកើនឡើង​ជាង​ឆ្នាំ​២០១៦ ដោយសារ​គណៈកម្មាធិកា​រ​ទទួលបន្ទុក​ការព្យាបាល និង​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន បាន​លើក​ផែនការ​សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ពង្រឹង​យន្តការ​របស់ខ្លួន​ពី​ថ្នាក់ជាតិ ដល់​មូលដ្ឋាន​» ។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​លេខា​ដ្ឋា​ន នៃ អ​.​ជ​.​ប​.​គ​.​ញ​៕
 

Tag:
 គ្រឿងញៀន​
 ​មាស វិ​រិ​ទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com