ជាតិ
ច្បាប់​ថ្មី​ផ្តល់​សិទ្ធិផ្តាច់មុខ​ទៅ​មហាផ្ទៃ បើចង់បដិសេធការចុះបញ្ជី​បក្សនយោបាយ​
06, Feb 2018 , 9:19 pm        
រូបភាព
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
​ភ្នំពេញ​៖ គ្មាន​សិទ្ធិ​តវ៉ា​ទៅ​ស្ថាប័ន​ផ្សេង ដើម្បី​សុំ​ឲ្យ​ពិនិត្យឡើងវិញ​ឡើយ ប្រសិនបើ​ក្រសួងមហាផ្ទៃ សម្រេច​មិន​ចុះបញ្ជី​ឲ្យ​គណបក្ស​ណាមួយ​។ នេះ​មានន័យថា នៅពេល​ខាងមុខ ការសម្រេច​ឬ​មិន​សម្រេច​ចុះបញ្ជី​ឲ្យ​គណបក្ស​ណាមួយ គឺជា​សិទ្ធិផ្តាច់មុខ​របស់​ក្រសួងមហាផ្ទៃ ដោយ​ស្ថាប័ន​ផ្សេង មិន​អាចធ្វើ​អន្តរាគមន៍​បានឡើយ​។​



​បច្ចុប្បន្ន ក្រុមប្រឹក្សាធម្មនុញ្ញ មាន​សិទ្ធិ​ពិនិត្យ​និង​សម្រេច​លើ​បណ្តឹង​របស់​គណបក្ស​ណាមួយ ដែល​សុំ​តវ៉ា ប្រសិនបើ​គណបក្ស​នោះ ត្រូវបាន​ក្រសួងមហាផ្ទៃ​បដិសេធ ដោយ​មិន​ព្រម​ចុះ​ក្នុង​បញ្ជី​។ មាត្រា​២៦ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ បានចែង​យ៉ាង​ដូច្នេះ​ថា​៖«​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​និង​សម្រេច​លើ​បណ្តឹងតវ៉ា​របស់​គណបក្ស​នយោបាយ ពី​ការមិន​ព្រម​ចុះបញ្ជី​គណបក្សនយោបាយ [​របស់​ក្រសួងមហាផ្ទៃ​]»​។  

​លើសពីនេះ ច្បាប់​ស្តីពី​គណបក្សនយោបាយ ក៏មាន​ចែង​អំពី​សិទ្ធិ​ក្នុងការ​ប្តឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែរ ប្រ​សិ​បើ​ក្រសួងមហាផ្ទៃ មិន​ព្រម​ចុះបញ្ជី​ដោយហេតុ​ផល​ណាមួយ​។ មាត្រា​២៥​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បានផ្តល់​សិទ្ធិ​បែបនេះ​ថា​៖«​គណបក្សនយោបាយ ដែល​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​មិន​យល់ព្រម​ឲ្យ​ចុះបញ្ជី​គណបក្សនយោបាយ គណបក្សនយោបាយ​នោះ មាន​សិទ្ធិ​ប្តឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​»​។

​ប៉ុន្តែ ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​មិនមាន​សិទ្ធិ​ដូច​មុន​ទៀតឡើយ ក្នុងការ​ពិនិត្យ​លើ​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ ដែល​មិន​ចុះបញ្ជី​ឲ្យ​គណបក្សនយោបាយ​។ មូលហេតុ​នោះ​គឺថា សិទ្ធិ​ខាងលើ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​កំណត់​ក្នុង​មាត្រា​២៦ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការធ្វើ​វិសោធនកម្ម​។

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​នៃ​ទីស្តីការ​គណបក្ស​រដ្ឋមន្ត្រី បាន​សរសេរ​សា​រលើ​គណនី​ហ្វេ​ស​បុក យ៉ាង​ដូច្នេះ​ថា​៖«​ក្រុមប្រឹក្សាធម្មនុញ្ញ លែងមាន​សមត្ថកិច្ច​ស​ម្រេច​លើ​បណ្ដឹង​របស់​គណបក្សនយោបាយ ដែល​ក្រសួងមហាផ្ទៃ មិន​ព្រម​ចុះបញ្ជី​គណបក្សនយោបាយ​ទៀតហើយ​»​។ លោក បាន​បង្ហោះ​សារ​នេះ ក្រោយពី​រដ្ឋាភិបាល យល់ព្រម​កែប្រែ​មាត្រា​២៦ និង​មាត្រា​មួយចំនួនទៀត ក្នុង​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។

​ក្រោយ​តាក់តែង​ខ្លឹមសារ​ថ្មី​រួចហើយ រដ្ឋាភិបាល ក៏​ប​ញ្ជូ​ល​សេចក្តីព្រាង​ស្តីពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ក្រុមប្រឹក្សាធម្មនុញ្ញ ទៅកាន់​រដ្ឋសភា ដើម្បី​ពិនិត្យ​បន្ត​។ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២0១៨ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ ហើយ​សម្រេច​បញ្ជូន​សេចក្តីព្រាង​នេះ ទៅ​ឲ្យ​គណៈកម្មការ​ជំនាញ ដើម្បី​សិក្សា​លម្អិត​។

​ជា​នីតិវិធី នៅពេល​សិក្សា​យ៉ាង​ល្អិតល្អន់​និង​ចប់សព្វគ្រប់​ហើយ​នោះ គណៈកម្មការ​ជំនាញ ត្រូវបញ្ជូន​សេចក្តីព្រាង​នេះ ទៅ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ​។ ជា​ចុងក្រោយ គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​កំណត់​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា ដើម្បី​ពិនិត្យ​និង​អនុម័ន​សេចក្តីព្រាង​ខាងលើ​ជា​ផ្លូវការ​។

​មិនមែន​មានតែ​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​នោះទេ នៅមាន​ច្បាប់​មួយចំនួន ដូចជា រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ ជាដើម ក៏ត្រូវ​បានធ្វើ​វិសោធនកម្ម​ដែរ​។ ការធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​ទាំងនេះ សុទ្ធតែជា​គំនិត​ផ្តួចផ្តើម​របស់​ស្ថាប័ននីតិប្រតិបត្តិ​៕


Tag:
 ក្រុមប្រឹក្សាធម្មនុញ្ញ​
  គណបក្ស​
  មហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com