ជាតិ
កម្ពុជា រក​ចំណូល​ពី​វិស័យ​ទេសចរណ៍ ជាង​៣​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧
08, Feb 2018 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា រក​ចំណូល​ពី​វិស័យ​ទេសចរណ៍ បាន​ជាង​៣​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧​។​



​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួងទេសចរណ៍​លោក គង់ សុភា​រៈ បាន​និយាយថា កម្ពុជា រក​ចំណូល​សរុប​ពី​វិស័យ​ទេសចរណ៍​បាន ៣,៦៣ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ ដែល​កើនឡើង​១៣​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ។ លោក គង់ សុភា​រៈ បាន​បន្ថែមថា ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បាន​ចូលមក​កម្ពុជា មាន​ចំនួន​៥,៦​លាន​នាក់ ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​កើនឡើង​១១,៨ ភាគរយ បើ​ធៀប​ឆ្នាំ​២០១៦​។ បើតាម​លោក សុភា​រៈ ភ្ញៀវទេសចរ​ជនជាតិ​ចិន មាន​ចំនួន​ច្រើនជាងគេ ខណៈ​ភ្ញៀវ​ជនជាតិ​វៀតណាម និង​ឡាវ ឈរ​លេខ​រៀង​បន្ទាប់​។​

​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួងទេសចរណ៍ ដែល​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​សរសេរ​ដូច្នេះ​ថា​៖«​វិស័យ​ទេសចរ​នេះ បានរួម​ចំណែក​១២,៣ ភាគរយ​ក្នុង​ចំណូល​ក្នុងស្រុក GDP កាលពី​ឆ្នាំ​២០១៧»​។​

​លោក គង់ សុភា​រៈ រំពឹងថា ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ នឹង​មក​ទស្សនា​កម្ពុជា ជាង​៦​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨​នេះ​។ វិស័យ​ទេសចរ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​វិស័យ​ចំនួន​៤ ដែល​គាំទ្រ​ដល់​សេដ្ឋកិច្ចកម្ពុជា​។

​កម្ពុ​ជាមាន​តំបន់​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​ចំនួន​៣ ដូចជា តំបន់​រមណីយដ្ឋាន​អង្គរវត្ត តំបន់​ប្រាសាទព្រះវិហារ និង​តំបន់​ប្រាសាទសំបូរព្រៃគុក​ជាដើម​។ ក្រៅពីនេះ​ក៏មាន​តំបន់​ទេសចរ​បែប​ធម្មជាតិ​ជាច្រើន​កន្លែង​ផងដែរ​។ ភ្ញៀវទេសចរ​ភាគច្រើន មក​ទស្សនា​ប្រាសាទអង្គរវត្ត ដែលជា​តំបន់​ប្រវត្តិសាស្ត្រ​កម្ពុជា​។ បើតាម​គ្រឹះស្ថាន​អង្គរ ក្នុង​ឆ្នាំ​២០១៧ ចំណូល​សរុប​ដែល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ជាង ១០៧​លាន​ដុល្លារ ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជាង ៧២% បើ​ធៀប​នឹង​ឆ្នាំ​ចាស់​៕


Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com