កីឡាជាតិ
ជាតិ
ចំនួន​អ្នករត់​ដើម្បី​ក្តី​ស្រលាញ់​កើនឡើង តែ​ថ្នាក់ដឹកនាំ​បន្ត​ដាស់តឿន​កុំ​ឲ្យ​យល់ច្រឡំ​
08, Feb 2018 , 10:39 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC (កណ្តាល)ចូលរួមសន្និសីទសារព័ត៌មានស្ត្រី និងកីឡា រត់កម្សាន្តដើម្បីក្តីស្រលាញ់
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC (កណ្តាល)ចូលរួមសន្និសីទសារព័ត៌មានស្ត្រី និងកីឡា រត់កម្សាន្តដើម្បីក្តីស្រលាញ់
ដោយ:
​នៅ​ថ្ងៃទី​១១ កុម្ភៈ ខាងមុខនេះ គណៈកម្មការ​ស្ត្រី​និង​កីឡា​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​នឹង​រៀបចំ​ព្រឹត្តិការណ៍​រត់​កម្សាន្ត ដើម្បី​អបអរ​ទិវា​បុណ្យ​នៃ​ក្តី​ស្រលាញ់ ១៤ កុម្ភៈ​(Valentine Day) នៅ​បរិវេណ​កោះ​ពេជ្រ​។ ទន្ទឹមនឹងនេះ​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​ជំរុញ​ឲ្យ​មហាជន​ចូលរួម​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ច្រើន​កុះករ ជាពិសេស​ដាស់តឿន​ដល់​យុវជន​កុំ​យល់ច្រឡំ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​ថា​ជា​ថ្ងៃបុណ្យ​សង្សារ​។



​ទន្ទឹមនឹង​ចំនួន​អ្នកចូលរួម​រត់​កម្សាន្ត​ដើម្បី​ក្តី​ស្រលាញ់​នៅ​ឆ្នាំនេះ​មានការ​កើនឡើង​ខ្លាំង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន បន្ត​ដាស់តឿន​ស្មារតី​យុវជន​កុំ​ឲ្យ​យល់ច្រឡំ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​ថា​ជា​ថ្ងៃបុណ្យ​សង្សារ​។ ជាមួយគ្នានេះ លោក អំពាវនាវ​ឲ្យ​យុវ​ចូលរួម​រត់​កម្សាន្ត​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ចៀសវាង​ការប្រព្រឹត្ត​អំពើ​ដែល​ពុំគប្បី​។ ការផ្ញើ​សារ​ដាស់តឿន​នេះ បន្ទាប់ពី​មាន​យុវជន​មួយចំនួន​នៅ​យល់ច្រឡំ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​ជា​ថ្ងៃបុណ្យ​សង្សារ ដែល​ពួកគេ​ត្រូវ​លះបង់​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​សង្សារ​របស់ខ្លួន​។

​តាមពិត​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់ ឬ​ហៅថា Valentine day ជា​ទិវា​បុណ្យប្រពៃណី​របស់​បរទេស ដែល​គេ​បង្កើតឡើង​ដើម្បី​ផ្តល់​ក្តី​ស្រលាញ់គ្នា​ទៅវិញទៅមក​រវាង​គ្រួសារ សាច់ញាតិ បងប្អូន និង​មិត្តភក្តិ​ជាដើម​។ ប៉ុន្តែ​នៅមាន​បណ្តា​ប្រទេស​មួយចំនួន​រួមទាំង​កម្ពុជា​(​យុវជន​មួយចំនួន​)​តែងតែ​ហៅ​បុណ្យ​ដែល​គេ​តែងតែ​ធ្វើ​រៀងរាល់​ថ្ងៃទី ១៤ កុម្ភៈ នេះ​ថា​ជា​ថ្ងៃបុណ្យ​សង្សារ​។​



​ដើម្បី​អបអរ​ទិវា​នៃ​ក្តី​ស្រលាញ់ ក៏ដូចជា​បញ្ជៀ​ស​ឲ្យ​យុវជន​មួយចំនួន​ប្រព្រឹត្ត​អំពើ​ពុំគប្បី គណៈកម្មាការ​ស្ត្រី​និង​កីឡា​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​រៀបចំ​ការរត់​កម្សាន្ត​ដើម្បី​ក្តី​ស្រលាញ់​នា​ព្រឹក​ថ្ងៃទី​១១ កុម្ភៈ នៅ​បរិវេណ​កោះ​ពេជ្រ​។ ការរត់​កម្សាន្ត​នេះ​ចែកចេញជា​ពីរ​ប្រភេទ​វិញ្ញាសា គឺ​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​៧ កុម្ភៈ នៅ​ទីស្នាក់ការ NOCC លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៧ កុម្ភៈ មាន​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ចុះឈ្មោះ​ចូលរួម​ចំនួន​៣២៤៨​នាក់​។ ចំនួន​នេះ​កើនឡើង​ជាង​៥០​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ ដែលមាន​ត្រឹមតែ​ជិត​២​ពាន់​នាក់​៕   


Tag:
 ​រត់​ដើម្បី​ក្តី​ស្រលាញ់​
  វ៉ា​ត់ ចំរើន​
  ស្ត្រី​និង​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com