ជាតិ
សម្ដេច ហ៊ុន សែន ថា បរទេស​មិន​ហ៊ាន​កាត់​ផ្ដាច់ជំនួយ​កម្ពុជា​ទេ​
09, Feb 2018 , 9:37 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានជំនឿថា បរទេស​មិន​ហ៊ាន​កាត់​ផ្ដាច់ជំនួយ​កម្ពុជា​ទេ ខណៈដែល​កម្ពុជា​មិន​ពឹង​ផ្អែកលើ​ជំនួយ​ពួកគេ​ទាំងស្រុង​។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ឆ្លងកាត់​ទន្លេមេគង្គ ពី​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម ទៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​៩ កុម្ភៈ​នេះ សម្ដេច ហ៊ុន សែន បាន​ចំអក​ថា មូលហេតុ​ដែល​បរទេស​មិន​ហ៊ាន​ផ្ដាច់ជំនួយ​កម្ពុជា​នោះ ព្រោះតែ​វា​ប៉ះពាល់​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ទទួល​ជំនួយ​ពី​ពួកគេ ហើយ​វា​មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​ឡើយ​។​



​និយាយ​ត្រង់ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាល បាន​ចំអក​ដោយ​ប្រយោល​ថា «​ប្រទេស​ខ្លះ ផ្តល់ជំនួយ​ត្រឹម​១​លាន​ដុល្លារ បែ​ជា​គំរាម​ផ្ដាច់​រហូត ត្រឹម​លុយ​១​លាន​ដុល្លារ ខ្ញុំ​ក៏​អាច​សុំ​ពី​ក្រុមហ៊ុន​ដទៃ ក៏​គេ​ឲ្យ​ដែរ​»​។ ថ្លែង​ចំពោះមុខ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា សម្ដេច ហ៊ុន សែន បាន​និយាយថា ប្រទេស​ខ្លះ​បានត្រឹមតែ​រិះគន់​កម្ពុជា​ថា ងាក​ទៅជិត​ប្រទេស​ចិន ប៉ុន្តែ​ពួកគេ​មិនបាន​ជួយ​អ្វី​ដល់​កម្ពុជា ដូច​ប្រទេស​ចិន​ឡើយ​។

​បើទោះជា​មិន​និយាយ​ចំឈ្មោះ​ក្តី ប៉ុន្តែ​រដ្ឋាភិបាល ទំនង​ចង់​ផ្លែផ្កា​ទៅកាន់​អាមេរិក និង​សហភាព​អឺរ៉ុប ដែល​តែងតែ​ចេញមុខ​គំរាម​ផ្ដាច់ជំនួយ​កម្ពុជា ដោយ​ផ្សារភ្ជាប់​នឹង​បញ្ហានយោបាយ​។​
 
អត្ថបទទាក់ទង



Tag:
 ហ៊ុន សែន​
 ​ ស្ពាន
© រក្សាសិទ្ធិដោយ thmeythmey.com