អន្តរជាតិ
ការប្រកួតប្រជែង​ឥទ្ធិពល​រវាង​មហា​យក្ស​ចិន និង​ឥណ្ឌា​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​ម៉ា​ល់​ឌី​វ​កាន់តែ​ស្មុគស្មាញ​?
09, Feb 2018 , 8:39 pm        
រូបភាព
​ក្រោយ​រដ្ឋាភិបាល​ម៉ា​ល់​ឌី​វប្រ​កាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន ១៥ ថ្ងៃ និង​ចាប់​អ្នកប្រឆាំង​ខ្លួន មេដឹកនាំ​ក្រុមប្រឆាំង​បាន​ទទូច​សុំ​ឲ្យ​មហា​យក្ស​ឥណ្ឌា ប្រើប្រាស់​វិធាន​ការទូត​ផង និង​កម្លាំង​ទ័ព​ផង​ដើម្បី​ជួយ​អន្តរាគមន៍​។ ប៉ុន្តែ​មហា​យក្ស​ចិន​ដែលមាន​ចំណងមិត្តភាព​ស្អិតល្មួត​ជាមួយ​រដ្ឋាភិបាល​ក្រុង Male នោះបាន​ចេញមុខ​ព្រមាន​ឥណ្ឌា ក៏ដូចជា​សហគមន៍​អន្តរជាតិ​កុំ​ឲ្យ​លូកលាន់​ផ្តេសផ្តាស ហើយ​គោរព​អធិបតេយ្យ​ម៉ា​ល់​ឌី​វ​ផង​។ វា​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា ទំនាស់​ផលប្រយោជន៍​ និងការ​ប្រកួតប្រជែង​ឥទ្ធិពល​រវាង​មហា​យក្ស​អាស៊ី​ទាំងពីរ​នេះ ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​ម៉ា​ល់​ឌី​វ​កាន់តែ​ស្មុគស្មាញ​ទៅៗ​។



​វិបត្តិ​នយោបាយ​នៅ​ម៉ា​ល់​ឌី​វ​ទំនងជា​មិន​ស្រាកស្រាន្ត​ឆាប់ៗ​ឡើយ ហើយ​ការស្រុះស្រួល​ឬ​សន្ទនា​គ្នា​រវាង​ភាគី​នយោបាយ​នោះ​ក៏​មិន​ងាយ​នឹង​កើតឡើង​ដែរ​។ បើ​ទោះ​វា​ជា​ជម្លោះ​នេះ​ផ្តើមចេញពី​ការស្រេកឃ្លាន​អំណាច​របស់​ប្រធានាធិបតី​បច្ចុប្បន្ន លោក Abdulla Yameen ក៏ដោយ មហាអំណាច​ជិតខាង​មាន​ចិន និង​ឥណ្ឌា​ដែលមាន​ប្រយោជន៍​រៀងខ្លួន​នៅ​ម៉ា​ល់​ឌី​វ សុទ្ធតែ​ចង់​ឲ្យ​ជម្លោះ​នេះ​ចប់​តាម​ការចង់បាន​រៀងៗ​ខ្លួន​ដែរ​។​

​ខណៈដែល​ឥទ្ធិពល​ខ្លួន​កើន​ផុសផុល​នៅ​ម៉ា​ល់​ឌី​វ មហា​យក្ស​ចិន​បង្ហាញ​ជំហរ​ច្បាស់ៗ​ឥត​លាក់លាម​គាំទ្រ​ប្រធានាធិបតី Yameen និង​ចំណាត់ការ​នានា​ក្នុង​ការរក្សាសន្តិសុខ និង​ស្ថិរភាព​ក្នុងប្រទេស​។ មហាអំណាច​នេះ​ក៏​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​រើសយក​ការសន្ទនា​គា្ន​ជា​គោល​ដែរ​។ រីឯ​ក្រុង​ញ៉ូ​វ​ដែ​លី​វិញ​បង្ហាញ​ការមិន​ពេញចិត្ត​សោះ​ចំពោះ​ចំណាត់ការ​លោក Yameen ដែល​បំផ្លាញ​ក្រុមប្រឆាំង ហើយ​មហា​យក្ស​អាស៊ី​ខាងត្បូង​នេះ​ក៏​ចង់ឃើញ​មានការ​ធានា ការជ្រើសរើសក្បាលម៉ា​ស៊ី​ដឹកនាំថ្មីដោយ​សេរីភាព យុត្តិធម៌ និងតាម​ប្រជាធិបតេយ្យ​ក្នុងការ​បោះឆ្នោត​ខាងមុខ​ដូចគ្នា​។  អ្វីដែល​សំខាន់​នោះ​ឥណ្ឌា​លួច​សង្ឃឹម​ចង់ឃើញ​មេដឹកនាំ​ថ្មី​ជំនួស​តំណែង​យក Yameen ដែរ​។​

១.​មហា​យក្ស​ចិន​ចង់ឃើញ​លោក Yameen ស្ថិតក្នុង​តំណែង​ដើម្បី​ការពារ​ប្រយោជន៍​ខ្លួន​

​ដូច​បានលើកឡើង​ខាងដើម​ស្រាប់ មហា​យក្ស​ចិន​ជា​អ្នក​នៅ​ពីក្រោយ​របប​ដឹកនាំ​លោក Abdulla Yameen ព្រោះ​ចាប់ពី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ឆ្នាំ ២០១៣ មក លោក Yameen ងាក​ទៅ​បង្កើត​ចំណងមិត្តភាព​ស្និទ្ធស្នាល​ជាមួយ​ចិន​ផង​។ ក្នុងពេល​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៧ លោក Yameen បាន​ហៅ​ចិន​ថា​ជា​ដៃ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដែល​ជិតស្និទ្ធ​បំផុត​របស់​ម៉ា​ល់​ឌី​វ​ថែម​ទៀតផង​។

​ក្រោយ​មានការ​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​រយៈពេល ១៥​ថ្ងៃ ហើយ​មានការ​ចាប់ខ្លួន​អ្នកប្រឆាំង​រដ្ឋាភិបាល​រួមទាំង​ប្រធាន​តុលាការ​កំពូល​ផង ចិន​បាន​ចេញមុខ​ព្រមាន​ប្រទេស​នានា​ជាពិសេស​ឥណ្ឌា​កុំ​ឲ្យ​លូកដៃ​ចូល​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ​ម៉ា​ល់​ឌី​វ​ដោយ​សម្អាង​លើ​គោលការណ៍​គោរព​អធិបតេយ្យ​គ្នា​ទៅវិញទៅមក​។ ចិន​ព្រមាន​ជាមុន​ថា ការ​លូកដៃ​ជ្រៀតជ្រែក​នេះ​មិន​ធ្វើ​ឲ្យ​បញ្ហា​ប្រសើរឡើង​ឡើយ ពោល​វា​ត្រឹមតែ​ធ្វើ​ឲ្យ​បញ្ហា​នោះ​អាក្រក់​ជាមុន​ប៉ុណ្ណោះ​។

​ក្រៅពី​ព្រមាន ដើម្បី​បង្ហាញ​ឆន្ទៈ​ល្អ​ក្នុងនាម​ជា​មិត្ត​ជិតស្និទ្ធ តំណាង​រដ្ឋាភិបាល​ចិន​បាន​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចាប់យក​ការសន្ទនា និង​ប្រឹក្សា  គ្នា​ជា​ស្នូល​នៃ​វិធានការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នេះ​ផងដែរ​។

​តំណាង​ក្រសួងការបរទេស​ចិន Geng Shuang បាន​ថ្លែង​ដូច្នេះ​៖« ចិន​តែងតែ​តាមដាន​ការវិវត្ត​នៃ​ស្ថានការណ៍​នយោបាយ​នៅ​ម៉ា​ឌី​វ​។ ចិន​គិតថា ស្ថានភាព​ជម្លោះ​បច្ចុប្បន្ន​ជា​រឿង​ផ្ទៃក្នុង​សុទ្ធសាធ​។ វា​គួរតែ​ដោះស្រាយ​ឲ្យ​បាន​ត្រឹម​ត្រ​វ​តាម​ការ​សុន្ទ​នា និង​ប្រឹក្សា​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​។ សហគមន៍​អន្តរ​ចា​តិ​គួរ​គោរព​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ម៉ា​ល់​ឌី​វ និង​បង្កើត​តួនាទី​ចាំបាច់​ដើម្បី​ជួយ​សម្រួល​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នេះដែរ​»​។

​គេ​ដឹង​ច្បាស់​ថា ចិន​មាន​ប្រយោជន៍​ច្រើន​នៅ​ម៉ា​ល់​ឌី​វ ដោយសារ​មហាអំណាច​នេះ​មាន​គម្រោង​វិនិយោគ​ជាច្រើន​នៅ​ទីនោះ​។ ចុងឆ្នាំ​មុន​ចិន និង​ម៉ា​ល់​ឌី​វ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រួមគ្នា ហើយ​សកម្មភាព​នេះ​ធ្វើ​ឲ្យ​ឥណ្ឌា​អន់ចិត្ត​មិន​ស្ទើ​ទេ​។

​ព្រោះ​ម៉ា​ល់​ឌី​វ​ជា​សមាជិក​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ (BRI) ផង​នោះ ចិន​បានផ្តល់​កម្ចី​សាសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​រួមទាំង​ស្ពាន​មិត្តភាព​ដែល​ត​ភ្ជាប់​រវាង​ទីក្រុង Male ទៅ​កោះ Hulhule ក៏ដូចជា​គម្រោង​សាងសង់​អា​ផា​តមិន ១០០០​ បន្ទប់​នៅ​ទីនោះ​ផង​។ បន្ថែម​ពី​លើក​គម្រោង​អភិវឌ្ឍ ចិន​ជា​ដៃគូ​សំខាន់​សម្រាប់​ម៉ា​ល់​ឌី​វ ដោយសារ​អ្នកទេសចរ​ចិន​ច្រើនសន្ធឹក​ទៅ​កម្សាន្ត​នៅ​ម៉ា​ល់​ឌី​វ​រាល់​ឆ្នាំ ហើយ​វា​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​ផងដែរ​។​

​ក្នុង​កាលៈទេសៈ​នេះ ការរក្សា​ក្បាលម៉ាស៊ីន​ដឹកនាំ​ម៉ាល់ឌីវដែលមាន​ទំនោរ​មករក​ខ្លួន​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ចិន​។ ធ្វើបែបនេះ ផលប្រយោជន៍​ចិន​នៅ​ម៉ា​ល់​ឌី​វ​មិន​រង​ផលប៉ះពាល់ ឬ​បាត់បង់​ឡើយ​ព្រោះ​ស្ថានការណ៍​រួម​មិន​ធ្លាក់​ក្នុង​ភាពចលាចល​ឬ​វឹកវរ ទោះជា​នយោបាយ​តានតឹង​ក្តី​។ ហើយ​បើ​មានការ​ផ្លាស់ប្តូរ​មេដឹកនាំ​មែន​នោះ ចិន​ក៏​មិន​ប្រាកដ​ក្នុង​ចិត្ត​ដែរ​ថា មេដឹកនាំ​ថ្មី​ស្វាគមន៍​ខ្លួន​ឲ្យ​បន្ត​វិនិយោគ និង​ទាញយក​ប្រយោជន៍​បាន​ងាយស្រួល​ដូច​បច្ចុប្បន្ន​ឡើយ​។​

២. ឥណ្ឌា​ចង់ឃើញ Yameen បាត់​តំណែង តែ​ស្ទាក់ស្ទើ​ក្នុង​ការចូល​អន្តរាគមន៍​
​ខណៈដែល​ចិន​មាន​ឥទ្ធិពល​ច្រើន​លើសលុប​ជាពិសេស​សេដ្ឋកិច្ច និង​នយោបាយ មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​ក៏មាន​ឥទ្ធិពល​ខ្លះ​ដែរ​នៅ​ម៉ា​ល់​ឌី​វ​ជាពិសេស​ផ្នែក​នយោបាយ និង​សន្តិសុខ ដោយសារ​រដ្ឋាភិបាល​មុនៗ​បាន​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​នេះ​។ គេ​នៅ​ចាំបាន​ថា ឥណ្ឌា​បាន​ចូល​អន្តរាគមន៍​នៅ​ម៉ា​ល់​ឌី​វ​ម្តង​ដោយ​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​ប្រឆាំង​រដ្ឋប្រហារ​មួយ​ប្រឆាំង​រដ្ឋាភិបាល​លោក Maumoon Abdul Gayoom នៅក្នុង​ឆ្នាំ ១៩៨៨ ហើយ​អន្តរាគមន៍​នេះ​ធ្វើឡើង​តាម​ការស្នើសុំ​របស់​រដ្ឋា​ភិ​បាល​ម៉ា​ល់​ឌី​វ​ដែរ​។

​និរទេស​ខ្លួន​ទៅ​អង់គ្លេស​ចាប់ពី​ឆ្នាំ ២០១៦ អតីត​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ Mohamed Nasheed ក៏បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ចូល​អន្តរាគមន៍​ក្នុង​បញ្ហានយោបាយ ដោយ​បញ្ជូន​បេសកជន និង​គាំទ្រ​ដោយ​យោធា​ដើម្បី​ចរចា​ជាមួយ​រដ្ឋាភិបាល​បច្ចុប្បន្ន ក៏ដូចជា​ធានា​ឲ្យ​មានការ​ដោះលែង​អ្នកនយោបាយ​ប្រឆាំង និង​ចៅក្រម​តុលាការ​កំពូល​ផងដែរ​។​

​យ៉ាងណាក៏ដោយ ឥណ្ឌា​ទំនងជា​មិនមាន​ជម្រើស​ច្រើន​ឡើយ​ក្នុងការ​លូកដៃ​ក្នុង​វិបត្តិ​នយោបាយ​ម៉ា​ល់​ឌី​វ​។ ឆ្នាំ ២០១៨ នេះ​មិន​ដូច​ឆ្នាំ ១៩៨៨ ឡើយ ហើយ​ចាប់ពី​ឆ្នាំ ១៩៨៨​មក​ឥណ្ឌា​ព្យាយាម​ចៀសវាង​ចូល​ពាក់ព័ន្ធ​ដោយផ្ទាល់​ក្នុង​បញ្ហានយោបាយ​ម៉ា​ល់​ឌី​វ ដោយ​សម្អាង​លើ​ការអនុវត្ត​គោលនយោបាយ​អ​ព្យា​ក្រឹត្យ និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។ តាម​ស្ថានភាព​បច្ចុប្បន្ន ការ​លូកដៃ​ជ្រៅ​ក្នុង​ជម្លោះ​ម៉ា​ល់​ឌី​វ​អាច​នឹងធ្វើ​ឲ្យ​ឥណ្ឌា​ប្រឈម​បញ្ហា​អាក្រក់ និង​ស្មុគស្មាញ​ច្រើន​ផង​។ មេដឹកនាំ​ដែល​និរទេស​ខ្លួន​ប៉ុណ្ណោះ​ដែល​ស្នើ​ឲ្យ​ឥណ្ឌា​ចូល​អន្តរាគមន៍ តែ​រដ្ឋាភិបាល​ស្របច្បាប់​ម៉ា​ល់​ឌី​វ​មិនបាន​ស្នើសុំ​ឲ្យ​ឥណ្ឌា​អន្តរាគមន៍​នោះឡើយ​។

​តាមពិតទៅ​ទំនាក់ទំនង​រវាង​ឥណ្ឌា និង​ម៉ា​ល់​ឌី​វ​ល្អក់​ករក​ខ្លាំង​ដែរ​ចាប់ពី​ឆ្នាំ ២០១៣ ពេលដែល​លោក Yameen ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​។ ក្រៅពី​មាន​ទំនោរ​ទៅរក​ចិន​ខ្លាំង រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ​បង្ក្រាប​ចលនា​ប្រឆាំង ហើយ​អ្នកនយោបាយ​ប្រឆាំង​ស្ទើ​អស់​ត្រូវ​លោក Yameen ចាប់​ដាក់គុក​ក្រោម​ហេតុផល​រក្សា​សន្តិសុខ និង​ស្ដិ​រ​ភាព​។  តិច​ឬ​ច្រើន​ឥណ្ឌា​ចង់ឃើញ​មេដឹកនាំ​រូបនេះ​បាត់បង់​តំណែង និង​មានការ​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ដោយ​អនុញ្ញាត​ឲ្យ​ក្រុមប្រឆាំង​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​ដោយ​សេរី​ថែម​ទៀតផង​។ បើ​បេក្ខជន​ប្រធានាធិបតី​ដែលមាន​ទំនោរ​ដូច​អតីត​ប្រធានាធិបតី Mohamed Nasheed ដែល​ស្ថិតនៅ​ជាមួយ​ក្រុមប្រឆាំង​ឈ្នះឆ្នោត និង​ឡើងកាន់តំណែង​នោះ ឥណ្ឌា​នឹងមាន​ទឹកមាត់​លេប​ជាថ្មីទៀត​។​

 យ៉ាងណា​ក៏ដោយចុះ ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន ចង់​មិន​ចង់​ឥណ្ឌា​ត្រូវ​នៅ​ស្ងៀម មិន​ចូល​អន្តរាគមន៍ និង​មិន​ដាក់ទណ្ឌកម្ម​ឬ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ប្រឆាំង​ម៉ា​ល់​ឌី​វ​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ ឥណ្ឌា​បាន​ត្រឹម​រិះគន់​រដ្ឋាភិបាល​លោក Yameen ដែល​វាយប្រហារ​លទ្ធិប្រជាធិបតេយ្យ ដូច​បណ្តា​លោកខាងលិច​ផ្សេងទៀត​ប៉ុណ្ណោះ​។​

​ដោយឡែក រដ្ឋាភិបាល​លោក Yameen បានបង្ហាញ​ការខកចិត្ត​ចំពោះ​ឥណ្ឌា​ដែល​មិន​អើពើ​ចំពោះ​ខ្លួន​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​ថា ម៉ា​ល់​ឌី​វ​បង្ហាញ​បំណង​បញ្ជូន​បេសកជន​ពិសេស​របស់ខ្លួន​រដ្ឋមន្ត្រី ទៅ​បកស្រាយ​ពី​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​ប្រាប់​មេដឹកនាំ​ឥណ្ឌា​ដែរ ប៉ុន្តែ​ឥណ្ឌា​មិន​ស្វាគមន៍​។ ជាការ​ឆ្លើយតប រដ្ឋាភិបាល​នេះ​សម្រេច​បញ្ជូន​តំណាង​របស់ខ្លួន​ទៅកាន់​ប្រទេស​ចិន  អា​រ៉ា​ប៊ី​សា​អូឌីត និង​ប៉ា​គី​ស្ថាន​វិញ​។

​បើ​យោងតាម​ទូរទស្សន៍​ឥណ្ឌា NDTV  ឯកអគ្គរដ្ឋទូត​ម៉ា​ល់​ឌី​វប្រ​ចាំ​ប្រទេស​ឥណ្ឌា​លោក Ahmed Mohamed និយាយ​ទាំង​ខកចិត្ត​ថា ឥណ្ឌា​គួរតែ​ជ្រើសរើស​តួនាទី​ដែល​ប្រសើរ​ជាង​នេះ ពោលគឺ​ប្រសើរ​ជាង​ចិន និង បង្កើន​ទំនាក់ទំនង​កាន់តែ​សកម្ម​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ដែល​ល្អ​ស្រាប់​នោះ​។

«​ប្រសិនបើ​មានការ​យល់ឃើញថា ចិន​កំពុង​កើនឡើង​ឥទ្ធិពល​នៅ​ម៉ា​ល់​ឌី​វ ឥណ្ឌា​គួរ​បង្កើន​តួនាទី​ខ្លួន​ដែរ​។ ឥណ្ឌា​គួរ​ព្យាយាម​បង្កើន​ការប្រាស្រ័យ​ទាក់​ទាក់​ជាមួយ​ម៉ា​ល់​ឌី​វ​ឲ្យ​បាន​ញឹកញាប់​ជាង​នេះ​។ នេះ​ជាស​ម្តី​របស់​អ្នកការទូត​ម៉ា​ល់​ឌី​វ​ខាងលើ​៕


Tag:
 ម៉ា​ល់​ឌី​វ​
  ឥណ្ឌា​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com