អន្តរជាតិ
ប្រា​យុទ្ធ ប្រាប់​អាមេរិក​៖ «​ប្រទេស​ថៃ​កំពុង​ដើរ​លើផ្លូវ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​បែប​ថៃ​»
09, Feb 2018 , 4:57 pm        
រូបភាព
​ប្រមុខ​របប​យោធា​ថៃ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​អះអាង ថា ថៃ​កំពុងស្ថិត​លើផ្លូវ​ទៅកាន់​ប្រជាធិបតេយ្យ តែ​ជា​ប្រជាធិបតេយ្យ​បែប​ថៃ និង​ប្រើប្រាស់​វិធីសាស្ត្រ​របស់​ថៃ​ផ្ទាល់​។ លោក ប្រា​យុទ្ធ អះអាង​ដូចនេះ​នៅ​ចំពោះមុខ​ប្រមុខ​កងទ័ព​អាមេរិក ឧ​ត្ត​ម​សេនីយ៍ ចូ​សេ​ហ្វ ដាន់​ហ្វ​ត ដែល​ទស្សនកិច្ច​នៅ​ថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ហើយក៏​ទំនងជា​លើកឡើង​ពី​ជំហរ​របស់​អាមេរិក​ជុំវិញ​ស្ថានការណ៍​នយោបាយ​របស់​ថៃ​ផង​។​



​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ជួប​ជាមួយ​នាយសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក​លោក​ឧ​ត្ត​ម​សេនីយ៍ ចូ​សេ​ហ្វ ដាន់​ហ្វ​ត នៅ​ថ្ងៃទី​៧ ខែកុម្ភៈ នៅ​វិមាន​រដ្ឋាភិបាល ដោយ​លោក​បាន​ពន្យល់​មេទ័ព​អាមេរិក​ពី​ផែនទី​ចង្អុល​ផ្លូវ​ឆ្ពោះទៅកាន់​ប្រជាធិបតេយ្យ​ពិតប្រាកដ​។ ខណៈ​ការបោះឆ្នោត​ត្រូវបាន​ពន្យារពេល​ម្ដង​ជា​ពីរដង លោក ប្រា​យុទ្ធ បាន​ប្រា​ប់លោក ដាន់​ហ្វ​ត ថា ថៃ​នឹង​ប្រើប្រាស់​វិធីសាស្ត្រ​ខ្លួន​ដើម្បី​ឈានដល់​ប្រជាធិបតេយ្យ​។

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ មេដឹកនាំ​យោធា​ថៃ​ក្រោយ​ជំនួប​នោះ ថា ថៃ​កំពុងធ្វើដំណើរ​ទៅរក​ប្រជាធិបតេយ្យ ហើយ​លោក ដាន់​ហ្វ​ត បាន​យល់​ពី​រឿងនេះ និង​ជូនពរ​ឲ្យ​ថៃ​ជោគជ័យ​ផង​។ យ៉ាងណាមិញ ក្នុងជំនួប​ដដែល លោក ប្រា​យុទ្ធ ក៏​ប្រកាស​ជំហរ​របស់​ថៃ ដែល​មិនចាំបាច់​ប្រើប្រាស់​ផ្លូវ​ដើរ​របស់​អាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា​ឡើយ​។ លោក​ថា ថៃ និង​អាមេរិក​មាន​ស្ថានភាព​ខុសគ្នា ទាំង​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។​

«​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ប្រធានាធិបតី​អាមេរិក​មាន​នយោបាយ America First ។ ខ្ញុំ​ក៏មាន Thailand First ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​ផលប្រយោជន៍​ជាតិ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប្រា​យុទ្ធ ដោយ​ចង់​សំដៅ​នយោបាយ​ថ្មី​របស់​អាមេរិក​ក្រោម​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ ដែល​អាមេរិក​គិតពី​ប្រយោជន៍​ខ្លួនឯង​មុន​។ នៅ​ថៃ រដ្ឋាភិបាលយោធា​ក៏បាន​បង្កើត​នយោបាយ​ស្រដៀង​គ្នា​ដើម្បី​លើកកម្ពស់​ជាតិ​ដែរ​។​

​ទំនង​សំដៅ​ដល់​ការលើក​ពេល​ការបោះឆ្នោត​ម្ដង​ជា​ម្ដងនោះ មេដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ រូបនេះ​បកស្រាយ​ថា លោក​ចង់បាន​ពេល​ច្រើន​សម្រាប់​ដំណើការ​ផ្នែក​ច្បាប់​ដើម្បី​ធានាថា ថៃ​នឹងមាន​ប្រជាធិបតេយ្យ​ខ្លាំង​។ ជុំវិញ​កាលបរិច្ឆេទ​បោះឆ្នោត​វិញ លោក ប្រា​យុទ្ធ និយាយថា លោក​គឺជា​អ្នកសម្រេច​ដោយ​ផ្អែកលើ​ដំណើការ​ផ្លូវច្បាប់​។ កាលកំណត់​បោះឆ្នោត​ចុងក្រោយ ដែល​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា នឹងត្រូវ​ពន្យារ​ម្ដងទៀត​ដែរ​។​

​របប​យោធា​ថៃ រង​ការរិះគន់​ខ្លាំង​ជុំវិញ​ការពន្យារ​ពេលនេះ និង​ត្រូវ​ចោទថា ចង់​កាន់អំណាច​យូរ​។ តាមពិតទៅ ការលើក​ពេលនេះ កើតឡើង​ក្រោយ​សភា​នីតិបញ្ញត្តិ​ថៃ​បានប្រកាស​ពន្យារពេល​អ​នុ​វត្ត​ច្បាប់​ស្ដីពី​ការជ្រើសរើស​តំណាងរាស្ត្រ​ដល់​ទៅ​៩០​ថ្ងៃ ក្រោយ​ច្បាប់​នេះ​ចូល​ជា​ធរមាន​។ ការណ៍​ក៏​នាំ​ឲ្យ​កាលបរិច្ឆេទ​បោះឆ្នោត​ដែល​លោក ប្រា​យុទ្ធ បានប្រកាស ត្រូវ​អាក់ខាន ហើយ​ពេលវេលា​បោះឆ្នោត​ថ្មី ត្រូវ​រុញ​ដល់​ខែកុម្ភៈ ឆ្នាំ​២០១៩ ឯណោះ​៕


Tag:
 អាមេរិក​
  ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  ចូ​សេ​ហ្វ ដាន់​ហ្វ​
© រក្សាសិទ្ធិដោយ thmeythmey.com