អន្តរជាតិ
រឿងរ៉ាវ​ជុំវិញ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨ លើក​ទី​២៣
11, Feb 2018 , 11:39 pm        
រូបភាព
​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨ ដែល​ទីក្រុង​ព្យុង​ឆាង កូរ៉េខាងត្បូង ធ្វើជា​ម្ចាស់ផ្ទះ​បាន​ដំណើការ​ពីរ​ថ្ងៃ​ហើយ ក្រោយ​ការបើក​កម្មវិធី​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ​។ រឿងរ៉ាវ​ជាច្រើន​បាន​កើតឡើង​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

 
​កូរ៉េខាងត្បូង​ប្ដូរ​អក្សរ Pyeongchang ទៅជា PyeongChang កុំ​ឲ្យ​ច្រឡំ​ជាមួយ Pyongyang
​ទីក្រុង​ព្យុង​ឆាង គឺជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​។ ពី​ដើម​ឈ្មោះ​ទីក្រុង​នេះ​ជា​ភាសា​អង់គ្លេស គឺ Pyeongchang តែ​ពេល​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ដាក់សំណើ​ធ្វើ​ម្ចាស់ផ្ទះ ក៏​ប្ដូរ​ទៅជា PyeongChang វិញ​។ ការណ៍​ដែល​តួអក្សរ C ត្រូវ​សរសេរ​ធំ​បែបនេះ​នេះ មាន​គោលដៅ​បញ្ចៀស​ការច្រឡំ​ទៅនឹង​ទីក្រុង​ព្យុងយ៉ាង Pyongyang ដែលជា​រដ្ឋធានី​កូរ៉េខាងជើង ព្រោះ​ទីក្រុង​ទាំងពីរ​មាន​សូរ​ស្រដៀង​គ្នា​។​
 
​វត្តមាន​ប្អូនស្រី​លោក គីម ជុង​អ៊ុន​
​លោកស្រី គីម យ៉ុង​ចុង ប្អូនស្រី​បង្កើត​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បានធ្វើ​ដំណើរ​ទៅកាន់​កូរ៉េខាងត្បូង​ដើម្បី​ចូលរួម​បើក​កម្មវិធី​អូឡាំពិក​រដូវរងា​។ លោកស្រី គឺជា​សមាជិកគ្រួសារ​ត្រកូល គីម ដំបូង​គេ ដែល​ជាន់​ទឹកដី​កូរ៉េខាងជើង​ក្រោយ​ចប់​សង្គ្រាម​កូរ៉េ​នៅ​ឆ្នាំ​១៩៥៣ ។ ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​បងប្រុស លោកស្រី គីម យ៉ូ​ចុង ប្រគល់​លិខិត​អញ្ជើញលោក មូ​ន ចេ​អ៊ី​ន ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​តាម​ពេលវេលា​សមស្រប​។​
 
​អត្ត​ព​លិ​ក​កូរ៉េខាងជើង​មានសំណាង​ចូល​ប្រកួត​ដោយ​មិនបាច់​ជម្រុះ​
​ក្រោយ​ការចរចា​អន្តរ​កូរ៉េ​ក្នុង​ខែមករា កូរ៉េខាងជើង​សម្រេចចិត្ត​បញ្ជូន​អត្ត​ព​លិ​ក​២២​នាក់​ឲ្យ​ចូលរួម​ប្រកួត​អូឡាំពិក​នៅ​កូរ៉េខាងត្បូង​។ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បាន​យល់ព្រម​លើ​រឿង​នេះដែរ​។ បើតាម​សារព័ត៌មាន BBC ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំង​២២​នាក់ មានតែ​ពីរ​នាក់​ដែលមាន​សិទ្ធិ​ចូលរួម​ប្រកួត ក្រៅពីនោះ​សុទ្ធតែ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រកួត ក្រោយ​ការចរចា​ប៉ុណ្ណោះ​។ អត្ត​ព​លិ​ក​កូរ៉េខាងជើង នឹង​ប្រកួត​ក្នុង​៥​ប្រភេទ​កីឡា​។​
 
​លោក ផេ​ន និង​លោក អា​បេ អវត្តមាន​ក្នុង​ការថតរូប​រួមគ្នា​
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​អវត្តមាន​ក្នុង​កម្មវិធី​ថតរូប​រួមគ្នា​របស់​មេដឹកនាំ​ពិភពលោក​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​ព្យុង​ឆាង​។ វត្តមាន​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង គីម យ៉ុង​ណា​ម អាចជា​មូលហេតុ​ដែល​មេដឹកនាំ​អាមេរិក និង​ជប៉ុន អវត្តមាន​។ យ៉ាងណា ក្រោយ​ការថតរូប​ជុំគ្នា​រួច លោក មូ​ន ចេ​អ៊ី​ន ក៏បាន​ចេញទៅ​ស្វាគមន៍​លោក ផេ​ន និង​លោក អា​បេ តាម​ក្រោយ ព្រមទាំង​ថតរូប​តែ​បីនាក់​ប៉ុណ្ណោះ ។​
 
​ត្រាំ និង គីម ជុង​អ៊ុន បង្ហាញមុខ​ក្នុង​ព្រឹត្តិការណ៍ 
​បុរស​ពីរ​នាក់​ដែល​តែង​មុខ​ដូច​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានបង្ហាញ​មុខ​ក្នុង​កម្មវិធី​បើក​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​នៅ​រាត្រី​ថ្ងៃទី​៩ ខែកុម្ភៈ​។ មិនបាន​ប៉ុន្មាន​ផង អ្នក​ទាំងពីរ​ក៏ត្រូវ​សន្តិសុខ​ក្រៀក​ចេញពី​កន្លែង​ប្រារព្ធ​ពិធី​។ បុរស​ដែល​តែងខ្លួន​ជា​លោក គីម ជុង​អ៊ុន និយាយថា យើង​ចង់​ឲ្យ​អ្នក​រាល់គ្នា​ភ្ញាក់ផ្អើល និង​នាំ​សន្តិភាព​សម្រាប់​ពិភពលោក តែ​បែរជា​ត្រូវ​សន្តិសុខ​បណ្ដើរ​ចេញទៅ​វិញ ពិតជា​អយុត្តិធម៌​ណាស់​។​
 
​កូរ៉េ​ទាំងពីរ​ដើរ​កាន់​ទង់​តែមួយ តែ​ក្រុមកីឡា​ហុក​គី​ស្ត្រី​ចាញ់​ការប្រកួត​ដំបូង​
​ដើម្បី​បង្ហាញ​ពី​ការ​រួបរួមគ្នា អត្ត​ពលិកម​ក​ពី​កូរ៉េ​ទាំង​ពីរបាន​ដើរ​ក្នុង​ក្បួន​តែមួយ ក្រោម​កាន់​ទង់​កូរ៉េ​តែមួយ​ក្នុង​ថ្ងៃ​បើក​ព្រឹត្តិការណ៍ ដែល​ទទួល​បានការ​សាទរ​ខ្លាំង​។ ប៉ុន្តែ​ក្រុមកីឡា​ហុក​គី​ស្ត្រី​កូរ៉េ បាន​ប្រកួត​ចាញ់​ក្រុម​ស្វ៊ី​ស ៨-០ ក្នុងការ​ប្រកួត​លើកដំបូង​របស់ខ្លួន​។ នេះ​ជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​កូរ៉េ​ទាំងពីរ​បង្កើត​ក្រុម​រួមគ្នា​លើ​កីឡា​ហុក​គី​ផ្នែក​ស្ត្រី​។ មេដឹកនាំ​កូរ៉េ​ទាំង​ពីរបាន​ទស្សនាការ​ប្រកួត​នេះដែរ​។​
 
​មេដាយមាស​ទីមួយ​បាន​ទៅ​អត្ត​ព​លិ​ក​ស៊ុយអែត​
​កីឡាការិនី​ស៊ុយអែត Charlotte Kalla គឺជា​ម្ចាស់​មេដាយមាស​ទីមួយ​នៃ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨ នេះ​។ អត្ត​ព​លិ​កវ័យ​៣៧​ឆ្នាំ​បាន​ផ្ដួល​កីឡាការិនី​ន័​រ​វ៉េ​ស Marit Bjorgen ក្នុង​ប្រភេទ​វិញ្ញាសា Skiathlon ក្នុងការ​ប្រកួត​ដែល​ធ្វើ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ នៅឯ​ទីក្រុង​ព្យុង​ឆាង​។​
 
​មាន​ករណី​វាយប្រហារ​តាម​អន​ឡាញ​នៅ​ថ្ងៃ​បើក​ព្រឹត្តិការណ៍​
​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​អូឡាំពិក​ទីក្រុង​ព្រុង​ឆាង នៅ​ថ្ងៃទី​១១ ខែកុម្ភៈ អះអាងថា មាន​ករណី​វាយប្រហារ​អន​ឡាញ​នៅ​ថ្ងៃ​បើក​ព្រឹត្តិការណ៍ ដោយ​បង្ក​ការរអាក់រអួល​ដល់​ប​ណ្ដា​ញ​អ៊ីនធឺណិត និង​ការផ្សាយ​តាម​ទូរទស្សន៍​។ ការវាយប្រហារ​នេះ​មិន​ប៉ះពាល់​ដល់​ព្រឹត្តិការណ៍​ទាំងមូល​ឡើយ ហើយ​បញ្ហា​ក៏បាន​ដោះស្រាយ​រួចហើយ​ដែរ​។ យ៉ាងណាមិញ គណៈកម្មាធិការ​រៀបចំ​មិនបាន​បញ្ចេញ​ប្រភព​នៃ​ការវាយប្រហារ​នេះឡើយ​។​
 
Samsung ចែក​ទូរ​សព្ទ Note 8 ដល់​អត្ត​ព​លិ​ក​និង​មន្ត្រី​
​ក្រុមហ៊ុន​ទូរ​សព្ទ​កូរ៉េខាងត្បូង Samsung ដែលជា​អ្នក​ឧបត្ថម្ភ​ធំ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០១៨ បានផ្ដល់​ទូរ​សព្ទ Note 8 ស៊េរី​ពិសេស​ចំនួន​៤​ពាន់​គ្រឿង​ទៅ​ឲ្យ​អត្ត​ព​លិ​ក និង​មន្ត្រី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ទាំងអស់ ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ប៉ុន្តែ​អត្ត​ព​លិ​ក​កូរ៉េខាងជើង គ្មាន​ឈ្មោះ​ទទួល​ទូរ​សព្ទ​ឡើយ ព្រោះ​ជាប់​ពាក់ព័ន្ធ​ការដាក់ទណ្ឌកម្ម​របស់​អន្តរជាតិ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com