កីឡាជាតិ
ជាតិ
អ្នកជំនាញ​៖ ការហ្វឹកហាត់​កាយសម្បទា​មាន​ឧបករណ៍​ជំនួយ​ជោគជ័យ​ជាង​ការហ្វឹកហាត់​ធម្មតា​
11, Feb 2018 , 3:33 pm        
រូបភាព
ដោយ:
​គ្រូបង្វឹក​ជនជាតិ​ថៃ​ជំនាញ​ខាង​ផ្នែក​កាយសម្បទា លោក Kamonchai Rattanadechakul ដែលមាន​បទពិសោធ​បង្វឹក​ជាង​១០​ឆ្នាំ​បាន​អះអាងថា ការហ្វឹកហាត់​កាយសម្បទា​មានប្រើ​ប្រាស់​ឧបករណ៍​ជំនួយ​មាន​លក្ខណៈ​ប្រសើរ​ជាង​ការហ្វឹកហាត់​គ្មាន​ប្រើប្រាស់​ឧបករណ៍​។ ការអះអាង​បែបនេះ ធ្វើឡើង​ពេល​លោក​ចែករំលែក​បទពិសោធ​ពី​របៀប​ហ្វឹកហាត់​ដោយ​ប្រើ​ឧបករណ៍​ដល់​យុវជន​និង​គ្រូបង្វឹក​កាលពី​ថ្ងៃទី​១០ កុម្ភៈ នៅ​តារាង​បាល់ទាត់​ប្ល៊ូ​ស្ព​ត​(Blue Sports)​។​

 
​ការហ្វឹកហាត់​បាត់​ទាត់​ផ្នែក​កាយសម្បទា​ដោយមាន​ប្រើ​ឧបករណ៍​ជំនួយ នឹង​ជួយ​ឲ្យ​កីឡាករ​មាន​កាយសម្បទា​រឹងមាំ មាន​ល្បឿន​លឿន  អំណត់ និងរ​ហ័សរ​ហួន​។ នេះ​ជាការ​អះអាង​របស់​អ្នកជំនាញ​ជនជាតិ​ថៃ គឺ​លោក Kamonchai Rattanadechakul ដែលមាន​បទពិសោធ​បង្វឹក​១៥​ឆ្នាំ​ខាង​ផ្នែក​កាយសម្បទា​។​
 
«​ប្រាកដ​ណាស់​ការហ្វឹកហាត់​មូលដ្ឋាន​ដំបូង​យើង​ចាប់ផ្តើម​ជាមួយ​ដោយ​គ្មាន​ឧបករណ៍​ជំនួយ​ក៏​យើង​ធ្វើបាន តែ​ប្រសិនបើ​យើង​ហ្វឹកហាត់​ដោយមាន​ឧបករណ៍​ជំនួយ វា​នឹងធ្វើ​ឲ្យ​យើង​កាន់តែខ្លាំង​និង​ជោគជ័យ​ជាង​មុន​។ ឧទាហរណ៍ ឧបករណ៍​ខ្សែក្រវាត់​យឺត ប្រសិនបើ​យើង​រត់​ធម្មតា​មានន័យថា​យើង​ប្រើ​កាយសម្បទាទាំង​ស្រុង តែបើ​មាន​ឧបករណ៍​នេះ​វា​ជួយ​ទាញ​យើង​កាន់តែ​តឹង នឹងធ្វើឲ្យ​រត់កាន់តែលឿន និងរ​ហ័យរ​ហួន​ជាមុន​»​។ នេះ​ជាការ​បញ្ជាក់​របស់​គ្រូ​ជំនាញ​កាយសម្បទា​ខាងលើ​។  
 
​លោក​បាន​បន្ថែមថា​៖«​យើង​ដឹង​ហើយ​ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ការហ្វឹកហាត់​ផ្នែក​កាយសម្បទា​តែងតែមាន​លក្ខណៈខុសៗ​គ្នា​។ អ្វីដែល​ល្អ​យើង​គួរតែ​ណែនាំ​កីឡាករ​យើង​ពី​របៀប​ហ្វឹកហាត់​ថ្មី​ដល់​ពួកគេ បច្ចុប្បន្ន​មាន​ឧបករណ៍​ទំនើបៗ​ដែល​អាចជួយ​ជំរុញ​ដល់​ការហ្វឹកហាត់​របស់​កីឡាករ ដែល​អាច​ទទួលបាន​ជោគជ័យ​ឆាប់រ​ហ័យ និង​ប្រសើរ​ជាង​មុន​»​។​
 
​នា​ពិធី​ចែករំលែក​បទពិសោធ​ពី​របៀប​កំដៅ​សាច់ដុំ​ត្រៀម​មុន​ការប្រកួត​និង​អំឡុង​ការប្រកួត​នៅ​ទីលាន​ប្ល៊ូ​ស្ព​ត​កាលពី​ព្រឹក​ថ្ងៃទី​១០ កុម្ភៈ គ្រូ​កាយសម្បទា​របស់ Fitness Innovations Limited រូបនេះ​បាន​និយាយថា បណ្តា​ក្លិប​ល្បីៗ​នៅ​ប្រទេស​ថៃ និង​លើ​ពិភពលោក​ក៏​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ក្នុងការ​ហ្វឹកហាត់​ដែរ​។ លោក​ជឿជាក់ថា ប្រសិន​បើតាម​បណ្តា​ក្លិប​នៅ​កម្ពុជា​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ដល់​ការហ្វឹកហាត់ នឹង​ទទួលបាន​ទម្រង់​លេង​ដ៏​ប្លែក​មួយ​ជាក់​ជាមិនខាន​៕      











Tag:
 បាល់ទាត់​
  Kamonchai Rattanadechakul
© រក្សាសិទ្ធិដោយ thmeythmey.com