ជាតិ
នយោបាយជាតិ
មានតែបក្សប្រជាជនទេ ដែលធ្វើយុទ្ធនាការរកសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា រៀបចំពិធីបើកយុទ្ធនាការឃោសនារកសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤។ រូបភាពពីគណនីហ្វេសបុក Heng Sour
× ភ្នំពេញ៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ ដែលប្រព្រឹត្តទៅអស់រយៈពេលពីរ-បីថ្ងៃមកនេះ ហាក់មានភាពស្ងៀមស្ងាត់។ គេ សង្កេតឃើញថា ការឃោសនានេះ មិនសូវអធិកអធម និងមិនសូវឮសំឡេងកងរំពងតាមឧគ្ឃោសនសព្ទ លើដងផ្លូវប៉ុន្មានទេ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) វាយតម្លៃថា ការឃោសនានេះ ប្រព្រឹត្តទៅដោយស្ថិរភាព និងគ្មានអំពើហិង្សា។ បើតាម គ.ជ.ប មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលដង្ហែក្បួនឃោសនាទ្រង់ទ្រាយធំ នៅខេត្តស្វាយរៀង ដោយមានអ្នកចូលរួមជាង៥០០នាក់។
គ.ជ.ប អះអាងថា គណបក្សហ្វ៊ុនស៊ិនប៉ិច បានត្រឹមតែប្រជុំផ្សព្វផ្សាយគោលនយោបាយ នៅតាមទីស្នាក់ការគណបក្សរបស់ខ្លួនមួយចំនួនប៉ុណ្ណោះ។ ឯគណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា នៅពុំទាន់ធ្វើសកម្មភាពអ្វីឡើយ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានគណបក្ស៤ បានចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសាកល។ ដូច្នេះ អ្នកមានសិទ្ធិបោះឆ្នោត (អង្គបោះឆ្នោត) គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រ ឯប្រជាពលរដ្ឋទូទៅ មិនអាចចូលរួមក្នុងការបោះឆ្នោតនេះឡើយ។ អង្គបោះឆ្នោត សម្រាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងអាណត្តិនេះ មានជាង១ម៉ឺនាក់។
គណបក្សប្រជាជនកម្ពុជា មានអង្គបោះឆ្នោត ច្រើនជាងគេ។ ដូច្នេះ គេ សន្និដ្ឋានថា គណបក្សកាន់អំណាចនេះ នឹងទទួលបានសំឡេងឆ្នោតច្រើនជាងគេ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
បច្ចុប្បន្ន គណបក្ស ដែលកំពុងកាន់កាប់អាសនៈក្នុងព្រឹទ្ធសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ដែលពីមុនមានឈ្មោះថា គណបក្ស សម រង្ស៊ី។ ប៉ុន្តែ គណបក្សភ្លើងទៀន ដែលបង្កើតឡើងដោយលោក សម រង្ស៊ី មិនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាអាណត្តិទី៤នេះ ឡើយ៕
Tag:
ឃោសនា
បោះឆ្នោត
ព្រឹទ្ធសភា
គជប
© រក្សាសិទ្ធិដោយ thmeythmey.com