អន្តរជាតិ
គុយ​វ៉ែត​ដឹកនាំ​សន្និសីទ​អន្តរជាតិ​ដើម្បី​គៀងគរ​លុយ​កសាង​អ៊ីរ៉ាក់​ឡើងវិញ​
12, Feb 2018 , 9:19 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ សន្និសីទ​អន្តរជាតិ​ស្ដីពី​ការកសាង​អ៊ីរ៉ាក់ បានចាប់ផ្ដើម​នៅឯ​គុយ​វ៉ែត​។ សន្និសីទ​អន្តរជាតិ​នេះ​មាន​គោលដៅ​គៀងគរ​ទឹកប្រាក់​ដើម្បី​អភិវឌ្ឍ​អ៊ីរ៉ាក់​ឡើងវិញ ក្រោយ​ខ្ទេចខ្ទី​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​របស់​អាមេរិក និង​ជម្លោះ​ក្នុងស្រុក​។ បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន និង​អង្គការ​អន្តរជាតិ​ធំៗ​បាន​ចូលរួម​ក្នុង​សន្និសីទ​នេះ ខណៈ​អ៊ីរ៉ាក់​នឹងដាក់​បង្ហាញ​គម្រោង​អាទិភាព និង​សក្តានុពល​របស់ខ្លួន​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​។​

​ក្រោយ​ការបាក់​ទ័ព​របស់​សកម្ម​ជន​ក្រុម​រដ្ឋ​ឥស្លាម ពេលវេលា​សាងសង់​អ៊ីរ៉ាក់​ឡើងវិញ​បានចាប់ផ្ដើម​។ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ គុយ​វ៉ែត បាន​ដឹកនាំ​សន្និសីទ​អន្តរជាតិ​ដ៏​ធំ​មួយ ដែល​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ ដើម្បី​ប្រមូល​ទឹកប្រាក់​ដើម្បី​កសាង​អ៊ីរ៉ាក់​ដែល​ខ្ទេចខ្ទាំ​។ សន្និសីទ​អន្តរជាតិ​នេះ​មាន​អ៊ីរ៉ាក់ អឺរ៉ុប ធនាគារពិភពលោក និង​អង្គការសហប្រជាជាតិ ជា​សហប្រធាន និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ជាមួយនឹង​ការប្រកាស​ពី​ទឹកប្រាក់​ដែល​ប្រមូលបាន​។​

​តាមរយៈ​សន្និសីទ​នេះ ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​មកពី​ជុំវិញ​ពិភពលោក ប្រទេស​ក្នុង​តំបន់ អង្គការ​អន្តរជាតិ​នានា នឹង​ពិភាក្សា​លើ​ការគៀងគរ​ថវិកា​សម្រាប់​អ៊ីរ៉ាក់​ដូចជា​គម្រោង​អភិវឌ្ឍ និង​ការទាក់ទាញ​ក្រុមហ៊ុន​បរទេស​។ សន្និសីទ​នេះ​នឹង​ផ្ដោតលើ​អូសទាញ​ក្រុមហ៊ុន​ឯកជន​ឲ្យ​ចូលរួម​ក្នុងការ​សាងសង់​អ៊ីរ៉ាក់​ផងដែរ​។ ធនាគារពិភពលោក​នឹង​ផ្ដល់​ការធានា​ពី​ការចាំបាច់​នានា​សម្រាប់​ការវិនិយោគ​ដល់​ក្រុមហ៊ុន​ទាំងនោះ​។​

​បើតាម​សារព័ត៌មាន​គុយ​វ៉ែត Arab Times ប្រតិភូ​អ៊ីរ៉ាក់​មាន​របៀបវារៈ​អា​ទិ​ភាព​ចំនួន​បី គឺ​ការសាងសង់​ឡើងវិញ និង​ការវិនិយោគ ការគាំទ្រ​ស្ថិរភាព​ក្នុងប្រទេស និង​ជំរុញ​ការរួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ក្នុងចំណោម​សហគមន៍​ផ្សេងគ្នា​របស់​អ៊ីរ៉ាក់​។ ការដកថយ​របស់​ក្រុម​រដ្ឋ​ឥស្លាម ក្លាយជា​ឱកាស​សម្រាប់​ការកសាង​ប្រទេស​ឡើងវិញ ខណៈដែល​ប្រជាជន​អ៊ីរ៉ាក់​ផ្ទាល់​កំពុង​ទន្ទឹង​ចាំ​ជំនួយ​របស់​អន្តរជាតិ​ដើម្បី​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​សម្រាប់​ពង្រឹង​សេដ្ឋកិច្ច​។​

​នៅ​ថ្ងៃ​ទីមួយ សន្និសីទ​នេះ​នឹង​ពិភាក្សា​វាយតម្លៃ​ការខូចខាត​ដោយសារ​សង្គ្រាម និង​បញ្ហា​ត្រូវ​ដោះស្រាយ ក៏ដូចជា​គម្រោង​នានា​ដែល​គាំទ្រ​ស្ថិរភាព និង​ការផ្សះផ្សា​ជាតិ​។ ថ្ងៃទី​ពីរ ប្រទេស និង​អង្គការ​ទាំងឡាយ នឹង​ជជែក​លើ​ដំណើការ​បង្កើត​បរិយាកាស​ស្ថិរភាព​សម្រាប់​ការវិនិយោគ ជាពិសេស​ការបង្ហាញ​គ​ម្រោ​ង​ចំនួន​២១២ ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​អ៊ីរ៉ាក់​។ ឯ​ថ្ងៃ​ចុងក្រោយ សហប្រធាន​សន្និសីទ​នឹង​ប្រកាស​ពី​ចំនួន​ទឹកប្រាក់​ដែល​ប្រមូលបាន​។​

​ក្រុង​បា​ក់ដាត​សង្ឃឹមថា ខ្លួន​នឹង​ប្រមូល​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ពី​សន្និសីទ​នេះ ទាំង​ក្រោម​ក្របខណ្ឌ​ជំនួយ និង​ការវិនិយោគ​ពី​បរទេស​នេះ​។ ដើម្បី​សាងសង់​ប្រទេស​ឡើងវិញ អ៊ីរ៉ាក់​ពិតជា​ត្រូវការ​ទឹកប្រាក់​ច្រើន ដ្បិត​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​បំផ្លាញ​ក្នុង​សង្គ្រាម​របស់​អាមេរិក និង​បន្ត​មក​ក្នុង​យុទ្ធនាការ​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​។ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ Haider al-Abadi ធ្លាប់​និយាយថា អ៊ីរ៉ាក់​ត្រូវការ​ទឹកប្រាក់​ដល់​ទៅ​១០០​ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ប្រទេស​ឡើងវិញ​៕


Tag:
 គុយ​វ៉ែត​
  អ៊ីរ៉ាក់​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com