អន្តរជាតិ
ហ្វីលីពីន​សម្លឹង​ឃើញ​អាវុធ​រុស្ស៊ី​និង​ចិន ក្រោយ​លែង​ទិញ​ឧទ្ធម្ភាគចក្រ​កាណាដា​
12, Feb 2018 , 5:07 pm        
រូបភាព
ឧទ្ធម្ភាគចក្រធុន Bell 412 (រូបភាព៖ Xinhua)
ឧទ្ធម្ភាគចក្រធុន Bell 412 (រូបភាព៖ Xinhua)
​កាលពី​ចុង​សប្ដាហ៍​មុន ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាស​លុបចោល​កិច្ចព្រមព្រៀង​ទិញ​ឧទ្ធម្ភាគចក្រ​ពី​កាណាដា បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​សម្រេចចិត្ត​ត្រួតពិនិត្យ​សំណុំរឿង​រំលោភសិទ្ធិ​មនុស្ស​របស់​លោក ឌូ​ទើ​តេ ។ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Delfin Lorenzana និយាយថា ហ្វីលីពីន​នឹង​ទិញ​ឧទ្ធម្ភាគចក្រ​ប្រទេស​ផ្សេង​ដើម្បី​ប្រើ​ជំនួស​ផលិតផល​របស់​កាណាដា​។​



​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Delfin Lorenzana នៅ​ថ្ងៃទី​១២ ខែកុម្ភៈ និយាយថា ក្រសួង​របស់លោក​កំពុង​រៀបចំ​លិខិត​លុបចោល​កិច្ចព្រមព្រៀង​ទិញ​ឧទ្ធម្ភាគចក្រ​ពី​កាណាដា ក្រោយ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ចេញ​បញ្ជា​ឲ្យ​លុបចោល​នោះ​។ កិច្ចព្រមព្រៀង​ទិញ​ឧទ្ធម្ភាគចក្រ​ចំនួន​១៦​គ្រឿង តម្លៃ​២៣៥​លាន​ដុល្លារ ត្រូវ​លោក ឌូ​ទើ​តេ ប្រកាស​លុបចោល ក្រោយ​ខឹងសម្បារ​នឹង​ការសម្រេចចិត្ត​របស់​កា​ណា​ដា​ក្នុងការ​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន​។​

​នៅពេលនេះ ក្រសួងការពារជាតិ​ហ្វីលីពីន​កំពុង​ស្វែងរក​ឧទ្ធម្ភាគចក្រ​ថ្មី​ពី​ប្រទេស​ផ្សេង​ដើម្បី​ប្រើប្រាស់​ជំនួស​វិញ​។ បើតាម​សារព័ត៌មាន Rappler លោក Lorenzana បញ្ជាក់ថា ហ្វីលីពីន​សម្លឹង​ឃើញ​ឧទ្ធម្ភាគចក្រ​ធុន​មធ្យម​របស់​រុស្ស៊ី ចិន កូរ៉េខាងត្បូង និង​តួ​ក​គី​។ រដ្ឋមន្ត្រី​រូបនេះ​អះអាង​ដែរ​ថា ការលុបចោល​កិច្ចព្រមព្រៀង​ជាមួយ​កាណាដា ប៉ះពាល់​ទំនើបកម្ម​យោធា ព្រោះ​ត្រូវ​ចំណាយពេល​រក​ផលិតផល​ថ្មី​។​

​តាមពិតទៅ កិច្ចព្រមព្រៀង​ទិញ​ឧទ្ធម្ភាគចក្រ​ចំនួន​១៦​គ្រឿង​នោះ ត្រូវបាន​រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា និង​ក្រុង​ម៉ានីល​ឯកភាព​កាលពី​សប្ដាហ៍​មុន​។ ប៉ុន្តែ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ចា​ស្ទី​ន ទ្រូ​ដូ បែរជា​ប្រកាស​ពិនិត្យ​កិច្ចព្រមព្រៀង​នេះ​សិន​ព្រោះ​ពាក់ព័ន្ធ​ករណី​រំលោភសិទ្ធិ​មនុស្ស​របស់​លោក ឌូ​ទើ​តេ ដែល​កំពុង​រង​បណ្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។ ក្រុមហ៊ុន Bell Helicopter និយាយថា ឧទ្ធម្ភាគចក្រ​នេះ នឹងត្រូវ​ប្រើ​ក្នុង​គោលដៅ​មនុស្សធម៌ និង​ដឹកជញ្ជូន​ប៉ុណ្ណោះ​។​

​យ៉ាងណាមិញ ក្រុង​ម៉ានីល លើកឡើងថា ឧទ្ធម្ភាគចក្រ​នេះ​អាច​ប្រើប្រាស់​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម ខណៈដែល​យោធា​ហ្វីលីពីន​កំពុង​ធ្វើ​យុទ្ធនាការ​បោសសម្អាត​ក្រុម​ឧទ្ទាម​កុម្មុយនីស្ត និង​ក្រុម​ភេរវ​ករ​នៅ​ភាគខាងត្បូង​ប្រទេស​។ ត្រង់ចំណុច​នេះ លោក ឌូ​ទើ​តេ បញ្ជាក់ថា ការប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ក្នុង​ប្រតិបត្តិការ​យោធា ជា​រឿង​មិនអាច​ចៀស​បានឡើយ ព្រោះ​លោក​ត្រូវការ​វា​ដើម្បី​កម្ទេច​ក្រុម​ជ្រុលនិយម​។​

​នៅពេល​ប្រកាស​លុបចោល​កិច្ចព្រមព្រៀង លោក ឌូ​ទើ​តេ បានចាត់ទុក​ការសម្រេចចិត្ត​របស់លោក ទ្រូ​ដូ ជាការ​បំពាន​កិច្ចការ​ផ្ទៃក្នុង​របស់​ហ្វីលីពីន ហើយក៏​បញ្ជា​ឲ្យ​ឈប់​ទិញ​អាវុធ​ទៅទៀត​។ «​ឈប់​ទិញ​អាវុធ​ពី​កាណាដា និង​អាមេរិក​ទៀត ព្រោះ​តែងតែមាន​លក្ខខណ្ឌ​ជាប់​ជានិច្ច​។ ប្រសិនបើ​មិនអាច​ប្រើ​កម្ទេច​ភេរវ​ករ​បាន ខ្ញុំ​មានតែ​ប្រគល់​រដ្ឋាភិបាល​ទៅ​ឲ្យ​ពួកគេ​»​។ នេះ​ជាស​ម្ដី​បង្គាប់ បែប​មិន​ពេញចិត្ត​របស់​ប្រធានាធិបតី​ហ្វីលីពីន​៕

Tag:
 ហ្វីលីពីន​
  អាមេរិក​
  កាណាដា​
  រុស្ស៊ី​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com