ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប៉េងប៉ោះមានអត្ថប្រយោជន៍ចំពោះសុខភាពដល់ម្លឹងផង!!!
× ផ្លែប៉េងប៉ោះផ្ទុកទៅដោយសារធាតុមួយឈ្មោះថា Lycopene ដែលវាជាអ្នកផ្តល់ពណ៌ក្រហមស្រស់ដល់ផ្លែមួយនេះ ហើយក៏ជួយការពារផ្លែរបស់វាពីកាំរស្មីយូវីរបស់ពន្លឺព្រះអាទិត្យដែរ។ ដូចគ្នានេះដែរ វាអាចជួយការពារកោសិការាងកាយអ្នកពីការខូចខាតបានដែរ។ ផ្លែប៉េងប៉ោះក៏មានជាតិប៉ូតាស្យូម វីតាមីន B និង E និងជីវជាតិផ្សេងៗទៀតដែរ។
ប្រព័ន្ធភាពស៊ាំ
សារធាតុ Lycopene គឺជាអង់ទីអុកស៊ីដង់មួយប្រភេទដែលអាចប្រឆាំងនឹងការម៉ូលេគុលរ៉ាឌីកាលសេរីបាន ដែលម៉ូលេគុលមួយនេះអាចបំផ្លាញដល់កោសិកា និងប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំថែមទៀត។ ដោយសារតែរឿងនេះហើយ អាហារដែលមានសារធាតុ Lycopene ខ្ពស់ដូចជាប៉េងប៉ោះ ប្រហែលជាធ្វើឲ្យអ្នកមិនសូវជាមានជំងឺមហារីកសួត ក្រពះ ឬក្រពេញប្រូស្តាតឡើយ។ ការស្រាវជ្រាវខ្លះបង្ហាញថា វាប្រហែលជាជួយបង្ការជំងឺជាច្រើនទៀតដែរ។
បេះដូង
សារធាតុ Lycopene ក៏ប្រហែលជាជួយបន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ ព្រមទាំងសម្ពាធឈាមផងដែរ។ កាលណារឿងទាំងពីរនេះថយចុះ វានឹងល្អចំពោះសុខភាពបេះដូង។ ជីវជាតិផ្សេងៗទៀតក្នុងប៉េងប៉ោះដូចជាវីតាមីន B និង E ក៏ប្រហែលជាជួយបង្កើនសុខភាពបេះដូងដែរ។
ភ្នែក
ប៉េងប៉ោះមានសារធាតុជាច្រើនទៀតដូចជា Lutein និង Zeaxanthin ដែលអាចជួយការពារភ្នែកពីពន្លឺពណ៌ខៀវចេញពីឧបករណ៍ឌីជីថលបានដូចជា ទូរស័ព្ទឆ្លាតវៃ និងកុំព្យូទ័រជាដើម។
សួត
ការសិក្សាមួយចំនួនបានបង្ហាញថា ប៉េងប៉ោះប្រហែលជាមានប្រយោជន៍សម្រាប់អ្នកដែលមានជំងឺហឺត និងជួយបង្ការជំងឺខ្យល់ក្នុងទងសួតទៀតផង។ រឿងនេះអាចដោយសារតែសារធាតុ Lycopene, Lutein, និង Zeaxanthin។
សរសៃឈាម
ការដែលញ៉ាំប៉េងប៉ោះកាន់តែច្រើនពីរបបអាហារប្រហែលជាធ្វើឲ្យអ្នកមិនសូវមានជំងឺដាច់សរសៃឈាមខួរក្បាលទេ។ ការសិក្សាបានបញ្ជាក់ថា វាប្រហែលជាជួយលុបបំបាត់ការរលាក បង្កើនមុខងារប្រព័ន្ធភាពស៊ាំ បន្ថយកូឡេស្តេរ៉ុល និងការពារកុំឲ្យមានកំណកឈាម ដែលវាសុទ្ធសឹងតែជួយបង្ការជំងឺដាច់សរសៃឈាមខួរក្បាលបានទាំងអស់។
សុខភាពមាត់
ការសិក្សាបានបង្ហាញថា សារធាតុ Lycopene ប្រហែលជាជួយដល់ជំងឺអញ្ចាញធ្មេញ រលាកអញ្ចាញធ្មេញ និងរលាកជុំវិញធ្មេញ ដូចគ្នានឹងការបង្ការជំងឺមហារីកដែរ។ ប៉ុន្តែការដែលញ៉ាំប៉េងប៉ោះឆៅច្រើនអាចបំផ្លាញដល់ស្រទាប់ការពារធ្មេញបាន។
ស្បែក
អ្នកស្គាល់ហើយថា មួក និងក្រែមការពារកម្តៅព្រះអាទិត្យអាចជួយការពារស្បែកពីពន្លឺព្រះអាទិត្យបាន។ មែនហើយសារធាតុ Lycopene ក្នុងប៉េងប៉ោះប្រហែលជាធ្វើការដូចគ្នាអញ្ចឹងដែរ។ ប៉ុន្តែមិនបាច់យកវាមកលាបស្បែកទេ គឺវាជួយកោសិកាពីខាងក្នុងទៅវិញ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com