អន្តរជាតិ
កូនប្រសា​ស្រី​របស់លោក​ប្រធានាធិបតី ត្រាំ ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ បន្ទាប់ពី​បើក​សំបុត្រ​មួយច្បាប់​ដែលមាន​ផ្ទុក​ម្សៅ​ស​មួយ​ប្រភេទ​
13, Feb 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​លោកស្រី Vanessa Trump ដែលជា​ភរិយា​របស់លោក Donald Trump, Jr. ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ដើម្បី​ជាការ​ប្រុងប្រយ័ត្ន បន្ទាប់ពី​បើក​លិខិត​មួយច្បាប់​ដែលមាន​ផ្ទុក​ម្សៅ​ពណ៌​ស ដែល​គេ​មិនអាច​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ​។ នេះ​បើ​យោងតាម​ប៉ូលិស​អាមេរិក​។​



​ការធ្វើ​តេស្ត​បឋម​បង្ហាញថា សារធាតុ​នោះ​មិនមាន​គ្រោះថ្នាក់​នោះទេ​។ ក្រុមមន្ត្រី​និយាយថា កូនស្រី​ប្រសា​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បើក​សំបុត្រ​មួយច្បាប់ ដែល​ផ្ញើជូន​លោក Donald Trump, Jr. កាលពី​ព្រឹក​ថ្ងៃ​ចន្ទ នៅឯ apartment របស់​ពួកគេ​ក្នុង​ទីក្រុង ញូវយ៉ក​។

​ប៉ូលិស​និយាយថា លោកស្រី​មាន​អារម្មណ៍​ថា​ឈឺ បន្ទាប់ពី​បើក​មើលសំបុត្រ​នោះ​រួចហើយ និង​បាន​ទូរស័ព្ទ​ទៅ​លេខ​សង្គ្រោះបន្ទាន់ ៩១១ ដោយ​លោក​អ្នកស្រី​បញ្ជាក់ថា លោកស្រី​មាន​អាកា​រៈ​ក្អក​និង​កល​រក​ក្អួត​។​

​ក្រុមមន្ត្រី​និយាយថា ក្រុមការងារ​កម្ចាត់​សារធាតុពុល​បាន​ទៅកាន់ apartment ដែល​ស្ថិតនៅ​កណ្តាល​សង្កាត់ Manhattan នោះ​។​

​អាជ្ញាធរ​អាមេរិក​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ឥ​វ៉ាន់​ផ្ញើ​តាម​ប៉ុស្តិ៍​ប្រៃសណីយ៍​ដែលមាន​ផ្ទុក​ម្សៅ​ពណ៌​ស​តាំងពី​ឆ្នាំ​២០០១​មកម្ល៉េះ នៅពេលដែល​សំបុត្រ​មួយចំនួន​មាន​ផ្ទុក​ដោយ​សារធាតុពុល ត្រូវបាន​បញ្ជូន​ទៅកាន់​សមាជិក​រដ្ឋសភា​អាមេរិក​និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com